ស្ត្រី​ឥណ្ឌា ៥០០០ នាក់​ដេក​ឱ្យ “​អាចារ្យ​” វាយ​នឹង​ខ្សែតី​ដើម្បី​បណ្តេញ​ព្រលឹង​ខ្មោច ឬ ព្យាបាល​ជំងឺ​

1325
ចែករម្លែក

​វីដេអូ​មួយ​បានបង្ហាញ​ស្ត្រី​រាប់ពាន់នាក់​កំពុង​ដេក​ឱ្យគេ​វាយ​នឹង​ខ្សែតី​ដើម្បី​បណ្តេញ​ព្រលឹង​ខ្មោច​ចេញពី​ខ្លួន​ពួកគេ​នៅក្នុង​ពិធីបុណ្យ​ដ៏​ឃោរឃៅ​នៅក្នុង​ភូមិ​ឥណ្ឌា​ដាច់ស្រយាល​មួយ​។​

​ក្រុម​ស្ត្រី​និង​ក្មេងស្រី​ជំទង់​បាន​លុតជង្គង់​ទន្ទឹមគ្នា​ជា​ជួរ​ដ៏​វែង ហើយ​រង់ចាំ​ឱ្យ​ពួក​អាចារ្យ​វាយ​នឹង​ខ្សែតី​នៅក្នុង​ពិធីបុណ្យ​វី​ចា​យ៉ា​ដា​សាមី (Vijayadashami) ដែល​ប្រារព្ធ​ធ្វើឡើង​ម្តង​ក្នុង​មួយឆ្នាំ​នៅ​រដ្ឋ​តា​ម៉ិ​ល​ណា​ឌូ ភាគខាងត្បូង​ប្រទេស​ឥណ្ឌា​។​

​វីដេអូ​បានបង្ហាញ​ពី​របៀប​ដែល​ស្ត្រី​ទាំងនោះ​ត្រូវបាន​វាយ​ម្នាក់​ម្តងៗ​រហូត​ទាល់តែ​ពួកនាង​ទ្រាំ​នឹង​ការឈឺចាប់​លែង​បាន​។​

​ពិធីបុណ្យ​នេះ​ធ្វើឡើង​នៅ​ព្រះវិហារ​បុរាណ ស្រី​អា​ចាប​ផាន (Sri Achappan) នៅ​ភូមិ​បា​វី​ត្រា​ម វែ​ល​ឡា​ឡា​ផាត់​ទី (Bavithram Vellalapatti) ស្ថិតនៅ​ព្រំដែន​រវាង​ស្រុក​ទី​រូ​ជី​និង​ស្រុក​ណា​ម៉ាក់​កាល់​នៃ​រដ្ឋ​តា​ម៉ិ​ល​ណា​ឌូ​។​

​ពួក​អ្នកស្ម័គ្រចិត្ត​ដែល​គេ​ហៅថា “​អ្នកស្វែងរក​ការសង្គ្រោះ​” ដើម្បី​ឱ្យគេ​វាយ​នឹង​ខ្សែតី គឺ​ព្រួយបារម្ភ​ថា ពួកគេ​ត្រូវបាន​ព្រលឹង​ខ្មោច​សណ្ឋិត ហើយ​អ្នក​ខ្លះទៀត​ជឿថា ពិធីបុណ្យ​នេះ​នឹង​ជួយ​ព្យាបាល​ជំងឺ​។ ពួក​អាចារ្យ​ស្លៀកពាក់​ប្រពៃណី​បន្ទាប់មក​អនុវត្ត​ពិធីបុណ្យ​ដោយ​វាយ​នឹង​ខ្សែតី​និង​រំពាត់ផ្តៅ​។​

​ស្ត្រី​អាយុ ៦០ ឆ្នាំ ឈ្មោះ ឆែ​ល​លី បាន​អះអាងថា “​វាយ​មួយ​ខ្សែតី​អាច​ព្យាបាល​ជំងឺ និង​បណ្តេញ​ព្រលឹង​ខ្មោច​”​។​

​ក្មេងស្រី​អាយុ ១៤ ឆ្នាំ​ម្នាក់​ដែល​មក​ស្ម័គ្រចិត្ត​ឱ្យគេ​វាយ​ដែរនោះ គឺមាន​បញ្ហា​មក​រដូវ​មិន​ទៀងទាត់ ហើយ​គិតថា ពិធីបុណ្យ​នេះ​អាចជួយ​ព្យាបាល​បញ្ហា​របស់​នាង​បាន​។​

​ក្នុងករណី​មួយទៀត ស្ត្រី​ទើបតែ​រៀបការ​ម្នាក់​ត្រូវបាន​វាយ​នឹង​រំពាត់ ដោយសារ​សាច់ថ្លៃ​របស់​នាង​គិតថា នាង​ត្រូវបាន​វិញ្ញាណ​ខ្មោច​សណ្ឋិត ហើយ​វិញ្ញាណ​នោះ​នឹងមិន​នាំ​សំណាង​ចូល​ផ្ទះ​ថ្មី​របស់​នាង​នោះទេ​។​

​នៅពេល​សួរថា​តើ​ពិធីបុណ្យ​បែបនេះ​គឺជា​បទឧក្រិដ្ឋ​ដែរ​ទេ អាចារ្យ​ម្នាក់​បាន​និយាយថា “​វា​ជា​ជំនឿ​របស់​មនុស្ស ដែល​នាំ​ពួកគេ​មកដល់​ទីនេះ​។ ប្រសិនបើ​គ្មាន​នរណាម្នាក់​មកឱ្យ​គេ​វាយ​នឹង​រំពាត់​ទេនោះ យើង​នឹងមិន​ទៅដល់​ផ្ទះ​របស់​ពួកគេ​ហើយ​សុំឱ្យ​ពួកគេ​ចេញមក​ដេក​ដី​ឱ្យ​យើង​វាយ​នោះទេ​”៕ ដោយ៖ កញ្ញាដាលីស

ស្ត្រី​ឥណ្ឌា ៥០០០ នាក់​ដេក​ឱ្យ​អាចារ្យ​វាយ​តាមចិត្ត​ដើម្បី​ព្យាបាល​ជំងឺ​និង​បណ្តេញ​ព្រលឹង​ខ្មោច

ទីតាំងផ្សាយពាណិជ្ជកម្ម