ចិន​ចាប់ផ្តើម​ដាក់ពង្រាយ​កាមេរ៉ា​ឃ្លាំង​មើល​ដំណើរ​មាយា​ទ​របស់​មនុស្ស ទោះជា​លាក់​មុខ​ឬ​ខំ​ដើរ​កោង​ខ្នង ក៏​នៅតែ​អាច​ស្គាល់​អត្តសញ្ញាណ​

997
ចែករម្លែក

​អាជ្ញាធរ​ចិន​បានចាប់ផ្តើម​ដាក់ពង្រាយ​ឧបករណ៍​ឃ្លាំមើល​ថ្មី​មួយ នោះ​គឺ​សូ​ហ្វ​វែ “​សម្គាល់​ដំណើរ​មាយា​ទ​របស់​មនុស្ស​” ដែល​ប្រើ​ទម្រង់​ដងខ្លួន​របស់​មនុស្ស​និង​របៀប​ដែល​ពួកគេ​ដើរ​ដើម្បី​កំណត់​អត្តសញ្ញាណ​របស់​ពួកគេ សូម្បី​នៅពេលដែល​មុខ​របស់​ពួកគេ​ត្រូវបាន​បាំង​ពី​កាមេរ៉ា​ក៏ដោយ​។​

​ដោយ​ដាក់ឱ្យ​ប្រើប្រាស់​ដោយ​ប៉ូលិស​នៅតាម​ដងផ្លូវ​នានា​នៃ​ទីក្រុង​ប៉េកាំង​និង​សៀង​ហៃ​រួចជាស្រេច​ទៅហើយនោះ បច្ចេកវិជ្ជា “​សម្គាល់​ដំណើរ​មាយា​ទ​” នេះ​គឺជា​ផ្នែក​មួយ​នៃ​ការជំរុញ​នៅ​ទូទាំងប្រទេស​ចិន​ដើម្បី​អភិវឌ្ឍ​ការឃ្លាំមើល​ដែល​ផ្ទុក​ទៅដោយ​ទិន្នន័យ​និង​បំពាក់​ជាមួយ​បច្ចេកវិជ្ជា AI ដែល​កំពុង​បង្កើន​ការព្រួយបារម្ភ​អំពី​ថា​តើ​បច្ចេកវិជ្ជា​នេះ​នឹង​ទៅបាន​ឆ្ងាយ​ដល់​កម្រិតណា​។​

​លោក ហ៊័​ង យ៉ុង​ចិន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Watrix បាន​និយាយថា ប្រព័ន្ធ​របស់ខ្លួន​អាច​កំណត់​អត្តសញ្ញាណ​មនុស្ស​នៅ​ចម្ងាយ​រហូតដល់​ទៅ ៥០ ម៉ែត្រ សូម្បីតែ​ពេល​ពួកគេ​បែរខ្នង​ឬ​បាំង​មុខ​ជិត​ក៏ដោយ​។ នេះ​អាចបំពេញ​ចន្លោះប្រហោង​ក្នុង​បច្ចេកវិជ្ជា​សម្គាល់​ផ្ទៃមុខ ដែល​ត្រូវការ​ការថតរូប​នៅ​កៀក និង រូបភាព​ផ្ទៃមុខ​របស់​មនុស្ស​ដែលមាន​គុណភាព​ខ្ពស់​ដើម្បី​ធ្វើការ​។​

​លោក​ហ៊័​ង​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​នៅក្នុង​ការិយាល័យ​ក្រុង​ប៉េកាំង​ថា “​អ្នក​មិនចាំបាច់​ត្រូវការ​កិច្ចសហប្រតិបត្តិការ​រ​បស់​អ្នកផ្សេង​ដើម្បីឱ្យ​យើង​អាច​ស្គាល់​អត្តសញ្ញាណ​របស់​ពួកគេ​នោះទេ​។ ការវិភាគ​ដំណើរ​មាយា​ទ​មិនអាច​ត្រូវបាន​បោក​បញ្ឆោត​បាន ដោយ​គ្រាន់តែ​ប្តូរ​កាយវិការ​ដៃជើង ឬ​ដើរ​ដាក់​បាតជើង​ត្រង់​ភ្លង់ ឬ ដើរ​ធ្វើជា​កោង​ខ្នង បានឡើយ ព្រោះ​យើង​វិភាគ​គ្រប់​លក្ខណៈពិសេស​ទាំងអស់​នៃ​រាងកាយ​មនុស្ស​ទាំងមូល​”​។​

​យោងតាម​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​បានឱ្យដឹងថា កាលពី​ខែ​មុន​ក្រុមហ៊ុន Watrix បានប្រកាសថា​ខ្លួន​បាន​បង្កើន​ប្រាក់​ចំនួន ១០០ លាន​យ័ន (១៤,៥ លាន​ដុល្លារ​អាមេរិក​) ដើម្បី​ព​ន្លឿ​ន​ការអភិវឌ្ឍ​និង​ការលក់​បច្ចេកវិជ្ជា​សម្គាល់​ឥរិយាបថ​របស់ខ្លួន​។​

​ប៉ូលិស​ចិន​កំពុង​ប្រើប្រាស់​បច្ចេកវិជ្ជា​សម្គាល់​ផ្ទៃមុខ​ដើម្បី​កំណត់​អត្តសញ្ញាណ​មនុស្ស​នៅក្នុង​ចំណោម​ហ្វូងមនុស្ស​និង​ចាប់​អ្នកដើរ​ឆ្លងផ្លូវ​ខុសច្បាប់ ហើយ​កំពុង​បង្កើត​ប្រព័ន្ធ​ទិន្នន័យ​កាមេរ៉ា​ឃ្លាំមើល​របស់​ជាតិ​៕ ដោយ៖ កញ្ញាដាលីស

ចិន​បានដាក់​ពង្រាយ​កាមេរ៉ា​ឃ្លាំង​មើល​ដំណើរ​មាយា​ទ​របស់​មនុស្ស​រួចជាស្រេច​នៅ​ប៉េកាំង​និង​សៀង​ហៃ

ទីតាំងផ្សាយពាណិជ្ជកម្ម