នរណា​ជា​ជើង​ខ្លាំង​បន្ទាប់​ទៀត ?

1298
ចែករម្លែក

ដោយ​:​រ៉ូ​ហ្សា / ភ្នំពេញ​: ព្រឹត្តិការណ៍​TV5 Boxing Knock-Out Serie by K-Cement សម្រាប់​យប់​ថ្ងៃទី​១០​វិច្ឆិកា​នេះ នឹង​រកឃើញ​ជើង​ខ្លាំង​២​រូប​ទៀត​ដណ្ដើមបាន​កៅអី​សម្រាប់​ឡើងទៅ​ប្រកួត​បន្ត​ន់​ជុំ​ទី​២ ហើយក៏​មាន​អ្នក​ប្រដាល់​២​រូប​ទៀត​ដែរ ដែល​នឹងត្រូវ​ខ្ទាត​ចេញ​នោះ​។​

​សៀវ ង៉ុ​យ របស់​សមាគម​ប្រដាល់​ក្រសួងការពារជាតិ ត្រូវ​តស៊ូ​ជាមួយ​អ្នក​ប្រដាល់​ជើង​ថ្មី​នួន រ៉ា​ថេ​ន របស់​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​។ សៀវ ង៉ុ​យ ជា​អ្នក​ប្រដាល់​ជើងចាស់​តែ​វ័យ​មិនសូវ​ជា​ចាស់​នោះទេ គ្រាន់តែ​គេ​ចាប់ផ្ដើម​ប្រឡូក​ក្នុង​អាជីព​ប្រដាល់​តាំងពី​នៅ​វ័យក្មេងៗ​ម្ល៉េះ​។ តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ គេ​មិនសូវ​មានឱកាស​បាន​ឡើង​សង្វៀន​ប្រកួត​ឡើយ​។​

​ចំពោះ រ៉ា​ថេ​ន វិញ​គេ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី ហើយ​មិនសូវ​មានឈ្មោះ​បោះ​សម្លេង​ដូច​សៀវ ង៉ុ​យ ឡើយ តែ​គេ​ជា​អ្នក​ប្រដាល់​ចិត្តធំ ក្លាហាន វ៉​ចូលចិត្ត​ប្រើ​កម្លាំង និង​មិនសូវ​ជាមាន​ស្នៀត​អ្វី​ពិសេស​សម្រាប់​ផ្ដួល​គូប្រកួត​ឡើយ​។ នេះ​ជា​ជំនួប​មួយ​គេ​ជឿថា រ៉ា​ថេ​ន នឹង​លំបាក​ជាមួយ​សៀវ​ង៉ុ​យ​ជាមិនខាន​។​

​អ្នក​ប្រដាល់​ទាំង​២​រូបនេះ មិនដឹងថា នរណា​ត្រូវ​ខ្ទាត​ចេញពី​ការប្រកួត ហើយ​នរណា​ក្លាយខ្លួនជា​អ្នកខ្លាំង​រកបាន​កៅអី សម្រាប់​ប្រកួត​បន្ត​នៅ​ជុំ​ទី​២​ទៀត​នោះឡើយ​។​

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ អ្នក​ប្រដាល់ ថាំង ឌី​ណា ក្លិប​អាណាចក្រ​ប្រយុទ្ធ​ខេត្តសៀមរាប ប្រកួត ឯម សុធី ក្លិប​ថ្មគោល​ខ័​ណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ឌី​ណា ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​គ្រាន់បើ​មួយរូប​ដែរ ដែល​ការប្រកួត​ចុងក្រោយ​របស់គេ​ចាញ់​អ្នក​ប្រដាល់ អេ​លី​ត ប៊ុន​សិទ្ធ ដោយ​ពិន្ទុ​។ ចំពោះ ឯម សុធី ជា​អ្នក​ប្រដាល់​ដែលមាន​ឈ្មោះ​បោះ​សម្លេង​ខ្លាំង មិនតែប៉ុណ្ណោះ​គេ​ធ្លាប់​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​ទៀតផង​។​

​ជំនួប​រវាង​អ្នក​ប្រដាល់​ទាំង​២​រូបនេះ ទោះបី​គេ​មិនអាច​មើលស្រាល ថោង ឌី​ណា បាន​ក៏ពិតមែន​ក៏ដោយ​តែ​គេ​ជឿថា ឯម សុធី ទំនង​ជាមាន​សមត្ថភាព​ខ្ពស់ជាង ក្នុងការ​ប្រជែង​ដណ្ដើម​កៅអី​សម្រាប់​ជុំ​ទី​២​នេះ​។ នរណា​ជា​អ្នក​ដើរចេញ ហើយ​នរណា​ដណ្ដើមបាន​កៅអី​?

​ចំពោះ​ការប្រកួត​ជា​មិត្តភាព​វិញ​នោះ អ្នក​ប្រដាល់​កម្ពុជា លាប រដ្ឋា ក្លិប​ដី​ឡូ​តិ៍​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ផាត ង៉ា​ម (Phat Ngam) ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​។​

​លាប រដ្ឋា ទើបតែ​ដណ្ដើមពាន​របស់​ព្រឹត្តិការណ៍ Tv5 Boxing Knock-Out Serie by K-Cement ថ្មីៗ​នេះ ឯ ផាត ង៉ា​ម គេ​ទើបតែ​ប្រកួត​ស្មើ​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា លី ភា ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង​។ ជំនួប​រវាង​អ្នក​ប្រដាល់​ទាំង​២​រូបនេះ មិនដឹងថា នរណា​ឈ្នះ​នោះឡើយ​។​

​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ រ៉ែ​ម រាជ ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប ប្រកួត​ជាមួយ ណា​ម ម៉ូ​រ៉ា​ក់ ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​។ ខាំ សូ​រិ​យ៉ាន់ ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ប្រកួត​ជាមួយ សៅ សេងហុង ក្លិប​ឃ្លាំងមឿង​កីឡា ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម