​ជន​វៀតណាម​ម្នាក់​ចិត្តល្អ​ចូល​ជួយ​ឃាត់​ត្រូវគេ​វៃ​មួយ​ឈើ​ជ្រុង​បាក់ក​ស្លាប់​

847
ចែករម្លែក

​ដោយៈ​ឆាយា​នាថ​/​ភ្នំពេញៈ​ខណៈ​ប្តី​ប្រពន្ធ​២​នាក់​ឈ្លោះប្រកែក​គ្នា ស្រាប់តែ​យុវជន​ជនជាតិ​វៀតណាម​ម្នាក់​ចិត្តល្អ​ចូល​ជួយ​ឃាត់ តែ​ត្រូវគេ​វៃ​មួយ​ឈើ​ជ្រុង​បាក់ក​ស្លាប់​។​ករណីនេះ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​កន្លងទៅ នៅ​ចំណុច​ផ្ទះជួល​គ្មាន​លេខ​តាមផ្លូវ​បេតុង​ក្រុម​១២​ស្ថិតនៅ​ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​ទី​២​ខណ្ឌ​ច្បារអំពៅ ។ ប៉ុន្តែ​បក្ខពួក​ជនដៃដល់​ម្នាក់ ទើប​ត្រូវបាន​ឃាត់ខ្លួន នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ។

​លោក ម៉ៅ សឿត​អធិការរង​ទទួល​ផែន​យុត្តិធម៌​នគ​បាល​ខណ្ឌ​ច្បារអំពៅ បានឱ្យដឹងថា សព​ឈ្មោះ ថា​ម យាំង​សឿង ជនជាតិ​វៀតណាម អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ផ្ទះជួល ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ ។​លោក​បន្តថា ជនបង្ក​ដៃដល់​ឈ្មោះ កែវ សុ​ភ័​ក្រ ហៅ​ញ៉ា​ញ់ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ ត្រូវជា​ប្តី ។ ចំណែក​ប្រពន្ធ​ឈ្មោះ ចឹ​ង ធី​ទៀក ។

​មុន​កើតហេតុ កាល​វេលា​ម៉ោង​៨ យប់​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ប្រពន្ធ​ជនបង្ក​បាន​រត់​មក​ផ្ទះ​ឱ្យ​បុរស​ជនរងគ្រោះ​ជួយ​ដោយសារ​ប្ដី​ប្រើ​អំពើហិង្សា​មកលើ​ខ្លួន​។​ក្រោយមក​បុរសរងគ្រោះ​សួរនាំ​បុរស​ជា​ប្ដី​និង​ជនបង្ក​ហើយ​ទាស់​ពាក្យសម្តី​រហូតដល់​វាយ​តប់​គ្នា​ទៅវិញទៅមក​។​ដោយ​ជនបង្ក​ឈ្មោះ​កែវ​សុ​ភ័​ក្រ​ហៅ​ញ៉ា​ញ់​យក​ដំបង​ឈើ​ជ្រុង​វាយ​ទៅលើ​បុរសរងគ្រោះ​ចំក្បាល​និង​ក​បណ្ដាលឱ្យ​ដួលសន្លប់​។​ជនបង្ក​២​នាក់​ប្តី​ប្រពន្ធ​នាំគ្នា​រត់គេច​បាត់​តែម្ដង​។

​ក្រុមគ្រួសារ​បាន​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​និង​បញ្ជូន​បន្តទៅ​មន្ទីរពេទ្យ​នៅ​ប្រទេស​វៀតណាម​ហើយ​អស់សង្ឃឹម​ក៏​ដឹក​មក​ផ្ទះជួល​វិញ​រហូតដល់​ម៉ោង​១០៖៣០​នាទី​យប់​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​ជនរងគ្រោះ​បាន​ស្លាប់​តែម្តង​។​លុះ​ព្រឹក​ថ្ងៃទី​៦​ខែវិច្ឆិកា​ឆ្នាំ​២០១៨​ក្រុមគ្រួសារ​នៃ​សព​បាន​ប្ដឹង​សមត្ថកិច្ច​ចុះមក​ត្រួតពិនិត្យ​កោសល្យវិច័យ​សព ។

​ក្រោយពី​កើតហេតុ​ក៏បាន​សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ធ្វើការ​ស្រាវជ្រាវ​
​នា​ព្រឹក​ម៉ោង​៨​នាទី​ព្រឹក​ថ្ងៃទី​៦​ខែវិច្ឆិកា​ឆ្នាំ​២០១៨​ក៏​ចាប់បាន​បក្ខពួក​ជនដៃដល់​ឈ្មោះ កែវ សុផាន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​បន្ទប់​ជួល ស្ថិតនៅ​ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ​ដែល​បាន​ចូលរួម​វាយ​ជនរងគ្រោះ​បណ្ដាល​ស្លាប់ ។

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​សិន​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ។​ចំណែក​ជនដៃដល់​សម​ត្ថ​កិច្ច​កំពុង​បន្ត​ស្វែងរក​ឃាត់ខ្លួន ៕S/​

​ជន​វៀតណាម​ម្នាក់​ចិត្តល្អ​ចូល​ជួយ​ឃាត់​ត្រូវគេ​វៃ​មួយ​ឈើ​ជ្រុង​បាក់ក​ស្លាប់​

ទីតាំងផ្សាយពាណិជ្ជកម្ម