គ្រោង​ចំណាយ​ថវិកា​ប្រមាណ​១៥​លាន​ដុល្លារ​សាងសង់​ផ្លូវ​ខ្នែង​៥២​ខ្សែ​ត​ភ្ជាប់​ផ្លូវជាតិ​លេខ​៦

1175
ចែករម្លែក

​ដោយ​:​សុផល​/​ភ្នំពេញ​:​មន្ត្រីជាន់ខ្ពស​រាជរដ្ឋាភិបាល​បានឱ្យដឹងថា​កម្ពុជា​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​១៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​សាងសង់​ផ្លូវ​ខ្នែង​ចំនួន​៥២​ខ្សែ ត​ភ្ជាប់​ផ្លូវជាតិ​លេខ​៦ និង​ផ្លូវ ១១​ខ្សែ​ទៀត​ក្នុង​ខេត្តសៀមរាប ដើម្បី​លើកមុខ​មាត់​ខេត្ត​តំបន់​ទេសចរណ៍​ដ៏​សំខាន់់​នេះ​។​

​នៅក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​ស្តីពី​ការងារ​ជួសជុល និង​ថែទាំ​ផ្លូវថ្នល់ ជាមួយ​ភាគី​ពាក់ព័ន្ធ នៅ សាលាខេត្ត​សៀមរាប​កាល​ពីថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​មានប្រសាសន៍ថា​៖​កិច្ចប្រជុំ​នេះ​រៀបចំឡើង​ដើម្បី​ពិភាក្សា​រក​នីតិវិធី​ក្នុង​ការស្តារ​ផ្លូវថ្នល់​ដែល​ខូចខាត​ទ្រុឌទ្រោម​ដោយ​កត្តា​ផ្សេងៗ​។ពិសេស​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​សំដៅ​ធានា​ឱ្យ​ការគ្រប់គ្រង​ផ្លូវថ្នល់​មាន ប្រសិទ្ធភាព​ខ្ពស់ និង​ឆ្លើយតប​ទៅនឹង​កំណើនប្រជាជន កំណើន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​នៅក្នុង​ខេត្ត​នេះ​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ស្នើឱ្យ​មន្ទីរ​និង​ភាគី​ពាក់ព័ន្ធ​កែសម្រួល​នីតិវិធី​ជួសជុល​ផ្លូវ ដើម្បី​ស្តារ កសាង និង​ជួសជុល​ថែទាំ​បណ្តាញ​ផ្លូវថ្នល់​នានា​ឱ្យបាន​ល្អ​ជាង​មុន ដើម្បី​បំពេញតម្រូវការ​របស់​ប្រជាពលរដ្ឋ ដែលជា​ម្ចាស់ឆ្នោត និង​បាន​សំណូមពរ​ឱ្យធ្វើ​របាយការណ៍​រួមមួយ​ដាក់ជូន​រាជរដ្ឋាភិបាល​ស្នើសុំ​ថវិកា ប្រមាណ​១៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​សាងសង់​ផ្លូវ​ខ្នែង​ចំនួន​៥២​ខ្សែ ត​ភ្ជាប់​ផ្លូវជាតិ​លេខ​៦ និង​ផ្លូវ ១១​ខ្សែ​ទៀត​ក្នុង​ខេត្តសៀមរាប ឱ្យបាន​ឆាប់​តាម​ដែល​ធ្វើទៅបាន​។​

​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​វិស័យ​ឯកជន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៅ​ខេត្តសៀមរាប​ឱ្យមាន​ការរីកចម្រើន​ផងដែរ ដើម្បី​ផ្លាស់ប្តូរ​មុខមាត់​ខេត្ត​នេះ​ឱ្យ ស័ក្តិ​សមជា​ខេត្ត​ទាក់ទាញ​ទេសចរណ៍​មួយ​យ៉ាងសំខាន់​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម