​សម្តេច​ហ៊ុនសែន​ប្រាប់​ទៅ​សម រង្ស៊ី ថា​រងចាំ​ឲ្យ​សេះ​ដុះ​ស្នែង​សិន​ទៅ ចាំ​សម្តេច​ស្នើ​ថ្វាយ​ព្រះមហាក្សត្រ​ដោះលែង កឹម សុខា​

924
ចែករម្លែក

តាកែវ​៖ ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្ដេច​តេ​ជោ ហ៊ុន សែន បាន​ប្រាប់​ទៅ​ទណ្ឌិត សម រង្សី និង អ្នកគាំទ្រ​ទណ្ឌិត​រូបនេះ ឲ្យ​រងចាំ​រហូតដល់​សេះ​ដុះ​ស្នែង សិន​ទៅ ចាំ​សម្ដេច​ស្នើ​ថ្វាយ​ព្រះមហាក្សត្រ​ដើម្បី​ដោះលែង កឹម សុខា ។ ការលើកឡើង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នៅពេលនេះ​ជាប្រតិកម្មតប​តទៅនឹង​ការ​អះអាង​របស់លោក សម រង្ស៊ី ដែលថា​នឹងមាន​ការដោះលែង​លោក កឹម សុខា នា​ថ្ងៃទី​២៩ខែធ្នូ ខណៈ​រដ្ឋាភិបាល​ត្រូវ​អបអរ​ខួប ២០ ឆ្នាំ​នៃ​នយោ បាយ​ឈ្នះ​-​ឈ្នះ និង មាន​សម្ពាធ​ពី​បរទេស ។

​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​បែបនេះ​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​ចំនួន ២៣.៤៦៦ នាក់​មកពី​រោងចក្រ​ចំនួន ២០ ក្នុងស្រុក ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែវិច្ឆិកា​នេះ ។​

​លោក សម រង្ស៊ី បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ដូច្នេះ​ថា​៖ « យើង​បាន​ទទួលបាន​ព័ត៌មាន​ពី​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ថា លោក ហ៊ុន សែន​នឹង​ដោះលែង លោក កឹម សុខា នៅ​ថ្ងៃ ២៩ ធ្នូ ២០១៨ នេះ​ក្នុងឱកាស​ខួប​ទី ២០ នៃ “​នយោបាយ​ឈ្នះៗ​” ដែល​លោក ហ៊ុន សែន តែងតែ​យកមក​អួតអាង​»​។ លោក សម រង្ស៊ី បានលើកឡើង​ទៀតថា​៖ «​ជា​ជំហាន​ទី​១​ដើម្បី​ជៀសវាង​ទណ្ឌកម្ម​ពាណិជ្ជកម្ម​ពី​សហភាព​អឺរ៉ុប ។ ជំហាន​ទី​២​ដែល​លោក ហ៊ុន សែន កំពុងតែ​ទីទើរ​នៅ ឡើយ​គឺ​ការបើកផ្លូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើងវិញ​»​។

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​និយាយ​ដោយ​ចំឈ្មោះ​លោក សម រង្ស៊ី តែ​ម្តងថា​៖ « មាន​អា​ហ្សៀ​រ​រត់ចោល​គុក មួយ​នោះ​វា​ថា​ថ្ងៃទី​២៩ ខែ ធ្នូ​នេះ​នឹងមាន​ការ ដោះលែង​អ្នកទោស អានេះ​ពិតជា​ចេះ​បោក​គេ​ហៅថា បោក​ចិញ្ចឹម​ឆ្នាំង ចាំ​មើលទៅ​អ្នក​ជឿ ចាំ​មើលទៅ ។ និយាយ​ឲ្យ​ចំឈ្មោះ​តែម្តងទៅ គឺ សម រង្ស៊ី គាត់ បង្ហោះ​ក្នុង Facebook គាត់​ថា​ថ្ងៃ ២៩​នេះ​លោក​ហ៊ុន សែន នឹង​ដោះលែង​កឹម សុខា ដែល​គាត់​ហៅថា​ធ្វើ​ខួប​លើក​ទី ២០ នៃ​នយោបាយ​ឈ្នះ​ឈ្នះ​ហើយ នេះ ក្រោម​សម្ពាធ​អន្ដរជាតិ​។ ហ្អែ​ង​ចាំមើលៗ​ហើយ​អ្នកគាំទ្រ​អ្នកឯង​ចាំមើល​ទៅ​ខ្ញុំ​គ្រាន់តែ​បញ្ជាក់​ប៉ុណ្ណឹង​ទេ ចាំមើល​ទៅ​អា​មេ​ខ្លួនឯង​បោក​កូន​ខ្លួនឯង​ប៉ុណ្ណា » ។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បានធ្វើការ​ពន្យល់ថា​៖ លោក កឹម សុខា មិនទាន់​ត្រូវបាន​តុលាការ​កាត់ទោស ហើយ​សាលក្រម​មិនទាន់​ចូល​ស្ថាពរ​នៅឡើយ​នោះ ទេ​ដូច្នេះ កឹម សុខា គ្មាន​ទោស​ឯណា​ត្រូវ​ស្នើ​ព្រះមហាក្សត្រ​ព្រះរាជទាន​លើកលែងទោស​នោះទេ ហើយ​សម្ដេច​ក៏​គ្មាន​សិទ្ធិ​ស្នើ​ថ្វាយ​ព្រះមហាក្សត្រ​លើកលែង ទោស​ឲ្យ​អ្នកណា​ទាំងអស់​ចំពោះ​អ្នក​ដែល​ស្ថិតក្នុង​ក្របខណ្ឌ​ជា​ពិរុទ្ធជន​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ជំ​អក​ទៅកាន់​លោក សម រង្ស៊ី ផងដែរ​ថា​៖«​កាលណា​ដែល​សេះ​ដុះ​ស្នែង ទើប​សម្ដេច​ស្នើ​ថ្វាយ​ព្រះមហាក្សត្រ​ដើម្បី​ដោះលែង​លោក កឹម សុខា »​។ សម្ដេច​តេ​ជោ ហ៊ុន សែន បន្ត​ទឿ​ត​មួយថ្ងៃៗ​មិនដែល​ចេះ​ធ្វើការ​អ្វី​នោះទេ ពោល​អង្គុយ​រក​នឹក​តែ​ល្បិច​ដើម្បី​បោកប្រាស់​ភូតកុហក​កូនចៅ ខ្លួនឯង​ប៉ុណ្ណោះ ហើយ​មួយ​ករណី​ទៀត​រក​នឹក​ដើម្បី​បង្ហោះ​សារ​លើ Facebook ដើម្បី​បោក​អ្នកប្រើប្រាស់ Facebook និង​គ្រាន់តែ​ចង់បាន​ការ​ចុច Like ។​

​សម្តេច​តេ​ជោ​បាន​បន្តថា សម រង្ស៊ី គ្មាន​បានធ្វើ​អ្វី​សម្រាប់​ជាតិ​សូម្បីតែ​បន្តិច ក្រៅតែពី​ទៅសុំ​បរទេស​កុំ​ឲ្យ​ផ្តល់ជំនួយ​ដល់​កម្ពុជា ទៅសុំ​គេ​កុំ​ឲ្យ​មក​វិនិយោគ​នៅ កម្ពុជា និង ចុងក្រោយ​ទៅសុំ​គេ​កុំ​ឲ្យ​ទិញ​ទំនិញ​ពី​កម្ពុជា ។​

​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ត្រូវបាន​តុលាការ​សម្រេច​ផ្ទេរ​ពី​ការឃុំខ្លួន​នៅ​ពន្ធនាគារ មក​ឃុំខ្លួន​នៅក្នុង​ផ្ទះ​វិញ​។ ក្រៅពី​រស់នៅ​ក្នុងផ្ទះ ខ្លួន​លោក កឹម សុខា មិនអាច​ជួប​អតីត​ថ្នាក់ដឹកនាំ​បក្ស​និង​ជនបរទេស​ណា​ម្នាក់​ក្នុងទិសដៅ​ដែល​សង្ស័យថា​ធ្វើ​សកម្មភាព​នយោបាយ​បានឡើយ​៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ