រាជរដ្ឋាភិបាល នឹង​បង្កើត​គោលនយោបាយ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​សហគមន៍​ទេសចរណ៍ បន្ទាប់ពី​គោលនយោបាយ​ជាតិ​អេកូ​ទេសចរណ៍

1447
ចែករម្លែក

ដោយ:​​មូល​សម្បត្តិ​/​ភ្នំពេញ​ ៖ ដោយ​សម្លឹង​ឃើញ​នូវ​ផលប្រយោជន៍​ដ៏​សំខាន់ អេកូ​ទេសចរណ៍ វិស័យ​ទេសចរណ៍​សហគមន៍ និង​យល់ច្បាស់​ពី​និន្នាការ​របស់​ភ្ញៀវទេសចរ​ពិភពលោក នាពេល​បច្ចុប្បន្ន​ផង​នោះ រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើន​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង ចំពោះ​វិស័យ​អេកូ​ទេសចរណ៍ និង​ទេសចរណ៍​សហគមន៍​។​

​ដោយហេតុ​នេះហើយ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​បង្កើត​ក្រុមការងារ​អន្តរក្រសួង​មួយ មាន​ឈ្មោះថា «​ក្រុមការងារ​អន្តរក្រសួង​គ្រប់គ្រង និង​អភិវឌ្ឍន៍​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​» ដែលមាន​លោក ថោង ខុន រដ្ឋមន្ត្រី​ទេសចរណ៍ ជា​ប្រធាន លោក សាយ សំ​អាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន ជា​អនុប្រធាន​អចិន្ត្រៃយ៍ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជា​អនុប្រធាន និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ជា​សមាជិក​។​

​បន្ទាប់ពី​ទទួលបាន​ការសម្រេច​ប​ង្កើ​ត​ក្រុមការងារ​អន្តរក្រសួង កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៧ រួចមក ក្រុមការងារ​អន្តរក្រសួង​ខាងលើ បាន​បើក​កិច្ចប្រជុំ​លើក​ទី​៣​របស់ខ្លួន នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ នា​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ក្រោម​អធិបតីភាព​លោក ថោង ខុន និង លោក សាយ សំ​អាល់​។​

​ក្រោយ​បញ្ចប់​កិច្ចប្រជុំ លោក​រដ្ឋមន្ត្រី ថោង ខុន បាន​ថ្លែងថា ដោយ​កាលពី​កិច្ចប្រជុំ​លើក​ទី​២ អង្គ​ប្រជុំបាន​ពិនិត្យ​ឆ្លង​រួចហើយ​នូវ​គោលនយោបាយ​ជាតិ ស្តីពី​អេកូ​ទេសចរណ៍ រីឯ​កិច្ចប្រជុំ​អន្តរក្រសួង​លើក​ទី​៣ នា​ព្រឹក​នេះ គឺ​ដើម្បី​ពិនិត្យ​ទៅលើ​គោលនយោបាយ​ជាតិ ស្ដីពី​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​សហគមន៍​ទេសចរណ៍​។​

​លោក​ថា ក្រោយពី​ប្រជុំ​លើក​ទី​៣​នេះ​ចប់ សមាជិក​នីមួយៗ​នឹង​យក​សេចក្ដីព្រាង​គោលនយោបាយ​នេះ ទៅពិនិត្យ​បន្ត​នៅតាម​ក្រសួង​-​ស្ថាប័ន​រៀងៗ​ខ្លួន និង​បំពេញ​ធាតុ​ចូល​នានា​បន្ថែមទៀត ដើម្បី​បន្ត​កិច្ចប្រជុំ​លើក​ក្រោយ​ទៀត មុន​ដាក់​សេចក្ដីព្រាង​ចុងក្រោយ​នោះ​ជូន​គណៈរដ្ឋមន្ត្រី​ដើម្បី​ពិនិត្យ និង​សម្រេច​។​

​លោក​បន្តថា គោលនយោបាយ​ជាតិ​នេះ មាន​សារសំខាន់​ចាំបាច់​សម្រាប់​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​សហគមន៍​ទេសចរណ៍​នៅ​កម្ពុជា ដែល​ទាមទារ​ឱ្យមាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ (4Ps) មានដូចជា​៖ ភាគី​រដ្ឋ ឬ​សាធារណៈ (Public) ភាគី​ឯកជន (Private) ដៃគូ​អភិវឌ្ឍន៍ (Partnership) និង​ប្រជា​សហគមន៍​-​ទេសចរ (People)​។​

​លោក ថោង ខុន បាន​សង្កត់ធ្ងន់ថា «​តួ​នាទ​សំខាន់​របស់​វិស័យ​សាធារណៈ ក្នុង​ក្របខណ្ឌ​សហគមន៍​ទេសចរណ៍​នេះ គឺ​ត្រូវ​ជួយ​ដល់​សហគមន៍ ដូចជា ការធ្វើ​ផ្លូវ​ទៅកាន់​សហគមន៍ ការរៀបចំ​គោលនយោបាយ​គ្រប់គ្រង និង​អភិវឌ្ឍន៍ ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស គោលនយោបាយ​លើកទឹកចិត្ត ផ្នែក​ពន្ធដារ គោលនយោបាយ​ក្នុងការ​ប្រើប្រាស់​អគ្គិសនី និង​ប្រព័ន្ធ​ទូរស័ព្ទ អ៊ី​ន​ធឺរ​ណេ​ត ព្រមទាំង​ត្រូវបំពេញ​ការងារ​ជាច្រើន​ទៀត​»​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្ថែមទៀតថា អង្គប្រជុំ​ក៏បាន​ពិភាក្សា​លើ​ការងារ​ជាច្រើន​ទៀតផង​ដែរ ដូចជា ការអភិវឌ្ឍ​នៅ​សហគមន៍​ទេសចរណ៍​ជ្រាវ នៅ​ខេត្តសៀមរាប ដែលជា​សហគមន៍​មួយ​ដ៏​សំខាន់ ក្នុងចំណោម​សហគមន៍​ទេសចរណ៍ នៅ​កៀក​នឹង​គោលដៅ​ទេសចរណ៍​អង្គរ​។

​លោក​ថា ក្នុងចំណោម​ភ្ញៀវទេសចរ​ដែល​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត​ប្រមាណ ៥០% គឺ​បាន​បន្តដំណើរ​ទៅ​ទស្សនា​នៅ​សហគមន៍​ទេសចរណ៍​នានា ដែល​នៅជាប់​តំបន់​បឹង​ទន្លេសាប​រៀងរាល់ថ្ងៃ ក្នុងនោះ​មាន​៥​សហគមន៍ រួមមាន​៖​មន សហគមន៍​ចុង​ឃ្នា​ស សហគមន៍​កំពង់​ភ្លុក សហគមន៍​កំពង់​ឃ្លាំង សហគមន៍​ជ្រាវ និង​សហគមន៍​មេ​ជ្រៃ​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម