សេត​វិមាន​ហាម​មិនអោយ​អ្នកកាសែត​CNN​ម្នាក់​ចូល​យក​ព័ត៌មាន ក្រោយ​ប៉ះ​ពាក្យសម្តី​ជាមួយ​ត្រាំ​

2775
ចែករម្លែក

សេតវិមានកាលពីថ្ងៃពុធទី៧វិច្ឆិកាបានដកលិខិតអ្នកសារព័ត៌មានពីអ្នកឆ្លើយឆ្លងព័ត៌មានCNN លោកជីម អាកូស្តា បន្ទាប់ពីលោកនិងប្រធានាធិបតីត្រាំមានការប៉ះសម្តីគ្នាយ៉ាងក្តៅគគុកមួយក្នុងអំឡុងសន្និសីទសារព័ត៌មាន។

លោកជីម អាកូស្តា ដែលត្រាំ ហៅថាមនុស្សមហាឈ្លើយ

ពួកគេបានចាប់ផ្តើមប៉ះសម្តីគ្នា បន្ទាប់ពីលោកអាកូស្តាសួរត្រាំអំពីក្បួនដំណើររបស់ជនអន្តោប្រវេសន៍អាមេរិក​ឡាទីន មកកាន់ព្រំដែនខាងត្បូងអាមេរិក។នៅពេលអាកូស្តាព្យាយាមបន្តសួរមួយសំណួរទៀត ត្រាំបាននិ​យាយ​ថា«គ្រប់គ្រាន់ហើយ!» ហើយជំនួយការស្រីម្នាក់នៅសេតវិមានបានព្យាយាមចាប់យកម៉ាយក្រូហ្វូនតែមិនបានសំរេចពីអាកូស្តា។

រដ្ឋមន្រ្តីព័ត៌មានសេតវិមាន សារ៉ា ស៊ែនឌឺ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយចោទប្រកាន់អាកូស្តាថា«គាត់ដាក់ដៃលើស្រ្តីក្មេងម្នាក់ ដែលគ្រាន់តែព្យាយាមបំពេញការងាររបស់ខ្លួន ក្នុងនាមជាអ្នកហាត់ការនៅសេតវិមាន» និងបានហៅវាថាជា«ការប្រព្រឹត្តមិនអាចទទួលយកបានដាច់ខាត»។

អាកូស្តា ហាក់រុញដៃស្រ្តីអ្នកហាត់ការរូបនេះខណៈនាងលូកចាប់យកម៉ាយក្រូហ្វូននិងលោកព្យាយាមកាន់វា។

អាកូស្តាបានឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់ស៊ែនឌឺ ពាក់ព័ន្ធនឹងការចោទថាគាត់ដាក់ដៃលើជំនួយការរូបនេះ ថាជា«ការនិយាយកុហក»។

សូមបញ្ជាក់ថា អ្នកកាសែតដែលត្រូវចូលយកព័ត៌មាននៅសេតវិមាន ត្រូវសុំបណ្ណសារព័ត៌មាន ដើម្បីចូលទៅកាន់កន្លែងធ្វើសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅទីតាំងWest Wing។បុគ្គលិកសេតវិមាន មានសិទ្ធិសំរេចថាតើអ្នកកាសែតណាអាចចូលបាន ទោះជាផ្នែកសេវាសម្ងាត់បានអនុម័តរួចហើយក្តី៕ដោយ៖វាសនា

ប្រធានាធិបតីត្រាំចង្អុលទៅអ្នកយកព័ត៌មានCNNលោក ជីម អាកូស្តា ខណៈជំនួយការព្យាយាមកញ្ឆក់ម៉ាក្រូហ្វូនពីគាត់ក្នុងអំឡុងសន្និសីទកាសែតមួយនៅសេតវិមានកាលពីថ្ងៃពុធ

ទីតាំងផ្សាយពាណិជ្ជកម្ម