មនុស្ស​១៤​លាន​នាក់​ប្រឈម​គ្រោះ​ទុរ្ភិក្ស​នៅ​យេ​ម៉ែន​

888
ចែករម្លែក

ក្រុមអង្គការយេម៉ែននិងអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិសរុប៣៥អង្គការបានអំពាវនាវឱ្យមានការផ្អាកការប្រយុទ្ធគ្នាជាបន្ទាន់នៅប្រទេសយេម៉ែនខណៈដែលពួកគេបានព្រមានថា ឥឡូវនេះមនុស្សចំនួន១៤លាននាក់ កំពុងស្ថិតក្នុងស្ថានភាពប្រឈមគ្រោះទុរ្ភិក្ស។

ការអំពាវនាវរួមគ្នានេះ ត្រូវបានធ្វើឡើងដោយអង្គការសិទ្ធិមនុស្សអន្តរជាតិFIDH អង្គការប្រឆាំងការអត់ឃ្លានAction Against Hunger អង្គការCARE អង្គការOxfam អង្គការគ្រូពេទ្យពិភពលោក Doctors of the Worldនិង អង្គការយេម៉ែនមួយចំនួនទៀត, នេះបើយោងតាមសេចក្តីថ្លៃងការណ៍។

សេចក្ដីថ្លែងការណ៍នេះបាននិយាយថា “មនុស្ស១៤លាននាក់ ដែលកំពុងប្រឈមគ្រោះទុរ្ភិក្សនេះ គឺប្រហែលពាក់កណ្តាលនៃប្រជាជនសរុបរបស់ប្រទេសនេះ ។ មិនមានពេលដែលត្រូវរង់ចាំទៀតទេក្នុងការដោះស្រាយស្ថាភាពបែបនេះ”។

សេចក្ដីថ្លែងការណ៍នេះបានអំពាវនាវដល់រដ្ឋាភិបាលនានាដើម្បីឱ្យធានាបាននូវ “ការបញ្ឈប់ការប្រយុទ្ធគ្នាជាបន្ទាន់” និង “ផ្អាកការផ្គត់ផ្គង់អាវុធដែលត្រូវ​បានប្រើប្រាស់នៅយេម៉ែន” ។

ប្រទេសយេម៉ែនដែលក្រីក្របំផុតនៅក្នុងពិភពអារ៉ាប់នេះ ត្រូវបានហែកហួរដោយសង្គ្រាមចាប់តាំងពីឆ្នាំ២០១៥នៅពេលដែលក្រុមចម្រុះយោធាក្នុងតំបន់ដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីតបានចូលរួមការប្រយុទ្ធរបស់រដ្ឋាភិបាលនេះ ប្រឆាំងក្រុមឧទ្ទាមHouthi ។

សេចក្តីថ្លែងការណ៍នេះបានបន្ថែមថា ” វិបត្តិមនុស្សធម៌នៅយេម៉ែនគឺ ជាការបង្កឡើងដោយមនុស្សហើយវាជាផលវិបាកផ្ទាល់ដែលកើតចេញពីភាគីសង្រ្គាម ដោយមានការរឹតបន្តឹងខ្លាំងលើការនាំស្បៀងអាហារ ប្រេងឥន្ធនៈ ថ្នាំពេទ្យនិងជំនួយមនុស្សធម៌​ទៅកាន់ក្រុមអ្នកត្រូវការជំនួយទាំងនោះ ” ។

អង្គការសុខភាពពិភពលោកបាននិយាយថា ប្រជាជនយេម៉ែនជិត ១០.០០០នាក់ត្រូវបានសម្លាប់នៅក្នុងជម្លោះនេះ ចាប់តាំងពីឆ្នាំ២០១៥មក៕ដោយ៖សុខា/sn

ទារកមានបញ្ហាកង្វះអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរនៅឯមន្ទីរពេទ្យមួយក្នុងខេត្ត Hajjah ប្រទេសយេម៉ែន

ទីតាំងផ្សាយពាណិជ្ជកម្ម