រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ : ការ​បម្លាស់​ទី​ជនជាតិ​វៀតណាម​ពីលើ​ទឹក​មកលើ​គោក​គឺ​អនុវត្ត​ទៅតាម​ច្បាប់

945
ចែករម្លែក

​​ដោយ:មុនី​រ័ត្ន​/​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួល​ល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា កាលពី​រសៀល​នៅ​រសៀល​ថ្ងៃទី​០៧ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

នៅក្នុង​ជំនួប​ភាគី​ទាំងពីរ​បាន​ពិភាក្សា​ទៅលើ​បញ្ហាសំខាន់​មួយចំនួន ​ពាក់ព័ន្ធ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចេរភាព ការចូលរួម​និង​ភាពជា​ដៃគូរ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល គណនេយ្យភាព បញ្ហា​ពាក់ព័ន្ធ​ចង្អៀត​ណែន​នៅក្នុង​ពន្ធនាគារ និង​ការ​បម្លាស់​ទី​របស់​ជនជាតិ​វៀតណាម​ដែល​រស់​នៅលើ​បឹង​ទន្លេសាប​នៅ​ខេត្តកំពង់ឆ្នាំង រួមទាំង​បញ្ហា​ផ្សេងៗ​មួយចំនួនទៀត​។​

​លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ បាន​ជម្រាបជូន​សម្តេច​ក្រឡាហោម ស ខេង អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​នៅ​ខេត្តកំពង់ឆ្នាំង ដើម្បី​ទៅ​មើល​អំពី​ស្ថានភាព​ការរស់នៅ​របស់​ជនជាតិ​វៀតណាម​នៅលើ​បឹង​ទន្លេសាប ដែល​បាន​បម្លាស់​ទី​ឲ្យ​មក​រស់នៅ​លើគោក​។ ហើយ​អ្វី​ដែលជា​ក្តីបារម្ភ​របស់លោក​ស្រី គឺ​ផ្តោតលើ​បញ្ហា​សិទ្ធិមនុស្ស ដោយ​ខ្លាចក្រែង​ការ​បម្លាស់​ទីនេះ​វា​ពាក់ព័ន្ធ​ទៅដល់​ការរំលោភបំពាន​ទៅលើ​សិទ្ធិមនុស្ស​។​

​ជាការ​ឆ្លើយតប​សម្តេច​ក្រឡាហោម ស ខេង បានបញ្ជាក់​ជូន​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ថា នេះ​ជាការ​អនុវត្ត​របស់​អា​ជ្ញា​ធរ គឺ​ដើម្បី​កែលម្អរ​បរិស្ថាន និង​អនាម័យ​។ ហើយ​បើសិនជា​អាជ្ញាធរ​មិន​អនុវត្ត​ទេ គឺ​តំបន់​ដែល​ប្រជាពលរដ្ឋ​វៀតណាម​ស្នាក់នៅ​នោះ គឺ​វា​អាច​បង្ក​ទៅជា​បញ្ហា​អនាម័យ បរិស្ថាន វា​ធ្ងន់ធ្ងរ​។ ហើយ​វា​មិន​ត្រឹមតែ​ជះឥទ្ធិពល​ដល់​តំបន់​ដែល​ពួកគាត់​រស់នៅ​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅក្រោម​ទន្លេ​ក៏​វា​ជួបនឹង​បញ្ហា​អនាម័យ បរិស្ថាន ផ្សេងៗ​ទៀត​ដែរ​។​

​សម្តេច​ក្រឡាហោម បាន​បញ្ជាក់ថា “​ការអនុវត្ត​អ្វីៗ​កន្លងមក​នឹង​នៅ​ខេត្តកំពង់ឆ្នាំង គឺ​យើង​ធ្វើ​ដោយមាន​ការយកចិត្តទុកដាក់​ណាស់ ដោយ​មិនមាន​ការរំលោភ​សិទ្ធិមនុស្ស រឹបអូស​ស្អីៗ​នឹង គឺ​មិនមាន​ទេ ហើយ​អ្វីៗ គឺ​អនុវត្ត​ទៅតាម​ច្បាប់ ប៉ុន្តែ​ការធ្វើ​យ៉ាងណា​រៀបចំ​សណ្តាប់ធ្នាប់​”​។​

​យោងតាម​របាយការណ៍​ដែល​រស្មី​កម្ពុជា​ទទួលបាន គឺ​ផ្ទះ​ប្រជាពលរដ្ឋ​វៀតណាម​ដែល​នៅលើ​បឹង​ទ​ន្លឹ​សាប​មាន​ចំនួន​សរុប ១៨៣៦​ខ្នង​ផ្ទះ ដោយមាន​មនុស្ស​ចំនួន​១០០៨៧​នាក់ និង​មាន​ចំនួន ២៣៩៧​គ្រួសារ ដោយបាន​បម្លាស់​ទី​អស់ហើយ​។ ប៉ុន្តែ​នៅសល់​៧៥០​ផ្ទះ​ទៀត គឺជា​ផ្ទះ​ដែលមាន​បែ​ត្រី ដោយ​ក្នុងនោះ នៅ​កំពុងត្រឡាច​មាន​ចំនួន ៣៦​ផ្ទះ , ជល​គី​រី មាន​ចំនួន ៣៦​ផ្ទះ , រលាប្អៀ មាន​ចំនួន​៤៩​ផ្ទះ , កំពង់ឆ្នាំង មាន​ចំនួន ៤៥៨​ផ្ទះ , កំពង់​លែងមាន​ចំនួន ៣៤​ផ្ទះ , និង​បរិបូរណ៍​មាន​ចំនួន ១៣៧​ផ្ទះ​។

​ការធ្វើ​បម្លាស់​ទីនេះ គឺ​បានធ្វើ​តាំងពី​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៥ ដោយ​ការ​បម្លាស់​ទីនេះ ពី​ទីតាំង​ចាស់​មក​ទីតាំង​ថ្មី​។ ប៉ុន្តែ​ជំហាន​ពី​ទឹក​ឡើងគោក​នេះ បាន​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​០១ ខែតុលា​ឆ្នាំ​២០១៨​។ អាជ្ញាធរខេត្ត​កំពង់ឆ្នាំង​បានរៀបចំ​ឲ្យ​ជនជាតិ​វៀតណាម​ទៅ​រស់នៅ​ភូមិ​ដំបូក​កកោះ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀ​។ ចំពោះ​ផ្ទះ​នៅសល់ ៧៥០​ផ្ទះ ជា​ផ្ទះ​ដែលមាន​បែ​ត្រី ជា​ប្រភេទ​ដែល​ត្រូវ​រៀបចំ​ជា​ជំហាន​ទី​២ និង​កំពុងតែ​ផ្សព្វផ្សាយ​អនុវត្ត​ជំហាន​ទី​២ ដោយ​ជំហាន​ទី​១ បាន​ចប់​ជា​ស្ថាពរ​ហើយ​។ ដី​ដែល​បម្លាស់​ទី​មកលើ​គោក ទំហំ​៤០​ហិកតា​។​

​សូមជម្រាបថា កាលពី​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៨ អាជ្ញាធរខេត្ត​កំពង់ឆ្នាំង បាន​ចាប់ធ្វើ​បម្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក​របស់​ជនជាតិ​វៀតណាម នៅក្នុង​ក្រុង​កំពង់ឆ្នាំង ឲ្យ​មក​រស់នៅ​លើគោក​វិញ​ឱ្យអស់​ត្រឹម​ចុងឆ្នាំ​២០១៨​នេះ​។ អាជ្ញាធរខេត្ត​កំពង់ឆ្នាំង ក៏បាន​ផ្សព្វផ្សាយ​សេចក្តីជូនដំណឹង​ពី​ផែនការ​ខាងលើនេះ ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅ​លើផ្ទះ​បណ្តែត​ទឹក​ក្នុង​ទន្លេ ដើម្បី​ចូលរួម​អនុវត្ត​ផែនការ​៥​ឆ្នាំ​របស់​ខេត្ត​ឱ្យ​ទទួលបាន​ជោគជ័យ​។ ផែនការ​នេះ គឺ​ត្រូវអនុវត្ត ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៩​។​

​សូមជម្រាបថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា លោកស្រី រ៉ូ​ណា ស្មី​ត បាន​ជួប​ជាមួយ​លោក​ជា សុផារ៉ា រដ្ឋមន្ត្រី​រៀបចំ​ក្រសួង​រៀបចំ​ដែនដី នគ​រូប​នី​យ និង​សំណង់ លោក​ឆាយ ថន រដ្ឋមន្ត្រី​ក្រសួងផែនកា​រ លោក​កែវ រ៉េមី ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស​កម្ពុជា លោក​អង្គ​វង្ស វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក​អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោកស្រី អៀ​ត សុភា រដ្ឋលេខាធិការ ជួសមុខ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជួប​ជាមួយ​មេដឹកនាំ​គណបក្សនយោបាយ​មួយចំនួន រួមទាំង​ក្រុម​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ផងដែរ​៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម