មន្ទីរពេទ្យ​មួយ​នៅ​ប្រទេស​ចិន​ដែល​តែង​បាន​មកជួយ​ព្យាបាល​ជម្ងឺ​ប្រជាពលរដ្ឋ​កម្ពុជា​

945
ចែករម្លែក

​ដោយ:​យោធិន​/ជាំ​ង​ស៊ូ ៖ ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ខ្មែរ​តែងមាន​ទម្លាប់​នាំគ្នា​ស្វែងរក​សេវា​ព្យាបាល​ជំងឺ នៅ​ប្រទេស​ថៃ និង​វៀតណាម​មាន​ចំនួន​យ៉ាងច្រើន ប៉ុន្តែ​សម្រាប់​មន្ទីរពេទ្យ ខេត្ត​ជាំ​ង​ស៊ូ ប្រទេស​ចិន ដែលមាន ឈ្មោះ​ល្បី ហើយ​រដ្ឋាភិបាល​ទាំងពីរ ប្រទេស​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ផង​នោះ មិនទាន់មាន​ពលរដ្ឋ​ខ្មែរ​មក​ពិនិត្យ​ព្យាបាល​នៅឡើយ​ទេ ខណៈ​មន្ទីរពេទ្យ​មួយ​នេះ បាន​បំពាក់​ទៅដោយ​គ្រឿង​បរិក្ខា​ពេទ្យ ទៅតាម​បច្ចេកវិទ្យា​ទំនើប ហើយ​ជាពិសេស បាន​បញ្ជូន​គ្រូពេទ្យ​ជំនាញៗ​របស់ខ្លួន​ជា​ញឹកញាប់ ទៅពិនិត្យ​ព្យាបាល​ជំងឺ​ទូទៅ ដល់​ពលរដ្ឋ​ខ្មែរ​បាន​ចំនួន ៥​លើក​កន្លងមកហើយ​នោះ​។​

បច្ចុប្បន្ននេះ​ការរក​សេវា​ព្យាបាល​ជំងឺ របស់​ពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស កំពុង​តែមាន​ចលនា​យ៉ាង​ផុសផុល ។ តាម​ការកត់សំគាល់ ខេត្ត​សូ​រិន្ទ​ក្នុងប្រទេស​ថៃ​ដែល​ជាប់​ព្រំដែន ជាមួយ​កម្ពុជា​នាពេល​ថ្មីៗ​នេះ បាន​ពង្រីក​អគារ​ព្យាបាល​ជំងឺ​សម្រាប់​ទទួល​ពលរដ្ឋ​កម្ពុជា​ដែល​កន្លង​ទៅបាន​សម្រុក​ទៅរក​សេវា​ព្យាបាល​នៅ​ប្រទេស​វៀតណាម​នោះ​។​

ប្រធាន​មន្ទីរពេទ្យ​ជាំ​ង​ស៊ូ លោក ចាង ជា​ហាយ បាន​ថ្លែង ប្រាប់​ប្រតិភូ​អ្នកសារព័ត៌មាន​ខ្មែរ​ក្នុងអំឡុងពេល​បំពេញ​ទស្សនកិច្ច​លើទឹក​ដី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នា​សប្តាហ៍​កន្លងទៅ​ថ្មីៗ​នេះ​ថាៈ កន្លងទៅ​មន្ទីរពេទ្យ​បាន​បញ្ជូន​ក្រុមគ្រូពេទ្យ​មួយចំនួន​ទៅ​ប្រទេស​កម្ពុជា ដើម្បី​ចុះ​ពិនិត្យ​ព្យាបាល អ្នកជំងឺ​តាម​បណ្តា​ខេត្ត​មួយចំនួន​រួមមានៈ​ខេត្ត​ព្រះសីហនុ ក្រុងភ្នំពេញ សៀមរាប និង​ខេត្តកំពង់ស្ពឺ ចាប់ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៨ ដោយ​ព្យាបាល​អ្នកជំងឺ សរុប​ចំនួន​១៣.០០០​នាក់ ។​

ទោះបី​គ្រូពេទ្យ​បាន​ចុះ​ព្យាបាល អ្នកជំងឺ​នៅ​កម្ពុជា​ក៏ដោយ ប៉ុន្តែ មិនទាន់មាន​ពលរដ្ឋ​កម្ពុជា​មក​ទទួល​ការព្យាបាល​ជំងឺ​នៅ​ប​​មន្ទីរពេទ្យ​ជាំ​ង ស៊ូ​នៅឡើយ​ទេ​។ ប៉ុន្តែ​មាន​និស្សិត​ខ្មែរ​បានមក​រៀន នៅ​សកល​វិទ្យាល័យ​ផ្នែក​វេជ្ជ សាស្ត្រ ព្រោះ​មន្ទីរពេទ្យ​ខាងលើនេះ​មាន​សកល​វិទ្យាល័យ ដែល​ទទួល​សិស្ស​មកពី​បណ្តា​ប្រទេស ផ្សេងៗ​ឲ្យ​ចូលរៀន​។​នេះ​បើតាម​ការបញ្ជាក់​ពី​សំណាក់​ប្រធាន​មន្ទីរពេទ្យ​ជាំ​ង​ស៊ូ លោក ចាង ជា​ហាយ​។​​ចំណែក​លោកស្រី ជូ ម៉េង​ហុង មកពី​គណៈកម្មាធិការ​សុខាភិបាល​ខេត្ត​ជាំ​ង​ស៊ូ បាន​ថ្លែង​ឲ្យ​ដឹង​ដែរ​ថាៈ លោកស្រី​កំពុង​ស្នើ​ទៅ​ថ្នាក់លើ ដើម្បី​បើក​វគ្គ​បណ្តុះបណ្តាល​គ្រូពេទ្យ​មកពី​ខ្មែរលើ​មុខជំនាញ​ផ្នែក សុខាភិបាល​ផងដែរ​។​

​លោកស្រី​បន្តថា កម្ពុជា​-​ចិន​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​៦០​ឆ្នាំ​ហើយ ទាំង​វប្បធម៌ សេដ្ឋកិច្ច និង​វិស័យ​ផ្សេងៗ​ជាច្រើន​ទៀត ក្នុងនោះ​ផ្នែក​សុខាភិបាល​ក៏បាន​សហប្រតិបត្តិការ ជាមួយគ្នា​យ៉ាង​ល្អប្រសើរ​ផងដែរ​។​

​ចំណែក លោក យ៉ាង យី​ជៀ ដែល​ដឹកនាំ​ប្រតិភូ​របស់​គ្រូពេទ្យ​ទៅពិនិត្យ​ព្យាបាល​ជំងឺ​ទូទៅ​នៅ​កម្ពុជា​៥​លើក​នោះបាន​លើកឡើងថា ស្ថានភាព​ប្រភេទ​ជំងឺ​នៅ​កម្ពុជា​រួមមានៈ​គ្រុនចាញ់ សើ​ស្បែក ។ ក្នុងនោះ​លោក​បាន​យល់ដឹង​ពី​វិស័យ​សុខាភិបាល​ខ្លះៗ ទទួល​បានការ​រួសរាយ​រាក់ទាក់​ពី​ពលរដ្ឋ ហើយក៏​ខ្វះខាត​ឱសថ​ដែរ​។​
​លោក​បាន​សង្កត់ធ្ងន់ថាៈ នឹង​បន្ត​ពង្រឹង​ទំនាក់ទំនង​ជាមួយ​កម្ពុ​ជា​បន្ថែមទៀត​លើ​វិស័យ​សុខាភិបាល​ទៅ​ថ្ងៃ​អនាគត​។​

​សូមបញ្ជាក់ថា មន្ទីរពេទ្យ​បាន​បង្កើតឡើង​កាលពី​ឆ្នាំ​១៩៣៦ ហើយ​រហូតមកទល់​ប​ច្ចុ​ប្បន្ន​មាន​បុគ្គលិក​ទាំងអស់​៥.០០០​នាក់ និង​ក្រុម​វេជ្ជបណ្ឌិត​មាន​ជាង​១.០០០​នាក់ ហើយក៏​ជា​មន្ទីរពេទ្យ​ស្ថិតក្នុង​ចំណាត់ថ្នាក់​ល្អ​ប្រចាំខេត្ត​ជាំ​ង​ស៊ូ​ទាំងមូល​ផងដែរ​៕B/

ប្រតិភូ​អ្នក​សារ​ពត៍​មាន​កម្ពុជា ជួប​ជាមួយ​ក្រុមគ្រូពេទ្យ​ចិន​ដែល​តែង​បាន​ចុះទៅ​ជួយ​ព្យាបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​កម្ពុជា

ទីតាំងផ្សាយពាណិជ្ជកម្ម