ភាពយន្ត​ជប៉ុន​ចំនួន​១១​ស្នាដៃ និង​ដាក់​បញ្ចាំង​ក្នុង​ពិធី​មហោស្រព​ភាពយន្ត​ជប៉ុន​២០១៨

1556
ចែករម្លែក

ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: ភាពយន្ត​ចម្រុះ​ចំនួន ១១​ស្នាដៃ នឹងធ្វើ​ការចាក់​បញ្ចាំង​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ទស្សនា ក្នុង​រោងភាពយន្ត​ទំនើប​ដោយ​មិន​គិត​ថវិកា នៅ​រាជធានី​ភ្នំពេញ និង ខេត្តសៀមរាប ក្នុង​កម្មវិធី «​មហោស្រប​ភាពយន្ត​ជប៉ុន​» ដែល​ចាប់ផ្តើម​ចាក់​បញ្ចាំង​ពីថ្ងៃ​ទី​៨ ដល់​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះហើយ​។​

​ថ្លែង​ក្នុង​ពិធី​បើកសម្ពោធ «​មហោស្រប​ភាពយន្ត​ជប៉ុន​» នៅ​សាល​មហោស្រព​ចតុមុខ កាលពី​យប់​ថ្ងៃទី​៧ វិ​ចិ្ឆ​កា ២០១៨ លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រ បាន​មានប្រសាសន៍ថា នេះ​គឺ​ធ្វើ​រយៈពេល​បួន​ឆ្នាំ​មកហើយ តាមពិត​មហោស្រព​យើង​ធ្វើ​ឆ្នាំនេះ​ជាពិសេស សម្រាប់​ខួប​លើក​ទី​៦៥​ឆ្នាំ ចឹ​ង​ការរៀបចំ​ធ្វើ​នេះ​គឺ​តាមរយៈ​ខ្សែភាពយន្ត ដើម្បីអោយ​មានការ​យល់​ដឹង​អំពី​ទំនៀមទម្លាប់ ដែលជា​ប្រទេស​ជា​មិត្ត​នឹង​គ្នា ដូច្នេះ​ប្រជាជន​កម្ពុជា​ត្រូវ​យល់ដឹង​អំពី​ប្រពៃណី​ទំនៀមទម្លាប់​របស់​ប្រជាជន​ជប៉ុន ក៏ដូចជា​ខ្សែភាពយន្ត​របស់​យើង​មួយចំនួន​ដែល​ផ្សាយ​នៅ​ជប៉ុន ដើម្បីអោយ​ជប៉ុន​បានដឹង​ពី​ប្រពៃណី របស់​ប្រជាជន​កម្ពុជា​ផងដែរ​។​

លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រ ផ្តល់​បទសម្ភាសន៍ ក្នុង​ថ្ងៃ​បើក​ពិធី​មហោស្រព​ភាពយន្ត​ជប៉ុន​២០១៨​។

​លោកស្រី​បន្តថា ដូច្នេះ​តាមរយៈ​ការយល់ដឹង​រវាង​គ្នា​ទៅវិញទៅមក គឺ​បាន​បង្ក​នូវ​ការគោរព ភាព​ចម្រុះ​គ្នា​របស់​វប្បធម៌ ហើយ​តាមរយៈ​ការ​រាប់អាន​គ្នា​នេះ គឺ​នាំមក​នូវ​សុខសន្តិភាព​ដែរ ដែល​នាំមក​នូវ​ការយល់ដឹង​របស់​គ្នា​ទៅវិញទៅមក យើង​ចាត់ទុក​ភាពយន្ត គឺជា​មធ្យោបាយ​មួយ​ក្នុងការ​អប់រំ​យុវជន ក៏ដូចជា​មនុស្ស​ចាស់​ផងដែរ​។​

លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ស​ហ៊ី​សា ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សម​ត្ថិ​ភាព របស់​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា​។​

លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ស​ហ៊ី​សា ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សម​ត្ថិ​ភាព របស់​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍​ក្នុង​ពិធី​បើក ថា «​មហោស្រព​ភាពយន្ត​នេះ គឺ​ត្រូវ​ប្រារព្ធ​ឡើងជា​រាងរាល់ឆ្នាំ ដោយ​មជ្ឈមណ្ឌល​អាស៊ី​នៃ​មូលនិធិ​ជប៉ុន ចាប់តាំងពី​ឆ្នាំ​២០១៥​មក​។ មហោស្រព​ភាពយន្ត​នេះ នឹង​ចាប់​បញ្ចាំងភាពយន្ត​ជប៉ុន​ថ្មី​បំផុត​ចំនួន​១១​រឿង ដែល​ក្នុងនោះ​មាន​ភាពយន្ត Anime ចំនួន​ពីរ​រឿង​ផងដែរ និង​ចាក់​បញ្ចាំង​នៅ​រាជធានី ភ្នំពេញ​និង​សៀមរាប​។​

​ក្រៅពី​ការចាក់​បញ្ចាំង មជ្ឍមណ្ឌល​អាស៊ី​នៃ​មូលនិធិ​ជប៉ុន ក៏បាន​អញ្ជើញលោក Koji Ichihashi ផលិតករ​ភាពយន្ត​រឿង One Cut of Dead ដែលជា​ភាពយន្ត​បែប​រន្ធត់​លាយឡំ​នឹង​កំប្លែង ដើម្បី​រៀបចំ​សិក្ខាសាលា​ផ្លាស់ប្តូរ ចំណេះដឹង​ជាមួយ​ផលិតករ​ភាពយន្ត​ខ្មែរ និង​និស្សិត​ខ្មែរ​។​

​សូមបញ្ជាក់ថា មហោស្រព​ភាពយន្ត​ជប៉ុន​នៅ​កម្ពុជា​ប្រចាំឆ្នាំ​២០១៨ ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​រោងភាពយន្ត​Major Cineplex AEON 1 និង​រោងភាពយន្ត​Legend សាខា​ទួ​ក​គោក នៅ​រាជធានី​ភ្នំពេញ និង​ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​រោងភាពយន្ត​Major Cineplex ខេត្តសៀមរាប​។ កម្មវិធី​នេះ​រៀបចំឡើង​ដោយ​មូលនិធិ​ជប៉ុន រួមសហការ​ជាមួយ​ស្ថានទូត​ជប៉ុន ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន​៕

ទីតាំងផ្សាយពាណិជ្ជកម្ម