មនុស្ស​រាប់សិប​នាក់​រួច​ផុតពី​គ្រោះថ្នាក់​ក្រោយ​រកឃើញ​គ្រាប់ MK82 សល់​ពី​សម័យ​សង្គ្រាម​

890
ចែករម្លែក

ដោយ​: សុខុម / ស្ទឹងត្រែង​: មនុស្ស​គ្រប់គ្នា​លាន់មាត់​ថា វា​ជា​សំណាង​មួយ​ដែល​មិនបាន​បង្ក​ជា​គ្រោះថ្នាក់​ដល់​អាយុជីវិត ក្រោយពី​ប្រជាពលរដ្ឋ​ប្រទះឃើញ​គ្រាប់​ដ៏​ធំ​មួយ ហើយ​រាយការណ៍​ទៅកាន់​សមត្ថកិច្ច​ទាន់ពេលវេលា​។ ករណី​ប្រជាពលរដ្ឋ​ឃើញ​គ្រាប់ ស្ថិតនៅតាម​ដង​ទន្លេសេកុង ក្នុងភូមិ​បាន​មួង​ឃុំ​សេកុង ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃទី​៧​ខែវិច្ឆិកា​ឆ្នាំ​២០១៨​។​

លោក​ជឹម អេ​ន​អធិការដ្ឋាន​នគរបាល​ស្រុក​សៀម​ប៉ាង បាន​ប្រាប់​រស្មី​កម្ពុជា ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​៨​ខែវិច្ឆិកា​ថា ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​គ្រាប់​ក្រោយពី​ដី​ច្រាំង​ទន្លេសេកុង បាន​បាក់ស្រុត​កាលពី​រដូវវស្សា​។ ប្រជាពលរដ្ឋ មិនបាន​ប៉ះពាល់​អ្វី​ឡើយ ដោយ​ខ្លា​ចវា​ផ្ទុះឡើង​បង្ក​នាំឱ្យមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ក៏បាន​រាយការណ៍​មក​សមត្ថកិច្ច​។​

​ក្រោយពី​ទទួលបាន​ដំណឹង​នេះ លោក​អធិការ​ស្រុក​ក៏បាន​រាយការណ៍​បន្ត ទៅ​ថ្នាក់លើ​និង​ផ្តល់ដំណឹង ទៅខាង​ជំនាញ​ដោះ​គ្រាប់​ស៊ីម៉ាក់ ហើយ​បាន​ពិនិត្យ​ដឹកជញ្ជូន​ចេញពី​ស្រុក​សៀម​ប៉ាង​ដោ​យស​វត្ថិ​ភាព​។​

​លោក​អធិការ​ស្រុក​បាន​បញ្ជាក់ថា គ្រាប់​នោះ វា​អាច​នឹង​ផ្ទុះ​បាន​នៅពេល​ណាមួយ​បើសិន​ជាមាន​មនុស្ស​ទៅ​បំផ្លាញចោល​ដោយ​គ្មាន​ជំនាញ​។ នេះ​គឺជា​សំណាង​មួយ ដែល​ប្រជាពលរដ្ឋ​យល់ដឹង​រាយការណ៍​ជូន​សមត្ថកិច្ច ទាន់ពេលវេលា​។​

​វា​ជា​សំណាង​ណាស់​ដែល​ពលរដ្ឋ​មិន​បំផ្ទុះ​យក​ដែក​លក់​ជា​អេតចាយ​។ មន្ត្រី​ជំនាញ​ស៊ីម៉ាក់​បានបញ្ជាក់​ថា វា​គឺជា​ប្រភេទ​គ្រាប់​បេ​ទម្លាក់​ពីលើ​យន្តហោះ កាលសម័យ​សង្គ្រាម​អា​រិ​ក ហើយ​ជា​ប្រភេទ MK82 អាច​សម្លាប់​មនុស្ស​រាប់​សិប​នាក់​មួយ​ប៉ព្រិចភ្នែក​៕

ទីតាំងផ្សាយពាណិជ្ជកម្ម