គ្រូពេទ្យ​វះកាត់​អូស្ត្រាលី​ព្យាយាម​បំបែក​កូនភ្លោះ​ប៊ូ​តង់​ចេញពី​គ្នា​

1276
ចែករម្លែក

​គ្រូពេទ្យ​វះកាត់​នៅ​ប្រទេស​អូស្ត្រាលី​បានចាប់ផ្តើម​ការវះកាត់​ដ៏​ស្មុគស្មាញ​ដើម្បី​បំបែក​កូនភ្លោះ​ខ្លួន​ជាប់​គ្នា​ជនជាតិ​ប៊ូ​តង់​។ នេះ​បើ​យោងតាម​វេ​ប​សាយ​ប៊ី​ប៊ី​ស៊ី​ចេញផ្សាយ​ព្រឹក​ថ្ងៃទី ៩ វិច្ឆិកា​នេះ​។​

​ក្រុម​វេជ្ជបណ្ឌិត​និយាយថា ក្មេងស្រី​អាយុ ១៥ ខែ​ឈ្មោះ​នី​ម៉ា និង ដា​វ៉ា ផែល​ដិ​ន ជាប់​គ្នា​ត្រង់​ដងខ្លួន​និង​មាន​ថ្លើម​រួមគ្នា ហើយ​ពោះវៀន​ក៏​អាច​ជាប់​គ្នា​ដែរ​។​

​ក្មេង​ភ្លោះ​នេះ​ត្រូវបាន​នាំមក​ទីក្រុង​មែ​ល​ប៊​ន​ជាមួយ​ម្តាយ​របស់​ពួកគេ​ដើម្បី​ធ្វើការ​វះកាត់​កាលពី​ខែតុលា ប៉ុន្តែ​ត្រូវបាន​ពន្យារពេល ដូច្នេះ​ក្មេងស្រី​ទាំង​២​អាច​បង្កើន​អាហារូបត្ថម្ភ​។​

​វេជ្ជបណ្ឌិត​បាន​និយាយថា ពួកគេ​មាន​ទំនុកចិត្ត​ថា​កូនភ្លោះ​ឥឡូវនេះ​ត្រៀមខ្លួន​រួចរាល់​ហើយ​សម្រាប់​ការវះកាត់​។​

​អ្នកឯកទេស​ប្រហែល ១៨ រូប​ចែកចេញជា​២​ក្រុម សម្រាប់​ក្មេងស្រី​នីមួយៗ កំពុង​ចូលរួម​ក្នុងការ​វះកាត់​នៅឯ​មន្ទីរពេទ្យ​កុមារ​រ៉ូយ៉ាល់​មែ​ល​ប៊​ន​។ ការវះកាត់​ត្រូវបាន​គេ​រំពឹងថា​នឹងមាន​រយៈពេល​យ៉ាងតិច ៦ ម៉ោង​។​

​កូនភ្លោះ​ខ្លួន​ជាប់​គ្នា​គឺជា​ករណី​កម្រ​ណាស់​។ ករណី​ក្មេង​ភ្លោះ​ជាប់​គ្នា​គឺមាន ១ ក្នុងចំណោម​កំណើត​ចំនួន ២០០.០០០ ហើយ​ប្រហែល ៤០-៦០ ភាគរយ នៃ​កំណើត​ទាំងនោះ គឺ​ស្លាប់​ទាំង​នៅក្នុង​ផ្ទៃ​ម្តាយ​។​

​ក្មេង​ភ្លោះ​ខ្លួន​ជាប់​គ្នា​តិចតួច​ណាស់​អាច​នៅមាន​ជីវិត​រស់នៅ​លើ​ផែនដី​រៀងរាល់ឆ្នាំ​៕ ដោយ៖ កញ្ញាដាលីស

នី​ម៉ា និង ដា​វ៉ា ផែល​ដិ​ន កំពុង​ត្រូវបាន​វះកាត់​បំបែកចេញ​ពីគ្នា​នៅ​មែ​ល​ប៊​ន​ព្រឹក​ថ្ងៃ​សុក្រ​នេះ

ទីតាំងផ្សាយពាណិជ្ជកម្ម