អតីត​ជំទាវ​ទី​១​ហ្វីលីពីន អ៊ី​មេ​ល​ដា ម៉ា​កូ​ស ប្រឈម​ការជាប់គុក​ក្រោយ​តុលាការ​រកឃើញ​កំហុស​

924
ចែករម្លែក

ភរិយាមេម៉ាយរបស់សពប្រធានាធិបតី ហ្វែឌីណង់ ម៉ាកូស ត្រូវបានតុលាការផ្តន្ទាទោសអោយជាប់គុកយ៉ាងតិច៤២ឆ្នាំ ចំពោះការចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធលុយ៦៥៨លានដុល្លារ ដែលគ្រួសាររបស់លោកស្រីត្រូវបានគេចោទថាលាក់ទុកក្នុងគណនីមួយចំនួននៅស្វីស។

តុលាការប្រឆាំងអំពើពុករលួយហ្វីលីពីន កាលពីថ្ងៃសុក្រទី៩វិច្ឆិកា បានរកឃើញថាលោកស្រីអ៊ីមេលដា ម៉ាកូស(Imelda Marcos)មានកំហុស៧ករណីចំពោះការប្រព្រឹត្តអំពើពុករលួយ។តុលាការបានកាត់ទោសលោកស្រីអោយជាប់គុក១១ឆ្នាំចំពោះបទចោទប្រកាន់មួយករណីៗនិងក៏បានដកសិទ្ធិលោកស្រីពីការស្វះស្វែងកាន់តំណែងសាធារណៈនានា។

សូមបញ្ជាក់ថា អតីតជំទាវទី១វ័យ៨៩ឆ្នាំរូបនេះ កំពុងឈរឈ្មោះជាអភិបាលខេត្តភាគខាងជើង អ៊ីឡីកូស ណត ដែលជាមូលដ្ឋានអំណាចរបស់គ្រួសារលោកស្រី។

ទោះជាយ៉ាងណា លោកស្រីត្រូវបានអនុញ្ញាតអោយបង់ប្រាក់ធានាខ្លួននៅក្រៅឃុំ ខណៈរង់ចាំបណ្តឹងឧទ្ធរណ៍។

សូមរំលឹកថា ម៉ាកូស ល្បីដោយសារតែបានបន្សល់ទុកស្បែកជើងជាង១២០០គូ ពេលគ្រួសារលោកស្រីភៀសខ្លួនទៅអាមេរិកក្រោយប្រជាជនហ្វីលីពីននាំគ្នាធ្វើបដិវត្តន៍អំណាចប្រជាជនបណ្តេញជនផ្តាច់ការ ហ្វែរឌីណង់ ម៉ាកូសចេញពីអំណាចនៅឆ្នាំ១៩៨៦។

ស្វាមីរបស់លោកស្រី ដែលកាន់តំណែងប្រធានាធិបតីអស់ជិត២ទសវត្សរ៍ ត្រូវបានចោទប្រកាន់ថាប្រមូលលុយបានជាង១០ពានលានដុល្លារក្នុងពេលកាន់តំណែងនិងលោកបានស្លាប់នៅអាមេរិកនៅឆ្នាំ១៩៨៩។

បណ្តឹងពុករលួយ ដែលប្តឹងតាំងពីឆ្នាំ១៩៩១ ចេញមកពីការចោទប្រកាន់ថាលោកស្រីម៉ាកូសមានចំណែកភាគហ៊ុនហិរញ្ញវត្ថុនៅក្នុងយ៉ាងតិចមូលនិធិចំនួន៧ នៅប្រទេសស្វីស ខណៈលោកស្រីធ្វើជារដ្ឋមន្រ្តីនិងអភិបាលក្រុងម៉ានីសចាប់ពីឆ្នាំ១៩៧៨ដល់១៩៨៦ និងជាសមាជិកសភាចាប់ពីឆ្នាំ១៩៧៨ដល់១៩៨៤។

សូមបញ្ជាក់ថា ទីភ្នាក់ងាររដ្ឋាភិបាលមួយត្រូវបានបង្កើតឡើងដើម្បីតាមរកលុយដែលគ្រួសារម៉ាកូសបានលួចយក យ៉ាងតិច៦៥៨លានដុល្លារ និងត្រូវបានដាក់ក្នុងមូលនិធិនានានៅស្វីស ដែលបង្កើតឡើងដោយសមាជិកគ្រួសារនិងមេធាវីរបស់គ្រួសារនេះ។

មូលនិធិមួយឈ្មោះថាAvertinaមានលុយ២៤០លានដុល្លារក្នុងគណនីរបស់វា។មូលនិធិ២ទៀត Aguamina និងBanque Paribasបានគណនីតំលៃប្រមាណ១០០លានដុល្លារ៕ដោយ៖វាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម