ចាប់ខ្លួន​នាយិកា​ក្រុមហ៊ុន​លី អ៊ុ​អេង លី​មី​ធី​ត​នៅ​សៀមរាប យកមក​ឃុំ​នៅ​ភ្នំពេញ​ករណី​ចេញ​សែក​អត់​ប្រា​ក់ជាង​៣​លាន​ដុល្លារ

865
ចែករម្លែក

​ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: អ្នកស្រី លី អ៊ុ​អេង នាយិកា​ក្រុមហ៊ុន​លី​អ៊ុ​អេង​លី​មី​ធី​ត ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​នៅ​ទឹកដី​ខេត្តសៀមរាប​តាម​ដីកា​របស់​សាលាដំបូង​ខេត្តសៀមរាប ពាក់ព័ន្ធ​នឹង​ការចេញ​សែក​អត់​សាច់ប្រាក់​ចុំ​នួន​ជាង​៣​លាន​ដុល្លារ​អាមេរិក​។​

​បន្ទាប់ពី​ចាប់ខ្លួនបាន​ហើយ​សាលាដំបូង​ខេត្តសៀមរាប​បាន​ផ្ទេរ​សមត្ថ​កិច្ចចាត់ការ​សំណុំ​រឿងនេះ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​វិញ​រួច​បញ្ជូន​អ្នកស្រី លី អ៊ុ​អេង​មក​រាជធានី​ភ្នំពេញ​។​
​រហូតមកដល់​រសៀល​ថ្ងៃទី​៩​ខែវិច្ឆិកា​លោក​ម៉ុង មុនី​សោភា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានចេញ​ដីកាឃុំខ្លួន​អ្នកស្រី លី អ៊ុ​អេង​ដាក់ពន្ធនាគារ​តែម្តង​។​

​គួរ​បញ្ជាក់ថា លោក ងួន ណា​រ៉ា ប្រធាន​សាលាដំបូង​ខេត្តសៀមរាប និង​ជា​ចៅក្រម​ស៊ើបសួរ​បានចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​អ្នកស្រី លី អ៊ុ​អេង កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨ ក្រោម​ការចោទប្រកាន់​ពីបទ «​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​» ប្រព្រឹត្ត​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៨​។​

​បើតាម​ដីកា​តុលាការ​, មុនពេល​ចាប់ខ្លួន​នេះ​គឺ​អ្នកស្រី លី អ៊ុ​អេង បានគេច​ខ្លួន​មិន​ទទួលខុសត្រូវ នៅពេលដែល​សមត្ថកិច្ច​បាន​ទៅដល់​គេហដ្ឋាន​របស់លោក​ស្រី​។​
​ក្រៅពី​សំណុំ​រឿងនេះ នៅមាន​ប្រជាពលរដ្ឋ​ចំនួន​៨​គ្រួសារ បាន​ចោទ​អ្នកស្រី លី អ៊ុ​អេង ថា​រំលោភ​យក​ដី​របស់​ពួកគាត់​ប្រមាណ​ជាង ១០​ហិកតា នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង និង​ខេត្តសៀមរាប​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម