ប៉ូលិស​បំបែកសំណុំរឿង​ស្ត្រី​ស៊ីឈ្នួល​ពរ​ពោះ ចាប់ខ្លួន​១៥​នាក់

1026
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ប៉ូលិស​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​បំបែកសំណុំរឿង​ថ្មី​មួយ​ទៀតហើយ គឺ​ស្ត្រី​ស៊ីឈ្នួល​ពរ​ពោះ​ជំនួស ដោយបាន​ឃាត់ខ្លួន​ស្ត្រី​ពរ​ពោះ​ជំនួស​ចំនួន ១៣​នាក់ និង​បុរស​២​នាក់​ទៀត ដោយ​ការបង្ក្រាប​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ គឺ​បាន​ធ្វើឡើង​នៅ​ទី​តាំងពីរ​ផ្សេងគ្នា គឺ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​នៅក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ការបង្ក្រាប​នេះ បានធ្វើ​ឡើង​ដោយ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​។​
​បើតាម​ប្រភព​ច្បាស់​ការណ៍ និង​អាច​ជឿទុកចិត្ត​បាន​ប្រាប់​រស្មី​កម្ពុជា កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា​ថា ករណី​ជួល​ស្ត្រី​ពរ​ពោះ​ជំនួស​ថ្មី​មួយ​ទៀតហើយ ត្រូវបាន​សមត្ថកិច្ច​ប​ង្ក្រា​ប​បាន និង​បាន​ឃាត់ខ្លួន ស្ត្រី​ពរ​ពោះ​ចំនួន​១៣​នាក់ និង​បុរស​២​នាក់​។ ហើយ​ករណីនេះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ការឃាត់ខ្លួន​ស្ត្រី​ពរ​ពោះ​ជំនួស​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ គឺ​ខណៈពេលដែល​ពួកគេ​បម្រុង​នឹង​ចេញដំណើរ​ទៅ​ក្រៅប្រទេស​។ ហើយ​ស្ត្រី​ពរ​ពោះ​ជំនួស​ទាំង​១៣​នាក់ សមត្ថកិច្ច​បាន​នាំខ្លួន​មក​សាកសួរ​ព័​ត៍​មាន​ដើម្បី​បំពេញបែបបទ​តាម​នីតិវិធី ដើម្បី​បញ្ជូនទៅ​តុលាការ​។​

​ទាក់ទង​ករណីនេះ លោក​កែវ ធា ប្រធានការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ដោយ​បង្វែ​សំនួរ​ឲ្យ​ទៅ​សួរ​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​។​

​ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍ ប៉ុល ភិ​ធេ​យ្យ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ដោយ​រុញ​ឲ្យ​ទៅ​សួរ​ខាង​លោក​លោក​កែវ ធា ប្រធានការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨ កន្ល​តទៅ នៅ​ចំណុច​ផ្ទះ​វីឡា​លេខ​២A ផ្លូវ​៣៤៨ និង​ផ្ទះ​វិឡា​លេខ​៩A ផ្លូវ​៣៤៨ ស្ថិតនៅក្នុង​បុរី វិមាន​ភ្នំពេញ តាម​បណ្ដោយ​ផ្លូវ​លេខ​៥ ក្នុង​សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ស្ត្រី​ពរ​ពោះ​ជំនួស​ចំនួន​៣២​នាក់ និង​មេខ្យល់​ចំនួន​៥​នាក់​។ ហើយ​នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏បាន​សម្រេច​ឃុំខ្លួន​មនុស្ស​ចំនួន​០៥​នាក់ ដែលជា​មេការ ជាប់​សង្ស័យ​ក្នុងការ​ប្រព្រឹត្ត​បទល្មើស​លក់ដូរ​មនុស្ស​សម្រាប់​នាំ​ឆ្លងដែន ក្នុងនោះ​មាន​បុរស​ជនជាតិ​ចិន​ម្នាក់ និង​នារី​ខ្មែរ​ចំនួន ០៤​នាក់​ផងដែរ ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​ជា​បន្តទៀត​។​

​ជនសង្ស័យ​ទាំង​៥​នាក់​មានដូចជា​៖ ១.​ឈ្មោះ Tiu Qiang ភេទ​ប្រុស ជនជាតិ​ចិន អាយុ ៤៩​ឆ្នាំ ជា​មេការ​។ ២. ឈ្មោះ ស្វាយ ស៊ី​ណុ​ច ភេទ​ស្រី អាយុ ៣៤​ឆ្នាំ ជា​មេការ​។ ៣. ឈ្មោះ នឿន ស្រី​ឡាង ភេទ​ស្រី អាយុ ២៧​ឆ្នាំ ជា​មេការ​។ ៤. ឈ្មោះ លឹម សុភាព ភេទ​ស្រី អាយុ ១៩​ឆ្នាំ ជា​អ្នកបកប្រែ និង​៥. ឈ្មោះ ថៃ ភាព ភេទ​ស្រី អាយុ ៤៣​ឆ្នាំ ជា​មេការ​។ មនុស្ស​ទាំង​០៥​នាក់​នេះ ជាប់​សង្ស័យ​ក្នុងការ​ប្រព្រឹត្ត​បទល្មើស​លក់ដូរ​មនុស្ស​សម្រាប់​នាំ​ឆ្លងដែន​៕ ល​