ត្រាំ ៖ ការលើកឡើង​របស់​ម៉ា​ក្រុង​អំពី​ការបង្កើត​កងទ័ព​អឺរ៉ុប គឺជា “​ការប្រមាថ​មើលងាយ​ខ្លាំងណាស់​”

951
ចែករម្លែក

​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​៩​វិច្ឆិកា​ពេលមកដល់​ប៉ារីស​សម្រាប់​ពិធីបុណ្យ​ដើម្បី​ប្រារព្ធ​អំពី​ការបញ្ចប់​សង្គ្រាមលោកលើកទី​១ យ៉ាង​ដូច្នេះ​ថា ការលើកឡើង​របស់​ប្រធានាធិបតី​បារាំង​លោក អេ​ម៉ា​នូ​អែល ម៉ា​ក្រុង អំពី​ការបង្កើត​កងទ័ព​អឺរ៉ុប​រួម គឺជា “​ការប្រមាថ​មើលងាយ​ខ្លាំងណាស់​”​។​

​ប្រធានាធិបតី​អាមេរិក​បាន​សរសេរ​លើ Twitter ខណៈ​យន្តហោះ​របស់គាត់​ចុះចត​ក្នុង​រដ្ឋធានី​របស់​បារាំង ថា “​ប្រធានាធិបតី​បារាំង​ម៉ា​ក្រុង​ទើបតែ​បានស្នើ​ឱ្យ​បង្កើត​កងទ័ព​អឺរ៉ុប​ផ្ទាល់ខ្លួន​ដើម្បី​ការពារ​ខ្លួន​ពួកគេ​ពី​សហរដ្ឋអាមេរិក ចិន និង​រុស្ស៊ី​”​។​

​លោក​បាន​បន្ថែមថា “​ពិតជា​ប្រមាថមើលងាយ​ខ្លាំងណាស់ ប៉ុន្តែ​ប្រហែល​ជាដំបូង​អឺរ៉ុប​ត្រូវ​បង់​ចំណែក​ឱ្យ​ស្មើភាព​របស់ខ្លួន​ដល់​អង្គការ​ណា​តូ​ជាមុនសិន ព្រោះ​សហរដ្ឋអាមេរិក​បានផ្តល់​ប្រាក់ឧបត្ថម្ភ​ច្រើន​ខ្លាំងណាស់​!”​។​

​លោក​ត្រាំ ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង​ជាមួយ​ភរិយា​មេ​ឡា​នី ជា​លើក​ទី ២ ចាប់តាំងពី​លោក​ក្លាយជា​ប្រធានាធិបតី​អាមេរិក បាន​សំដៅ​ទៅលើ​ការអំពាវនាវ​របស់លោក​ម៉ា​ក្រុង​កាលពី​ថ្ងៃ​អង្គារ​ទី​៦​វិច្ឆិកា​ឱ្យមាន “​កងទ័ព​អឺរ៉ុប​ពិតប្រាកដ​”​។​

​លោក​ម៉ា​ក្រុង ដែលជា​អ្នកតស៊ូ​មតិ​ដ៏​មុតមាំ​អំពី​ការធ្វើសមាហរណកម្ម​អឺរ៉ុប​កាន់តែ​ជិតស្និទ្ធ បាន​និយាយថា កងកម្លាំង​យោធា​រួម​របស់​សហភាព​អឺរ៉ុប​គឺ​ត្រូវការ​ចាំបាច់​ដើម្បី​កាត់បន្ថយ​ឥទ្ធិពល​រប​ស់​អាមេរិក​នៅ​ទ្វីបអឺរ៉ុប បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានប្រកាសថា លោក​នឹង​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​អាវុធ​នុយក្លេអ៊ែរ​សម័យ​សង្គ្រាមត្រជាក់​។​

​លោក​ម៉ា​ក្រុង​បាន​ប្រាប់​វិទ្យុ Europe 1 របស់​បារាំង​ថា “​យើង​ត្រូវតែ​ការពារ​ខ្លួន​យើង​ពី​ប្រទេស​ចិន រុស្ស៊ី និង សូម្បី​សហរដ្ឋអាមេរិក​”​។​

​លោក​ម៉ា​ក្រុង​បាន​ជំរុញ​ជាពិសេស​សម្រាប់​ការបង្កើត​កងកម្លាំង​អឺរ៉ុប​ដែលមាន​៩​ប្រទេស​មាន​ឯករាជ្យ​ពី​អង្គការ​ណា​តូ ដែល​អាច​បង្កើន​ប្រតិបត្តិការ​យោធា​រួមគ្នា​ដើម្បី​ជម្លៀស​ប្រជាជន​ស៊ីវិល​ចេញពី​តំបន់​សង្គ្រាម​ឬ​ផ្តល់ជំនួយ​បន្ទាប់ពី​គ្រោះមហន្តរាយធម្មជាតិ​។​

​ប្រតិកម្ម​របស់​ត្រាំ​ទំនងជា​នឹង​បន្ថែម​ភាព​តានតឹង​នៅក្នុង​ទំនាក់ទំនង​ឆ្លង​សមុទ្រ​អា​ត្ល​ង់​ទិ​ក ដែល​នឹង​ត្រូវបាន​គេ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​នៅ​ចុង​សប្តាហ៍​នេះ នៅពេលដែល​មេដឹកនាំ​ពិភពលោក ៧០ រូប​រួមទាំង​អធិការបតី​អាល្លឺម៉ង់ លោកស្រី អ៊ែន​ជែ​ល​ឡា មឺ​គែល និង​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន ជួបជុំគ្នា​នៅ​ទីក្រុង​ប៉ារីស​ដើម្បី​ប្រារព្ធ​ខួប​១០០​ឆ្នាំ​នៃ​ការបញ្ចប់​សង្គ្រាមលោកលើកទី ១៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​អាមេរិក លោក​ដូ​ណា​ល់ ត្រាំ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ