ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​៦​នាក់ រឹបអូស​គ្រឿងចក្រ​៧​គ្រឿង​ផ្សេងទៀត​ក្នុងពេល​បន្ត​បង្ក្រាប​អាជីវកម្ម​កាយ​ដីភ្នំ​អត់​ច្បាប់​២​កន្លែង​ទៀត

908
ចែករម្លែក
  • 3
    Shares

ដោយ:ប​.​ជ័យ៊បន្ទាយមានជ័យ ៖ ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​៦​នាក់ រឹបអូស​គ្រឿងចក្រ​៩​គ្រឿង​ផ្សេងទៀត​ក្នុងពេល​បន្ត​បង្ក្រាប​អាជីវកម្ម​កាយ​ដីភ្នំ​អត់​ច្បាប់​២​កន្លែង​ទៀត ។​

លោក​វរសេនីយ៍ទោ ប៊ុន ណាំ​អៀង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវជ្រាវ​និង​បច្ចេកទេស​សន្តិសុខ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​នៃ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​៩​ខែវិច្ឆិកា​ថា​: លោក​បាន​ដឹកនាំ​កម្លាំង​អន្តរាគមន៍​កងរាជអាវុធហត្ថ​ខេត្ត សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ និង​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ស្វាយចេក បាន​ចុះ​ប្រតិបត្តិ​ការហាមឃាត់ និង​បញ្ឈប់​ការជីក​កកាយ​ដីភ្នំ​ដោយ​ខុសច្បាប់ លើ​គោលដៅ​ចំនួន ០២​ចំណុច​កាលពី​ទី​០៨ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៨ ទី ១-​នៅ​ចំណុច​ភ្នំ​ស្រេះ ស្ថិតនៅ​ភូមិ​ស្រេះ​កើត ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ និង ទី​២-​នៅ​ចំណុច​ភ្នំ​តា​ដុ​ង្គ ស្ថិតនៅ​ភូមិ​បន្ទាត់​បោះ ឃុំ​តា​ផូ ស្រុក​ស្វាយចេក ។​

លោក​វរសេនីយ៍​អោយដឹង​បន្តថា  ពេលនោះ កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ ចំនួន ០៦​នាក់ ព្រមទាំង​ដកហូត​វត្ថុតាង​រួមមាន ៖ -​អេស្កាវ៉ាទ័រ ចំនួន ០២​គ្រឿង -​សា​ស័​រ ចំនួន ០១​គ្រឿង -​ម៉ា​ស៊ិន​កិន​ថ្ម ចំនួន ០១​គ្រឿង និង​រថយន្ត​ដឹក​ដី ចំនួន ០៣​គ្រឿង ។

លោក​បាន​រំលឹកថា  ប្រតិបត្តិ​ការបង្ក្រាប​ប​ទ​ល្មើស​ធនធានធម្មជាតិ​នេះ កងរាជអាវុធហត្ថ​ខេត្ត​បាន​ចេញទៅ​បង្ក្រាប​ករណី​អាជីវកម្ម​កាយ​ដីភ្នំ​ខុស​ទីតាំង ខុសច្បាប់​និង​អត់​ច្បាប់​៣​កន្លែង​មកហើយ បន្ទាប់ពី​មាន​ឧ​ប​ទ្ទ​ហេតុ​រអិល​រថយន្ត​បែន​ធ្លាក់​ពី​ភ្នំ​ទ្រ​យោង​ឃុំ​ភ្នំ​លៀប​ស្រុក​ព្រះនេត្រព្រះ ដែល​សម្លាប់​តៃកុង​ឡាន​ម្នាក់​កាលពី​ថ្ងៃទី​៤​ខែវិច្ឆិកា ។​ក្នុងនោះ​កាលពី​ថ្ងៃទី​៧​ខែវិច្ឆិកា​មាន ១- បង្ក្រាប ឃាត់ខ្លួន​ឈ្មោះ សឿ​ម សំបូរ ប្រុស​អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ទ្រ​យោង​ឃុំ​ភ្នំ​លៀប ជា​ឈ្មួញ​លួច​កាយ​ដីភ្នំ​ទ្រ​យោង ខុស​ទីតាំង​ដែល​ម​ន្ទិ​រ​រ៉ែ និង​ថាមពល​ខេត្ត​និង​អាជ្ញាធរ​បាន​អនុញ្ញាតិ​និង​គ្រឿងចក្រ​ចូក​១​គ្រឿង ។​ ២- ថ្ងៃទី​៨​ខែវិច្ឆិកា បង្ក្រាប ឃាត់ខ្លួន​លោក​សាំង គង់ អនុប្រធាន​ការិយាល័យ​នៃ​ទីចាត់ការ​អន្តរ​ងិ​ស័​យ​សាលាខេត្ត​បន្ទាយមានជ័យ ដែលជា​ម្ចាស់​គ្រឿងចក្រ​ចូល​ជីក​កាយ​ដី​អត់​ច្បាប់​នៅ​ភ្នំ​កង​វ៉ា​ភូមិ​ពង្រ​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​និង​ឃាត់ខ្លួន​មនុស្ស​៥​នាក់​ផ្សេងទៀត ,​រឹបអូស​រថយន្ត​និង​ត្រាក់ទ័រ​ចូក ១២​គ្រឿង​។​

សូមបញ្ជាក់ថា បទល្មើស​ធនធានធម្មជាតិ​ទាំង​៣ ករណី​នោះ អាវុធហត្ថ​ជំនាញ​ខេត្ត បច្ចុប្បន្នកំពុង​កសាង​សំណុំរឿង​បញ្ជូន​បន្តទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ។​

គួរ​បញ្ជាក់ថា ការបើក​យុទ្ធនាការ​ចុះបង្ក្រាប​បទ​ល្មើស​ធនធានធម្មជាតិ​នេះ គឺ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ទទួល​បទបញ្ជា​ពី​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ទទួលបាន​វិធានការ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​ក៏មាន​ការសម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ផងដែរ​៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម