យន្តហោះ​បូ​អ៊ិ​ង​ដឹក​មនុស្ស​១២៦​នាក់​ចុះ​បុក​ផ្ទប់​ដី​បែក​ម៉ាស៊ីន បាក់​ស្លាប តែ​សំណាង​របួស​តែ​១០​នាក់​

1009
ចែករម្លែក

មនុស្ស១០នាក់រងរបួសនៅពេលយន្តហោះធុនBoeingមួយដឹកមនុស្ស១២៦នាក់ ចុកបុកផ្ទប់ដីនៅទីក្រុង ចចថោន ប្រទេសគុយយ៉ាណាកាលពីថ្ងៃសុក្រទី៩វិច្ឆិកា តែអ្នករងរបួសមិនប្រឈមគ្រោះថ្នាក់ដល់ជីវិតទេ។

យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ចាម៉ៃកា Fly Jamaica Airways បានធ្វើដំណើរទៅកាន់ទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា នៅពេលវាមានបញ្ហាប្រព័ន្ធសម្ពាធទឹកក្រោយចេញដំណើរបន្តិចនិងបានហោះត្រឡប់មកកាន់អាកាសយានដ្ឋានវិញ តែបានចុះផ្ទប់ដីហើយធ្លាក់ចេញពីផ្លូវរត់។

អ្នកដំណើរម្នាក់បានពណ៌នាទិដ្ឋភាពក្នុងយន្តហោះថា«ច្របូកច្របល់ណាស់ ពោរពេញដោយការស្រែកយំនិងរប៉ាត់រប៉ាយ»។

បើតាមមន្រ្តី យន្តហោះនេះបានពន្យារពេលចេញដំណើរ៤៥នាទីដោយសារទ្វារមួយបិទមិនជិត និងក្រុមជាងបានមកជួសជុល។

យន្តហោះនេះដឹកអ្នកដំណើរ១១៨នាក់ រួមមានជនជាតិកាណាដា៨២នាក់ និងសមាជិកនាវិក៨នាក់។

អ្នកដំណើរមម្នាក់បានអោយដឹងថា បន្ទាប់ពីចេញដំណើរជាង១០នាទី យន្តហោះនៅលើមហាសមុទ្រអាត្លង់ទិកនិងប្រធានក្រុមហោះហើរបានប្រកាសថាយន្តហោះមានបញ្ហាសម្ពាធទឹក ហើយក៏សំរេចវិលមកកាន់អាកាសយានដ្ឋានវិញ។នៅពេលចុះដល់ដី កង់យន្តហោះនៅវិល វាអត់ជាប់ហ្វ្រាំងទេ និងបន្ទាប់មកវារត់ធ្លាក់ផ្លូវ។

រូបភាពបង្ហាញយន្តហោះដេកពោះជាប់ដី ស្លាបម្ខាងបាក់និងម៉ាស៊ីនស្តាំបែកក្រោយចុះផ្ទប់ដីនៅអាកាសយានដ្ឋាន Cheddi Jaganកាលពីថ្ងៃ៩វិច្ឆិកា។អ្នកបើកយន្តហោះមិនត្រូវបានសាកសួរទេ តែប្រអប់ខ្មៅយន្តហោះត្រូវបានដកយកចេញពីយន្តហោះនិងបញ្ជូនទៅវិភាគនៅអាមេរិក ខណៈប៉ូលិសនិងទាហានគុយយ៉ាណាបានទៅដល់កន្លែងកើតហេតុដើម្បីហ៊ុមព័ទ្ធអោយក្រុមស៊ើបអង្កេតធ្វើការ៕ដោយ៖វាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម