ពិធី​តាំង​ពិ​ពណ៌​បង្ហាញ​ផលិតផល​បន្លែ ផ្លែឈើ​ខ្មែរ​លើក​ទី​១២

1367
ចែករម្លែក

​ដោយ​:គូលែន​/​សៀមរាប ៖ ពិធី​តាំង​ពិ​ពណ៌​បង្ហាញ​ផលិតផល​បន្លែ ផ្លែឈើ​ខ្មែរ​លើក​ទី​១២ ត្រូវបាន​បើក​សម្ពោធ​​កាលពី​រសៀល​ថ្ងៃទី​០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅ​ខេត្តសៀមរាប ក្រោម​អធិបតីភាព លោក ម៉ៅ ថូ​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង លោក ង៉ាន់ ភិ​រុណ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី សំណាក់​ឯកឧត្តម លោកជំទាវ ជា​អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​មានការ​ពាក់ព័ន្ធ ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ,​សភាពាណិជ្ជកម្ម​មណ្ឌល​ខេត្តសៀមរាប​-​ឧ​ត្ត​រ​មានជ័យ​,​អង្គការ​ជាតិ អន្តរជាតិ សមាគម សហគមន៍ ដាំ​បន្លែ​សរីរាង្គ មកពី​បណ្តា​ខេត្ត​នានា រួមទាំង សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប និង​គរុ​សិស្ស​ខេត្តសៀមរាប ។​

លោក ង៉ាន់ ភិ​រុណ បាន​លើកឡើងថា ខេត្តសៀមរាប​ជា​មជ្ឈមណ្ឌល​ប្រមូលផ្តុំ​ទៅដោយ​ភ្ញៀវទេសចរ គ្រប់​ជាតិ​សាសន៍​ចូលមក​ទស្សនា​កម្សាន្ត និង សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ផ្សារ​ទំនើប គឺ​ទាមទារ​នូវ​តម្រូវការ​ចាំបាច់​លើ ការផ្គត់ផ្គង់​បន្លែ ផ្លែឈើ ត្រី សាច់​ប្រកបទៅដោយ​គុណភាព សុវត្ថិភាព​ខ្ពស់ ។​

​លោក​​​បាន​បន្តថា ម្យ៉ាងទៀត​ការជ្រើសរើស​យក​ខេត្តសៀមរាប គោលដៅ​សម្រាប់​រៀបចំ​កម្មវិធី​ដ៏​មាន​អត្ថប្រយោជន៍​នេះ​ឡើង ដើម្បី​ផ្សព្វផ្សាយ និង​លើកតម្កើង​នូវ​គុណ​តម្លៃ នៃ​បន្លែ ផ្លែឈើ និង​ផលិតផល​សូត្រ​ខ្មែរ​យើង ។​

លោក​បាន​បន្តទៀតថា តាម​ការកត់សម្គាល់​ឃើញ​ថា មាន​ប្រជាជន​ជាច្រើន ដែល​ចង់បាន​បន្លែ ផ្លែឈើ​មាន​សុវត្ថិភាព និង ផលិតផល​ផលិត​ក្នុងស្រុក​ផ្សេងៗ ដែលជា​សញ្ញាណ​ដ៍​ល្អ​សម្រាប់​ផលិតករ​ក្នុងស្រុក ធ្វើ ការពង្រីក​ការដាំដុះ និង​ការកែច្នៃ​ផលិត ផល​នានា​របស់ខ្លួន​ឲ្យ​កាន់តែ​ច្រើនឡើង​ប្រកបដោយ​គុណភាព សោ​ភណ្ឌ​ភាព បរិមាណ​ត្រឹមត្រូវ និង អាច​ប្រកួតប្រជែង​បាន​នៅលើ​ទីផ្សារ ទៀតផង ។​

​លោក ម៉ៅ ថូ​រ៉ា បាន​លើកឡើងថា ការអនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​ក​សិ​-​ពាណិជ្ជកម្ម ដែល​ក្រសួងពាណិជ្ជកម្ម បានធ្វើ​កន្លងមក​នៅតាម​បណ្តា​រាជធានី​-​ខេត្ត​គោលដៅ​សំខាន់ៗ បានបង្ហាញ​នូវ​សញ្ញាណ វិជ្ជមាន​គួរ​ឲ្យ​កត់សម្គាល់​ដោយ​សង្កេតឃើញថា ចលនា​មហាជន​ទូទៅ​បានចាប់ផ្តើម​ងាក​មក​ចូល រួម​គាំទ្រ ទទួលស្គាល់​ពី​គុណភាព​ផលិតផល និង ប្រើប្រាស់​ទំនិញ​ក្នុងស្រុក រួមទាំង​ផលិតផល​បន្លែ ផ្លែឈើ​របស់​សហគមន៍​នៅ​មូលដ្ឋាន​ជា​បណ្តើរៗ សំខាន់​ម្ចាស់​សណ្ឋាគារ និង​ភោជនីយដ្ឋាន​មួយចំនួន​ចាប់ផ្តើម​មាន​សេចក្តីទុកចិត្ត និង​បាន​បន្ត​ចុះកិច្ចសន្យា បញ្ជា​ទិញ​ពី​កសិករ​នៅ​មូលដ្ឋាន​ផងដែរ ។​

​លោក​ក៏បាន​បន្តទៀត ថា សុវត្ថិភាព​ចំណីអាហារ គឺ​ត្រូវបាន ក្រសួងពាណិជ្ជកម្ម ចាត់វិធានការ​យ៉ាង​ហ្មឺ​ង​ម៉ាត់ រឹតបណ្តឹង​ការត្រួតពិនិត្យ ទំនិញ​ខូចគុណភាព ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ការ​ក្លែងបន្លំ​ស្លាក​សញ្ញា និង ការប្រើប្រាស់​សារធាតុ​គីមី​ហួស​កម្រិត​កំណត់ ឬ​សារធាតុ​ហាមឃាត់​ក្នុង​ម្ហូបអាហារ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស សំដៅ​ធានា​សុខភាព សុវត្ថិភាព​ជូន​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស ។​

​លោក​ក៏បាន​លើក​ផងដែរ​អំពី​បញ្ហា​ការធ្វើ​ឲ្យ​បាត់បង់​តម្លៃ​ផលិតផល​របស់ខ្លួន នាពេល​កន្លងមក​ទៅលើ​ផលិតផល​មួយចំនួន ក៏ដោយ​សា​បងប្អូន ផលិតករ​យើង មិនបាន​យកចិត្តទុកដាក់​អំពី​គុណភាព សុវត្ថិភាព​ផលិតផល​របស់ខ្លួន គិតតែ​កេង​យក​ផលចំណេញ បានធ្វើ​ឲ្យ​ខូច​កេរ្តិ៍ ឈ្មោះ​ផលិតផល​ខ្លួន ។​

​លោក​ក៏បាន​លើក​ពី​ចំណុច​ខ្វះខាត​មួយចំនួន​របស់​ផលិតករ លើ​ការ​វេច​ខ្ចប់ និង​កាលបរិច្ឆេត គុណភាព លើ​មុខទំនិញ​របស់ខ្លួន ។ លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា ការតាំង​បង្ហាញ​ផលិតផល ដែលមាន​ការចូល​ពី​វិស័យ​រដ្ឋ ឯកជន សមាគម អង្គការ តំណាង​សណ្ឋាគារ ភោជនីយដ្ឋាន និង​អ្នក​ផលិត​នាពេលនេះ នឹង​ផ្តល់​លទ្ធភាព​កាន់តែ​ប្រសើរ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ក្នុងការ​ស្វែងយល់​ពីគ្នា​ទៅវិញទៅមក ជាពិសេស​ជម្រុញ​ការប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ឲ្យ​កាន់តែ​ច្រើនឡើង ព្រមទាំង​អាចឈាន​ទៅកាន់​ការនាំចេញ​ទៅ​ក្រៅប្រទេស​នាពេលខាងមុខ និង ដើម្បី​ចូលរួម​លើកកម្ពស់​ការប្រើប្រាស់ ផលិត ផល​ក្នុងស្រុក​ដែលមាន​គុណភាព​ល្អ សុវត្ថិភាព​ខ្ពស់ និង សូម​លើកទឹកចិត្ត​ដល់​ផលិតករ និង​អាជីវករ​ទាំងអស់​ពង្រឹង​សមត្ថភាព លទ្ធភាព​ក្នុង​ការដាំដុះ និង​ផលិត ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ឲ្យ​កាន់តែ​ល្អប្រសើរ​ទៀតផង​៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម