ត្រាំ​និង​ម៉ា​ក្រុង​យល់ស្រប​គ្នា​អំពី​វិស័យ​យោធា​ក្រោយ​ការបោះ​ពាក្យសម្តី​រឿង​កងទ័ព​អឺរ៉ុប​

2662
ចែករម្លែក

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងសមភាគីបារំាង លោកអេម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃសៅរិ៍ទី១០វិច្ឆិកាបានយល់ស្របគ្នាអំពីតំរូវការអោយអឺរ៉ុបចំណាយថែមទៀតសំរាប់ថវិកាយោធា ក្រោយពីលោកត្រាំបានពណ៌នាការអំពាវនាវរបស់ម៉ាក្រុងអោយមានកងទ័ពអឺរ៉ុបមួយនោះថាជា«ការប្រមាថខ្លាំងណាស់»។

ក្នុងជំនួបនៅវិមានអេលីហ្សេ នៅមួយថ្ងៃមុនការប្រារព្វខួបទី១០០នៃការបញ្ចប់សង្រ្គាមលោកលើកទី១ លោកម៉ាក្រុង បានស្វាគមន៍លោកត្រាំក្រោមផ្ទៃមេឃដ៏មានភ្លៀងនៃក្រុងប៉ារីសជាមួយនឹងការចាប់រលាក់ដៃយ៉ាងណែន។តែវាហាក់ដូចជាមិនសូវកក់ក្តៅដូចកាលពីមុន ដោយលោកម៉ាក្រុងបានដាក់ដៃលើជង្គង់របស់ត្រាំនិងបញ្ជាក់ចំពោះប្រធានាធិបតីអាមេរិកថាលោកជា«មិត្ត»ខណៈត្រាំហាក់នៅឆ្ងាយ តែទោះជាយ៉ាងណាលោកបាននិយាយអំពីផលប្រយោជន៍រួមលើបញ្ហាមួយដែលបានបង្កការបែកបាក់។

ត្រាំបាននិយាយថា«យើងចង់បានអឺរ៉ុបមួយរឹងមាំ។វាសំខាន់ណាស់ចំពោះយើង និងទោះជាប្រើវិធីណាដែលយើងអាចសំរេចបានផលល្អបំផុតនិងមានប្រសិទ្ធភាពនោះជាអ្វីដែលយើងចង់បាន។យើងចង់ជួយអឺរ៉ុប តែវាត្រូវតែមានភាពយុត្តិធម៌ត្រឹមត្រូវដែរ។ឥឡូវការចែករំលែកបន្ទុកចំណាយធ្លាក់មកលើអាមេរិកភាគច្រើន»។

លោកម៉ាក្រុងបានបង្ហាញការគាំទ្រគំនិតនេះ ដោយថា លោកចង់អោយអឺរ៉ុបទទួលរ៉ាប់រងចំណែកធំឡើងលើការចំណាយផ្នែកយោធានៅក្នុងអង្គការណាតូជាចំណុចដែលលោកបាននិយាយម្តងជាពីរដងចាប់តាំងពីលោកឡើងកាន់អំណាច ជាមួយនឹងមហិច្ឆតាអឺរ៉ុបមួយដែល​មានសមត្ថភាពយោធាផ្ទាល់ខ្លួន៕ដោយ៖វាសនា

ត្រាំនិងម៉ាក្រុងជួបគ្នានៅវិមានអេលីហ្សេកាលពីថ្ងៃសៅរិ៍ ចំពេលត្រាំមកបារាំងដើម្បីចូលរួមការប្រារព្វខួបបញ្ចប់សង្រ្គាមលោកលើកទី១កាលពី១០០ឆ្នាំមុន

ទីតាំងផ្សាយពាណិជ្ជកម្ម