អ្នក​ប្រដាល់​ជើងចាស់​ជនជាតិ​អ៊ីតាលី​ត្រូវបាន​វាយ​ស្លាប់​ក្នុងការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់ WBC នៅថៃ

1562
ចែករម្លែក

​អ្នក​ប្រដាល់​ជើងចាស់​ជនជាតិ​អ៊ីតាលី ឈ្មោះ គ្រី​ស្ទា​ន ដា​ហ្គី​អូ (Christian Daghio) បាន​ស្លាប់ បន្ទាប់ពី​សន្លប់​បាត់ស្មារតី​អស់​១​សប្តាហ៍​នៅក្នុង​មន្ទីរពេទ្យ​មួយ​នៅ​បាងកក បន្ទាប់ពី​ត្រូវបាន​វាយ​ឱ្យ​សន្លប់​យ៉ាងធ្ងន់ធ្ងរ​ក្នុងការ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ឈ្មោះ ដន ផា​រឿង កាលពី​ថ្ងៃទី ២៦ តុលា​។

​នៅ​ចុង​ទឹក​ទី​១២ សម្រាប់​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​ក្របខ័ណ្ឌ WBC Asian Concil ដា​ហ្គី​អូ អាយុ ៤៩ ឆ្នាំ ត្រូវបាន​វាយ​ឱ្យ​សន្លប់ ប៉ុន្តែ​នៅតែ​អាច​ងើប​ឡើងវិញ​បាន​នៅពេល​រាប់​ជិត​ដល់​១០ ហើយ​អាជ្ញាកណ្តាល​បានអនុញ្ញាត​ឱ្យ​បន្ត​ការប្រកួត​។ ប៉ុន្មាន​វិនាទី​ក្រោយមក អ្នក​ប្រដាល់​អ៊ីតាលី​រូបនេះ​ត្រូវបាន​វាយ​ឱ្យ​ដួលសន្លប់​ម្តងទៀត លើក​នេះ​គឺ​សន្លប់​ងើប​លែងរួច​តែម្តង​។

​ថ្វីបើ​គ្រូពេទ្យ​ជួយសង្គ្រោះ​ភ្លាមៗ​នៅលើ​សង្វៀន និង​នាំទៅ​កាន់​មន្ទីរពេទ្យ​បន្ទាប់ពីនោះ គាត់​បាន​ស្លាប់​នៅ​ថ្ងៃ​សុក្រ ទី​២​វិច្ឆិកា​។ ដា​ហ្គី​អូ​ធ្លាប់​ប្រកួត​អាជីព​ជាង ២០០ លើក និង​ឈ្នះ​ខ្សែក្រវាត់​ពិភពលោក​ចំនួន​៧​អំឡុង​អាជីព​របស់គាត់​ទាំង​ក្នុង​ពិភព​ប្រដាល់សកល​និង​ប្រដាល់​មួយ​ថៃ​។

​កើត​នៅ​ទីក្រុង​កា​ព្រី ប្រទេស​អ៊ីតាលី លោក​ដា​ហ្គី​អូ​បាន​ចំណាយពេល​ចុងក្រោយ ២០ ឆ្នាំ​រស់នៅក្នុង​ប្រទេស​ថៃ កន្លែង​ដែល​គាត់​បើក​កន្លែង​ហ្វឹកហាត់​ប្រដាល់​មួយកន្លែង និង ធ្វើការ​ស្ម័គ្រចិត្ត​ឱ្យ​ប៉ូលិស​ទេសចរណ៍​។

​ប្អូនប្រុស​របស់គាត់ និង​ជា​អ្នកចាត់ការ​ទូទៅ​របស់​គាត់​ឈ្មោះ ហ្វា​ប្រ៊ី​ហ្ស៊ី​អូ បាន​ប្រាប់​បណ្តាញ​ផ្សព្វផ្សាយ​របស់​អ៊ីតាលី​ថា “​គាត់​ស្លាប់​ដូច​បំណង​ដែល​គាត់​ចង់បាន​។ ខ្ញុំ​គ្មាន​សោកស្តាយ​ស្អី​នោះទេ ព្រោះ​គាត់​ចង់បាន​បែប​ហ្នឹង​។ គាត់​ចង់​វ៉ៃ​រហូតដល់​អាយុ ៨០​។ សង្វៀន​គឺជា​ជីវិត​របស់គាត់ ហើយ​គាត់​ស្លាប់​ក្នុងនាម​ជា​ម្ចាស់​ខ្សែក្រវាត់​”​។

​លោក​ដា​ហ្គី​អូ​ក៏មាន​មិត្តស្រី​និង​កូនស្រី​អាយុ ៥ ឆ្នាំ​ម្នាក់​ក្នុងប្រទេស​ថៃ​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

គ្រី​ស្ទា​ន ដា​ហ្គី​អូ ស្លាប់​ក្រោយ​ពេលដេក​សន្លប់​ស្តូកស្តឹង​នៅ​មន្ទីរពេទ្យក្រុង​បាងកក​អស់​១​សប្តាហ៍

ទីតាំងផ្សាយពាណិជ្ជកម្ម