ម៉ា​ក្រុង​អំពាវនាវ​អោយ​មេដឹកនាំ​ពិភពលោក​ប្រឆាំង​ជាតិនិយម​

952
ចែករម្លែក
  • 191
    Shares

ប្រធានាធិបតីបារាំងលោកអេម៉ានុយអែល ម៉ាក្រុងក្នុងពិធីកត់សំគាល់យុទ្ធសន្តិភាពសង្រ្គាមលោកលើកទី១កាល​ពីថ្ងៃអាទិត្យទី១១វិច្ឆិកា បានអំពាវនាវដល់មេដឹកនាំពិភពលោកច្រានចោលជាតិនិយម។

ថ្លែងនៅក្រុងប៉ារីស នៅចំពោះមុខមេដឹកនាំពិភពលោក រួមមានប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំនិង ប្រធា​នាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន លោកបានពណ៌នាវាថាជា«អំពើក្បត់នឹងស្នេហាជាតិនិយម»។

លោកបានមានប្រសាសន៍ថា« តាមរយៈការនិយាយថា “ផលប្រយោជន៍យើងជាធំនិងមិនខ្វល់ផលប្រយោជន៍អ្នកដទៃ” អ្នកជាន់ឈ្លីវត្ថុមានតំលៃបំផុតដែលប្រជាជាតិមួយត្រូវតែមាន នោះគឺ តំលៃសីលធម៌»។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំធ្វើនៅទូទាំងពិភពលោក។

សូមរំលឹកថា ទាហានប្រមាណ៩,៧លាននាក់និងជនស៊ីវិលប្រមាណ១០លាននាក់បានស្លាប់នៅក្នុងសង្រ្គាមលោកលើក​ទី១ចាប់ពីឆ្នាំ១៩១៤ដល់១៩១៨។

មេដឹកនាំពិភពលោកជាច្រើន ក៏បានធ្វើការជួបប្រជុំទ្វេភាគីនៅក្នុងព្រឹត្តិការណ៍នេះ ដោយលោកពូទីនបានប្រាប់អ្នកកាសែតថាលោកបានជួបនិយាយគ្នាជាមួយលោកត្រាំនិងថាវាដំណើរការល្អ។​ទោះជាយ៉ាងណា ពួកអ្នករៀបចំអាហារថ្ងៃត្រង់បានដូរកៅអីនៅនាទីចុងក្រោយដើម្បីកុំអោយអ្នកទាំង២អង្គុយជាប់គ្នា។

នៅក្នុងសុន្ទរកថាប្រមាណ២០នាទី មេដឹកនាំបារាំងបានអំពាវនាវអោយមេដឹកនាំពិភលោកជាមិត្ត «ប្រយុទ្ធដើម្បីសន្តិភាព»ហើយពិធីបានបញ្ចប់ជាមួយនឹងការបន្លឺសម្លេងត្រែនៅម៉ោង១១ ថ្ងៃ១១ ខែ១១ ឆ្នាំ២០១៨ ដើម្បីជាសញ្ញានៃការបញ្ចប់អារិភាព។

នៅរសៀលថ្ងៃអាទិត្យ ប្រធានាធិបតីម៉ាក្រុងនិងអធិកាបតីអាល្លឺម៉ង់ បានចូលរួមសន្និសីទសន្តិភាពមួយ គឺវេទិកាសន្តិភាពក្រុងប៉ារីស ជាមួយមេដឹកនាំរួមមានលោកពូទីននិងប្រធានាធិបតីតួកគី តាយយ៉េប អឺរ៉ូហ្កាន។

ក្នុងពេលជាមួយគ្នា អធិការបតី មឺគែលបានព្រមានថា ជាតិនិយមអំពិលអំពែកកំពុងកើនសម្ទុះនៅអឺរ៉ុបនិងកន្លែងផ្សេងទៀត។លោកត្រាំមិនបានចូលរួមសន្និសីទនេះទេ និងបានចាកចេញទៅអាមេរិកវិញយ៉ាងលឿន។

ទោះជាយ៉ាងណា មុននេះកាលពីថ្ងៃអាទិត្យ លោកត្រាំត្រូវបានស្វាគមន៍ដោយអ្នកប្រឆាំងតវ៉ាដោយអាក្រាតកាយមកពីក្រុមស្រ្តីFemenដែលបានត្រដាងបដានៅមុខវិមានរំលឹកអនុស្សាវរីយ៍ អាកដឺ ត្យូម មុនពេលត្រូវប៉ូលិសនាំខ្លួនចេញ។ស្រ្តីអាកា្រតល្វែងលើម្នាក់ដែលបានសរសេរលើទ្រូងថា«សន្តិភាពក្លែងក្លាយ»បានលោតរំលងរបាំងសន្តិសុខនិងរត់សំដៅក្បួនរថយន្តរបស់ត្រាំដោយសល់តែប៉ុន្មានម៉ែត្រពីកន្ទុយក្បួន តែត្រូវប៉ូលិសក្របួចជាប់និងនាំចេញទៅ៕ដោយ៖វាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម