បង្កើត​ព្រឹត្តិការណ៍​រត់​សប្បាយ​ភ្ជាប់​ការអប់រំ​សុខភាព​បន្ត​ពូជ​ដល់​យុវវ័យ​

1486
ចែករម្លែក

ដោយ:បូកគោ​/​កំ​ពត ៖ អង្គការ​រ៉ា​ក់​សម្រាប់​គម្រោង​កម្មវិធី​សុខភាព​យុវជន​សហការ​ជាមួយ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត កាលពី​ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨ បាន​បង្កើត​ព្រឹត្តិការណ៍​រត់​សប្បាយ​តាម​ដងផ្លូវ​ក្នុង​ក្រុង​ដើម្បី​ភ្ជាប់​ការអប់រំ​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​សុខភាព​បន្ត​ពូជ សុខភាព​ផ្លូវភេទ និង​សិទ្ធិ​របស់​យុវវ័យ​ប្រព្រឹត្តឡើង​ពហុ​កីឡដ្ឋាន​ខេត្តកំពត​។​

​ប្រាប់ឲ្យដឹង​សម្រាប់​ព្រឹត្តិការណ៍​នេះ លោកស្រី​ សេក ស៊ី​សុខុម អ្នកសម្របសម្រួល​កម្ម​វិធី​សុខភាព​យុវជន​នៃ​អង្គការ​រ៉ា​ក់បាន​រៀបរាប់ថា ​នេះ​ជា​លើកទីមួយ​នៅ​កម្ពុជា​ដែល​កម្មវិធី​រត់​សប្បាយ​ក្រោម​ប្រធានបទ សុខភាព​បន្ត​ពូជ សុខភាព​ផ្លូវភេទ និង​សិទ្ធិ​របស់​យុវវ័យ​ត្រូវបាន​បង្កើតឡើង ហើយ​កម្មវិធី​នេះ​នឹង​បន្តធ្វើ​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា​។

ជាមួយ​ព្រឹត្តិការណ៍​នេះ អង្គការ​រ៉ា​ក់បាន​លើកយក​ការផ្សព្វផ្សាយ ក៏ដូចជា​ក្រើនរំលឹក​ដល់​យុវវ័យ​ងាក​មក​សិក្សា​ដើម្បី​ទទួល​ចំណេះដឹង​អំពី​សុខភាព​ឱ្យបាន​ត្រឹមត្រូវ និង​រួមគ្នា​ទប់ស្កាត់​បញ្ហា​ដែល​អាច​កើតឡើង​ចំពោះ​សុខភាព ពិសេស​ត្រូវ​ចៀស​ឆ្ងាយ​នូវ​ការប្រើប្រាស់​គ្រឿងញៀន ការ​បៀតបៀន​ផ្លូវភេទ អំពើ​ហ​ង្សា ការរំលោភ​សិទ្ធិ​គ្នា​ទៅវិញទៅមក ហើយ​ងាក​មក​ស្រឡាញ់ ចូលចិត្ត​លេង​កីឡា​ដើម្បី​សុខភាព​វិញ​។

លោកស្រី​បញ្ជាក់ថា​កម្មវិធី​បញ្ជ្រាប​ចំណេះដឹង​នេះ​មាន​សារសំខាន់​សម្រាប់​យុវជន​កម្ពុជា ព្រោះ​កន្លងមក​យុវវ័យ​ភាគច្រើន​មិនបាន​ដឹងថា​តើ​សុខភាព​បន្ត​ពូជ សុខភាព​ផ្លូវភេទ និង​សិទ្ធិ​មាន​ខ្លឹមសារ​សម្រាប់​ខ្លួន​យ៉ាងណា​នោះឡើយ​។ សុខភាព​បន្ត​ពូជ សុខភាព​ផ្លូវភេទ និង​សិទ្ធិ​ជា​បញ្ហា​របស់​មនុស្ស​គ្រប់រូប​ដែល​ត្រូវ​ស្វែងយល់ ព្រោះ​បើ​មិន​បានដឹង​ច្បាស់លាស់​ទេនោះ​ងាយ​ប្រឈម​នឹង​បញ្ហា​ជាច្រើន​។

លើសពីនោះ កម្មវិធី​សុខភាព​យុវវ័យ​ផ្តល់ជូន​នូវ​ចំណេះដឹង​ចម្បងៗ ដូចជា បញ្ចៀស​ការឆ្លង​ជំងឺ​ផ្សេងៗ​តាមផ្លូវ​ភេទ ការរៀបចំ​ផែនការ​គ្រួសារ បង្ការ​ការ​មាន​ផ្ទៃពោះ​នៅពេល​មិនទាន់​ចង់បាន​បុត្រ ការយាយី​ផ្លូវភេទ អំពើហិង្សា និង​ការរំលោភបំពាន​សិទ្ធិ​ក្នុងសង្គម​ជាដើម​។​

​លោ​កជឹង ផល្លា អភិបាលរង​ខេត្តកំពត​បាន​មានប្រសាសន៍ថា ការភ្ជាប់​ព្រឹត្តិការណ៍​កម្សាន្ត​សប្បាយៗ​ជាមួយ​កម្មវិធី​អប់រំ​សុខភាព​ផ្លូវភេទ​ពិត​ជាមាន​សារសំខាន់ ព្រោះ​បើ​យុវវ័យ​ម្នាក់ៗ​មិន​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ នោះ​ក្មួយៗ​មិនអាច​ក្លាយជា​ទំពាំង​ស្នង​ឫស្សី​សម្រាប់​ប្រទេសជាតិ​ទៅ​អនាគត​ឡើយ​។ ការយល់ដឹង​អំពី​សុខភាព​បន្ត​ពូជ ផ្លូវភេទ និង​សិទ្ធិ​របស់ខ្លួន​នឹង​នាំឱ្យ​យុវវ័យ​គ្រប់រូប​រស់នៅក្នុង​ភាពថ្លៃថ្នូរ​។ លោក​សូម​ថ្លែងអំណរគុណ​ចំពោះ​អង្គការ​រ៉ា​ក់​ដោយបាន​បង្កើត​ព្រឹត្តិការណ៍​ដ៏​មាន​អត្ថន័យ​នេះ​ឡើង ហើយ​រដ្ឋបាល​ខេត្តកំពត​នឹង​រង់ចាំ​សហការ​ជានិច្ច​រាល់ពេល​ដែល​អង្គ​ការ​ប្រារព្ធ​ធ្វើ​នា​ឆ្នាំក្រោយៗ​ទៀត​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម