លោក រស់ ផា​រិ​ទ្ធិ ជម្រុញ​ឲ្យ​សមាជិក សមាជិកា​នៃ​អង្គសិក្ខាសាលា​ទាំងមូល ចូលរួម​បញ្ចេញ​មតិយោបល់​ឲ្យ​បាន​ផុលផុស ជួយ​គាំទ្រ​រាល់​គម្រោង​ដែល​បានលើកឡើង​

725
ចែករម្លែក

ដោយ:វ៉ៃកូ/​ខេត្តស្វាយរៀង​ ៖ ​លោក រស់ ផា​រិ​ទ្ធិ អភិបាលរង​ខេត្តស្វាយរៀង​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​បានធ្វើការ​ជម្រុញ​ឲ្យ​សមាជិក សមាជិកា​នៃ​អង្គសិក្ខាសាលា​ទាំងមូល ចូលរួម​បញ្ចេញ​មតិយោបល់​ឲ្យ​បាន​ផុលផុស ជួយ​គាំទ្រ​រាល់​គម្រោង​ដែល​បានលើកឡើង និង​ធ្វើយ៉ាងណា​បង្រួម​សកម្មភាព​ក្រៅ​គម្រោង​ឲ្យ​នៅ​តិច ដោយ​បញ្ចូល​សកម្មភាព​ទាំងនោះ​ទៅក្នុង​គម្រោង​ឲ្យ​បាន​ច្រើន ធ្វើយ៉ាងណា​ឲ្យ​ការរៀបចំ​គម្រោង​វិនិយោគ​បី​ឆ្នាំ​រំកិល ២០១៩-២០២១ របស់​ស្រុក កាន់តែ​មាន​ភាព​សុ​ក្រឹត្យ មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​ធានា​នូវ​ភាពស៊ីចង្វាក់​ប្រទាក់ក្រឡា​គ្នា​រវាង​គ្រប់​អង្គភាព និង​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ ឲ្យ​កាន់តែ​ទទួលបាន​លទ្ធផល​ជោគជ័យ រួមចំណែក​ក្នុងការ​អភិវឌ្ឍ​មូលដ្ឋាន​ឲ្យ​កាន់តែ​រីកចម្រើន ឈានទៅ​កាត់បន្ថយ​នូវ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​កាន់តែ​ឆាប់រហ័ស ។​

​លោក​អភិ​​បាល​រង​ខេត្ត​បាន​មានប្រសាសន៍​ដូច្នេះ​នៅក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​អង្គសិក្ខាសាលា​សមាហរណកម្ម​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​(២០១៩-២០២១) នៅ​ថ្នាក់ស្រុក ឆ្នាំ​២០១៨​ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​សាលាស្រុក​កំពង់រោទិ៍​ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ផងដែរ​ពី សំណាក់​លោក លោកស្រី​ជា​ប្រធាន អនុប្រធាន​មន្ទីរ​-​អង្គភាព​នានា​ក្នុង​​ខេត្ត ក្រុមប្រឹក្សា​ស្រុក គណៈ​អភិបាលស្រុក ការិយាល័យ​នានា​ជុំវិញ​ស្រុក លោក លោកស្រី​មេឃុំ ស្មៀនឃុំ អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត ។​

​សូមបញ្ជាក់​ផងដែរ​ថា ​សិក្ខាសាលា​សមាហរណកម្ម​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​នៅ​ថ្នាក់ស្រុក​នេះ ត្រូវបាន​ប្រារព្ធ​ធ្វើជា​រៀងរាល់ឆ្នាំ ក្នុង​គោលបំណង ដើម្បី​ឲ្យ​គម្រោង​សកម្ម​ភាពជា​អាទិភាព​ស្នើឡើង​នៅ​ថ្នាក់ស្រុក មាន​ភាពស៊ីសង្វាក់​ប្រទាក់ក្រឡា​គ្នា​ទៅនឹង​គោលនយោបាយ​យុទ្ធសាស្ត្រ និង​សកម្មភាព​នានា​របស់​បណ្ដា​មន្ទីរ​-​អង្គភាព​ជំនាញ និង​អង្គការ​មិនមែន​រដ្ឋាភិបាល ឈានទៅ​សម្រេចបាន​នូវ​គោលដៅ​រួម​នៃ​ការអភិវឌ្ឍ​មូលដ្ឋាន​ប្រកបដោយ​ប្រសិទ្ធភាព និង​ស័ក្ដិសិទ្ធិ​ភាព ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្ដែង​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ ។

​ដំណើរការ​សិក្ខាសាលា​នេះ ប្រព្រឹត្ត​ទៅដោយ​មានការ​ចុះកិច្ចសន្យា​គាំទ្រ​គម្រោង​រវាង​មន្ទីរជំនាញ និង​អង្គការ​នានា ជាមួយនឹង​អង្គភាព​អនុវត្ត​នៅ​ថ្នាក់ស្រុក ក្នុងនោះ​ស្រុក​កំពង់រោទិ៍ មាន​គម្រោង​គាំទ្រ​សរុប ១៦៤​គម្រោង (​ក្នុង​គម្រោង ២៦​គម្រោង និង ក្រៅ​គម្រោង​ចំនួន ១៣៨​គម្រោង​) ៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម