អ្នកសរសេរ​ប្លុក​ប្រឆាំង សញ្ជាតិ​បារាំង​ដើមកំណើត​វៀតណាម ផាម មិញ​ហ្វា​ង ត្រូវបាន​និរទេស​ខ្លួន​ទៅ​បារាំង​

1244
ចែករម្លែក

អ្នកសរសេរ​ប្លុក (Blogger) ប្រឆាំង​សញ្ជាតិ​បារាំង​ដើមកំណើត​វៀតណាម​មួយរូប ត្រូវបាន​និរទេស​ទៅ​បារាំង បន្ទាប់ពី​បាត់បង់​សញ្ជាតិ​កំណើត​របស់គាត់ (​វៀតណាម​)​។ លោក ផាម មិញ​ហ្វា​ង មានទោស​ជាប់គុក បន្ទាប់ពី​ត្រូវបាន​ផ្តន្ទាទោស​ក្នុង​ឆ្នាំ ២០១១ ជុំវិញ​អត្ថបទ “​ដែល​ធ្វើឱ្យ​ខូច​ឈ្មោះ​ប្រទេស​វៀតណាម​”​។

លោក​ហ្វា​ង អាយុ ៦២ ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​ក្នុង​ទីក្រុង​ហូជីមិញ កាលពី​ថ្ងៃ​សុក្រ ទី​២៣ មិថុនា បន្ទាប់ពី​ចាញ់​បណ្តឹង​ឧ​ទ្ទ​រណ៍​ប្រឆាំងនឹង​ការ​និរទេស​នេះ​។ វា​ជា​រឿង​កម្រ ដែល​មនុស្ស​ពីរ​សញ្ជាតិ បាត់បង់​សញ្ជាតិ​ប្រទេស​កំណើត​របស់ខ្លួន​។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស មាន​មូលដ្ឋាន​នៅ​អាមេរិក ហៅ​ចំណាត់ការ​នេះ​ថា “​មិន​ធ្លាប់មាន​ពីមុន និង គួរឱ្យភ្ញាក់ផ្អើល​”​។​

​លោក​ហ្វា​ង បាន​សារភាពថា បាន​ចូលរួម​ជាមួយ​ក្រុម​វៀត​តាន (Viet Tan) ជា​ក្រុមគាំទ្រ​លទ្ធិប្រជាធិបតេយ្យ មាន​មូលដ្ឋាន​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា ដែល​វៀតណាម​ចាត់ទុកជា​អង្គការ​ភេរវកម្ម​។ ប៉ុន្តែ​លោក​បាន​បដិសេធថា អត្ថបទ​លោក​មិនមាន​គោលបំណង​ផ្តួលរំលំ​រដ្ឋាភិបាល​ទេ​។

​បន្ទាប់ពី​បានមក​ដល់​ក្រុងប៉ារីស​កាលពី​ថ្ងៃអាទិត្យ ទី​២៥ មិថុនា លោក​ហ្វា​ង​បាន​ពណ៌នា​ពី​របៀប​ដែល​ប៉ូលិស​វៀតណាម​ព័ទ្ធ​ផ្ទះ​គាត់ និង​យក​គាត់​ចេញពីផ្ទះ ដោយ​មិនបាន​ព្រមាន​ទុកជាមុន​ទេ​។

​លោក​ហ្វា​ង​ត្រូវបាន​អនុញ្ញាតឱ្យ​ជួប​ជាមួយ​មន្ត្រី​កុងស៊ុល​បារាំង ប៉ុន្តែ​មិនអាច​និយាយ​លា​ប្រពន្ធ​របស់គាត់ លោកស្រី ឡេ ធី ខៀវ អូ​ញ បានទេ​។​

​លោកស្រី​អូ​ញ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រថា “​វា​ជា​ឧ​ត្ត​ម​គតិ​របស់​ហ្វា​ង​ដែល​ចង់​បន្ត​នៅ​វៀតណាម​ដើម្បី​តម្លើង​សំឡេង និង រួមចំណែក​កសាង​សេរីភាព និង​ប្រជាធិបតេយ្យ​”​។​

ក្នុង​សេចក្តីថ្លែងការណ៍​មួយ ស្ថានទូត​បារាំង​ក្នុង​ក្រុង​ហូជីមិញ​បាន​រំលឹក​វៀតណាម​អំពី​កិច្ចព្រមព្រៀង​សិទ្ធិមនុស្ស ស្តីពី​សេរីភាព​នៃ​ការបញ្ចេញមតិ ដែល​ខ្លួន​ជា​ភាគី​នៃ​កិច្ចព្រមព្រៀង និង ត្រូវ​អង្កេត​ការ​។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​និយាយថា ចំណាត់ការ​របស់​វៀត​ណា​ម “​បាន​ឆ្លង​បន្ទាត់​ក្រហម​សិទ្ធិមនុស្ស អំពី​សេរីភាព​នៃ​ការបញ្ចេញមតិ សិទ្ធិ​ទទួលបាន​សញ្ជាតិ និង ការប្រើប្រាស់​សេរីភាព​ស៊ីវិល និង​នយោបាយ​ជា​មូលដ្ឋាន​”​។

​សកម្មជន​អង្គការសិទ្ធិមនុស្ស​និយាយថា អ្នក​រិះគន់​រដ្ឋាភិបាល​ជាច្រើនរូប​ក្នុងប្រទេស​វៀតណាម​បាន​ជាក់​គុក​យូរៗ​ឆ្នាំ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​៕

លោក ផាម មិញ​ហ្វា​ង ត្រូវបាន​និរទេស​ខ្លួន​ទៅ​បារាំង​កាលពី​ថ្ងៃអាទិត្យ

ទីតាំងផ្សាយពាណិជ្ជកម្ម