វៀតណាម​ផ្តល់​សច្ចាប័ន​ដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរ​ប៉ាស៊ីហ្វិក​

910
ចែករម្លែក

​រដ្ឋសភា​វៀតណាម​កាលពី​ថ្ងៃ​ចន្ទ​ទី​១២​វិច្ឆិកា​បានផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរ​ប៉ាស៊ីហ្វិក​ដែល​ត្រូវបាន​បោះបង់ចោល​ដោយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ប៉ុន្តែ​នៅតែ​ត្រូវបាន​ជំរុញ​ដោយ​សមាជិក ១១ ប្រទេស​ផ្សេងទៀត​។​

​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ និង​អភិវឌ្ឍ​អន្តរ​ប៉ាស៊ីហ្វិក ឬ CPTPP នឹង​ចូល​ជាធរ​មាននៅ​ចុង​ឆ្នាំនេះ បន្ទាប់ពី​អូស្ត្រាលី​បាន​ក្លាយជា​ប្រទេស​ទី​៦ ដែល​បានផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​នេះ​កាលពី​ខែ​មុន​។​

​លោក​ត្រាំ​បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នេះ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ចូលកាន់​តំណែង​កាលពី​ឆ្នាំមុន ដោយ​និយាយថា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ពហុភាគី​នេះ​បណ្តាលឱ្យ​ពលរដ្ឋ​អាមេរិក​បាត់បង់​ការងារ​និង​ថា​គាត់​ចង់បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ជាង​។​

​សមាជិក​ចំនួន ១១ ដែល​នៅសល់​គឺមាន​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក ១៣ ភាគរយ​។​

​វៀតណាម​ត្រូវបាន​គេ​រំពឹងថា​នឹង​ក្លាយជា​សមាជិក​មួយ​ក្នុងចំណោម​សមាជិក​ដែល​នឹង​ទទួលបាន​ប្រយោជន៍​ច្រើន​បំផុត​ពី​ការនាំចេញ​ទូរស័ព្ទ​ចល័ត សម្លៀកបំពាក់ ស្បែកជើង អាហារ​សមុទ្រ និង​ផលិតផល​កសិកម្ម​។ ការសិក្សា​របស់​រដ្ឋាភិបាល​បានឱ្យដឹងថា កិច្ចព្រមព្រៀង​នេះ​នឹង​ជំរុញ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​របស់​វៀ​ត​ណា​ម ១,៣ ភាគរយ ខណៈ​ការនាំចេញ​នឹង​កើនឡើង ៤ ភាគរយ​នៅត្រឹម​ឆ្នាំ ២០៣៥​។​

​នូ​វែ​ល​សេ​ឡង់ កាណាដា ជប៉ុន ម៉ិ​ក​ស៊ិ​ក សិង្ហ​បុរី អូស្ត្រាលី និង​វៀតណាម​បានផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​នេះ​រួចហើយ​។ ម៉ាឡេស៊ី ព្រុយ​ណេ ប៉េ​រូ និង​ស៊ី​លី មិនទាន់​បានផ្តល់​សច្ចា​ប័ន​នៅឡើយ​ទេ​៕ ដោយ៖ កញ្ញាដាលីស

វៀតណាម​នឹង​ទទួលបាន​ប្រយោជន៍​ច្រើន​បំផុត​ពី​ការនាំចេញ​ទូរស័ព្ទ​ចល័ត សម្លៀកបំពាក់ ស្បែកជើង អាហារ​សមុទ្រ និង​ផលិតផល​កសិកម្ម

ទីតាំងផ្សាយពាណិជ្ជកម្ម