បារាំង​អំពាវនាវ​ឱ្យ​អឺរ៉ុប​បង្កើត “​ចក្រភព​” ដើម្បី​ប្រជែង​ជាមួយ​ចិន​និង​អាមេរិក​

885
ចែករម្លែក

​រដ្ឋមន្ត្រី​បារាំង​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​១១​វិច្ឆិកា​ថា អឺរ៉ុប​ត្រូវតែ​ក្លាយជា “​ចក្រភព​” ដើម្បី​ប្រជែង​ជាមួយ​ចិន​និង​អាមេរិក​។​

​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​លោក ព្រូ​ណូ ឡឺ ម៊ែ​រ បាន​និយាយថា សហភាព​អឺរ៉ុប​ត្រូវតែ​ពង្រឹង​អំណាច​របស់ខ្លួន​នៅ​ទូទាំង​ពិភពលោក​ដើម្បី​លើកកម្ពស់​សន្តិភាព​និង​ការពារ​បរិស្ថាន​។​

​លោក​បាន​ប្រាប់​សារព័ត៌មាន​អាល្លឺម៉ង់ Handelsblatt ថា “​វា​គឺ​អំពី​អឺរ៉ុប​ដែល​ត្រូវតែ​ក្លាយទៅជា​ចក្រភព​មួយ​ដូច​ចិន និង​របៀប​ដូច​សហរ​ដ្ឋ​អាមេរិក​សព្វថ្ងៃ​។ ប៉ុន្តែ​ជា​ចក្រភព​សន្តិភាព​មួយ​ដែល​ពឹង​ផ្អែកលើ​កំណើនសេដ្ឋកិច្ច​ដែល​ការពារ​បរិស្ថាន​។ ទាំង​ចិន​និង​អាមេរិក ដែល​ចាក​ចេញពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តីពី​ការប្រែប្រួល​អាកាសធាតុ គឺ​មិន​ស្ថិតនៅលើ​បន្ទាត់​នេះ​ទេ​”​។​

​នៅពេល​សួរថា​ហេតុអ្វី​បានជា​គាត់​ប្រើពាក្យ “​ចក្រភព​” ដ៏​ចម្រូងចម្រាស់ លោក​ឡឺ​ម៊ែ​រ បាន​បញ្ជាក់ថា “​សូមកុំ​ធ្វើឱ្យ​ខ្ញុំ​ខុស​អី ខ្ញុំ​និយាយ​អំពី​ចក្រភព​សន្តិភាព ដែលជា​រដ្ឋ​មួយ​ផ្អែកលើ​ច្បាប់​ធម្មនុញ្ញ​។ ខ្ញុំ​ប្រើពាក្យ​នេះ​ដើម្បី​លើកកម្ពស់​ការយល់ដឹង​ថា ពិភពលោក​នា​ថ្ងៃស្អែក នឹង​ត្រូវបាន​កែប្រែ​រូបរាង​ដោយ​អំណាច​។ អំណាច​នឹងធ្វើ​ឱ្យមាន​ភា​ព​ខុសប្លែកគ្នា : អំណាច​បច្ចេកវិជ្ជា អំណាច​សេដ្ឋកិច្ច អំណាច​ហិរញ្ញវត្ថុ អំណាច​រូបិយវត្ថុ អំណាច​វប្បធម៌ នឹងមាន​សារៈសំខាន់​ខ្លាំងណាស់​។ អឺរ៉ុប​មិនគួរ​លែង​សំញែង​អំណាច​របស់ខ្លួន​តទៅទៀត​នោះទេ និង​ត្រូវតែ​ក្លាយជា​ចក្រភព​សន្តិភាព​មួយ​”​។

​ការលើកឡើង​នេះ​ធ្វើឡើង​បន្ទាប់ពី​លោក​ប្រធានាធិបតី​បារាំង អេ​ម៉ា​នូ​អែល ម៉ា​ក្រុង សប្តាហ៍​មុន​បាន​អំពាវនាវ​ឱ្យមាន “​កងទ័ព​អឺរ៉ុប​ពិតប្រាកដ​” ដើម្បី​ការពារ​ទ្វីប​នេះ​ពី​ការកើនឡើង​នៃ​ការគំរាមកំហែង​ផ្នែក​យោធា រួមទាំង​សហរដ្ឋអាមេរិក​។​

​ប្រធានាធិបតី​បារាំង​រូបនេះ​បាន​និយាយថា ចិន​និង​រុស្ស៊ី​បាន​ក្លាយជា​មហាអំណាច​កា​ន់​តែ​ខ្លាំង​ឡើង ហើយ​ថា​សហរដ្ឋអាមេរិក​ដែល​ស្ថិតនៅក្រោម​ការដឹកនាំរ​បស់​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ គឺ​មិនអាច​ពឹង​ផ្អែកលើ​ការការពារ​បាន​នោះឡើយ​៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​បារាំង អេ​ម៉ា​នូ​អែល ម៉ា​ក្រុង

ទីតាំងផ្សាយពាណិជ្ជកម្ម