រៀល​ម៉ា​ឌ្រី​ត​ផ្តោត​គោលដៅ​ផ្ទេរ​លើ​កីឡា​ករបី​រូប​នៅ​ខែមករា ដើម្បី​សង្គ្រោះ​រដូវ​កាល​របស់ខ្លួន​

1084
ចែករម្លែក

តាម​ព័ត៌មាន​ថា ក្លិប រៀល​ម៉ា​ឌ្រី​ត​(Real Madrid) បានកំណត់​គោលដៅ​ផ្ទេរ​សំខាន់ បី​រូប​នៅ​រដូវ​កាល​ទិញដូរ​កីឡាករ​នៅ​ខែម​ករានេះ​។​
​ ​
​ក្លឹប​យក្ស​នៅ​ក្របខណ្ឌ La Liga នេះ ចាប់ផ្តើម​រដូវ​កាល​មិនបាន​ល្អ ដែល​បណ្តាល​ឲ្យ​គ្រូបង្វឹក ជូ​លៀន ឡូ​ប៉េ​តេ​ហ្គី (Julen Lopetegui) ត្រូវ​បាត់បង់​ការងារ​។ លោក សា​នទី​យ៉ា​ហ្គោ សូ​ឡា​រី (Santiago Solari) បាន​ចូល​ដឹកនាំ​បណ្តោះអាសន្ន ហើយ​ក្រុម Real Madrid រកបាន​ជ័យជម្នះ​៣​លើក​ជាប់​គ្នា​។​
​ ​
​យោងតាម​កាសែត Marca បាន​ឲ្យ​ដឹងថា ក្លិប Real Madrid មាន​គម្រោង​ក្នុង​ដៃ​រួចហើយ សម្រាប់​រដូវ​កាល​ទិញដូរ​កីឡាករ​បន្ទាប់​នេះ​។ គេ​រំពឹងថា កីឡាករ រ៉ូ​ឌ្រី​ហ្គោ (Rodrygo) របស់​ក្លិប សាន​ទុ​ស​(Santos) នឹងចូលរួម​នៅ​រដូវក្តៅ​ក្រោយ ហើយ​កីឡាករ ប៉ា​ឡា​ស៊ី​យ៉ូ​ស (Palacios) របស់​ក្លិប រី​វ័រ ផ្លេ​ត​(River Plate) ក៏​ជា​គោលដៅ​ម្នាក់ទៀត ចំណែក​កីឡាករ ម៉ា​រី​យ៉ូ ហឺ​ម៉ូ​សូ (Mario Hermoso) ក៏​ទំនងជា​ចូលរួម​ផងដែរ​ស្របពេល​ខ្សែការពារ​វ័យ ២៣​ឆ្នាំ​រូបនេះ​កំពុង​ធ្វើ​បានល្អ​ជាមួយ​ក្លិប Espanyol ។​

Real Madrid បាន​យកឈ្នះ​ក្រុម Celta Vigo កាលពី​ថ្ងៃអាទិត្យ​ដោយ​លោក សូ​ឡា​រី បាន​អំពាវនាវ​ឲ្យ​ក្រុម​របស់លោក​បង្ហាញ​ភាព​ស្រេកឃ្លាន​បន្តទៀត​។​
​ ​
​លោក​បាន​និយាយថា “​យើង​ត្រូវតែ​បង្កើត​ទម្រង់​ដដែល​ប្តូរផ្តាច់​និង​ស្រេកឃ្លាន​ជ័យជម្នះ ដូចដែល​យើង​បានបង្ហាញ​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នេះ​”​។ លោក​បន្តថា “​យើង​ត្រូវតែមាន វិន័យ​និង​ផ្តោត​ការយកចិត្តទុកដាក់​។ នោះ​គឺ​អ្វីដែល​យើង​ចង់បាន​”​។​
​ ​
​ក្រុម Real Madrid ចាប់ផ្តើម​ការប្រកួត​ចុង​សប្តាហ៍​ដោយ​តាម​ពីក្រោយ​ក្រុម Barcelona ៧​ពិន្ទុ បន្ទាប់ពី​ខកខាន​មិនបាន​រក​ជ័យជម្នះ​ក្នុង​៥​ប្រកួត​ជាប់​គ្នា​ក្នុង​លី​ក ដែល​ធ្វើ​ឲ្យ​គ្រូបង្វឹក ឡូ​ប៉េ​តេ​ហ្គី ត្រូវ​ចាកចេញ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ រ៉ូ​ឌ្រី​ហ្គោ (Rodrygo)

ទីតាំងផ្សាយពាណិជ្ជកម្ម