អ៊ីស្រាអែល​វាយប្រហារ​តាម​អាកាស​ទៅលើ​តំបន់​ហ្កា​ហ្សា​បំផ្លាញ​អគារ​ទូរទស្សន៍ បន្ទាប់ពី​គ្រាប់​រ៉ុ​ក​កែ​ត​ត្រូវបាន​បាញ់​ចេញពី​តំបន់​នោះ

2531
ចែករម្លែក

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើតំបន់ហ្កាហ្សាបានសម្លាប់ជនប៉ាឡេស្ទីន៣នាក់និងបានបំផ្លាញអគារទូរទស្សន៍មួយរបស់ក្រុមហាម៉ាស់កាលពីថ្ងៃចន្ទ បន្ទាប់ពីមានការបាញ់គ្រាប់រ៉ុកកែតជាច្រើនគ្រាប់ចេញពីតំបន់នោះ ខណៈដែលអំពើហិង្សាថ្មី បានគំរាមកំហែងដោយធ្វើឱ្យរាំងស្ទះដល់កិច្ចប្រឹងប្រែងដើម្បីបញ្ចប់ភាពចលាចលអស់រយៈពេលជាច្រើនខែមកនេះ។

ការវាយប្រយុទ្ធនេះ បានកើតឡើងបន្ទាប់ពី ប្រតិបត្ដិការរបស់កងកម្លាំងពិសេសអ៊ីស្រាអែលនៅតំបន់ហ្កាហ្សាស្ទ្រីបកាលពីថ្ងៃអាទិត្យ ដែលបានបណ្តាលឱ្យក្រុមហាម៉ាស់ សន្យាធ្វើការសងសឹកវិញ។

យោធាអ៊ីស្រាអែលបាននិយាយថា រហូតមកដល់ពេលនេះខ្លួនបានវាយប្រហារទៅលើទីតាំងជាង៧០កន្លែងរបស់ក្រុមជនសកម្មប្រយុទ្ធក្នុងការឆ្លើយតបទៅនឹងការបាញ់គ្រាប់រ៉ុកកែតជាង៣០០គ្រាប់ដែលបានបាញ់ចេញពីទឹកដីដែលគ្រប់គ្រងដោយក្រុមហាម៉ាស់កាលពីថ្ងៃចន្ទ។

យោធាអ៊ីស្រាអែលបាននិយាយថា ប្រព័ន្ធការពារប្រឆាំងមីស៊ីលរបស់ខ្លួនបានបាញ់កម្ទេចចោលគ្រាប់រ៉ុកកែតរាប់សិបគ្រាប់ ដែលបាញ់ចេញពីតំបន់ហ្កាហ្សា ហើយភាគច្រើននៃគ្រាប់បែកបានធ្លាក់នៅតំបន់ទីវាល ទោះបីយ៉ាងនេះក្តី មានគ្រាប់រ៉ុកកែតខ្លះ បានធ្លាក់ចំផ្ទះមួយចំនួន និងសំណង់អគារស៊ីវិលមួយចំនួនទៀត។ ក្រុមគ្រូពេទ្យបាននិយាយថា ជនអ៊ីស្រាអែលប្រហែល២០នាក់បានរងរបួស។

កងទ័ពអ៊ីស្រាអែលបាននិយាយថារថយន្តក្រុងមួយរបស់អ៊ីស្រាអែលត្រូវបានវាយប្រហារចំដោយមីស៊ីលប្រឆាំងរថក្រោះ ដោយបាញ់ចេញពីតំបន់ហ្កាហ្សាស្ទ្រីប ដែលបណ្តាលឱ្យរបួសមនុស្សច្រើននាក់។ កងទ័ពអ៊ីស្រាអែលបាននិយាយថាទាហានម្នាក់បានរងរបួសយ៉ាងធ្ងន់។

ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាដោយរួមទាំងក្រុមហាម៉ាសបានអះអាងទទួលខុសត្រូវចំពោះការបាញ់គ្រាប់រ៉ុកកែតនិងការវាយប្រហារដោយមីស៊ីលទៅលើរថយន្តក្រុងនេះដែលពួកគេនិយាយថា ត្រូវបានប្រើដោយពួកទាហានអ៊ីស្រាអែល៕ដោយ៖សុខា/SN

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើតំបន់ហ្កាហ្សាបានបំផ្លាញអគារទូរទស្សន៍មួយរបស់ក្រុមហាម៉ាស់កាលពីថ្ងៃចន្ទ

គ្រាប់រ៉ុកកែតជាច្រើនគ្រាប់ ត្រូវបាញ់ចេញពីតំបន់ហ្កាហ្សាស្ទ្រីប ទៅលើប្រទេសអ៊ីស្រាអែលកាលពីថ្ងៃចន្ទ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ