បន្ទាប់ពី ១៧ ឆ្នាំ ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​ភាគច្រើន​បន្ទោស​អាមេរិក​ចំពោះ​សង្គ្រាម​គ្មាន​ទីបញ្ចប់​

939
ចែករម្លែក
  • 103
    Shares

​នៅពេល​កងកម្លាំង​អាមេរិក​និង​សម្ព័ន្ធមិត្ត​អា​ហ្វ​ហ្គា​នី​ស្ថាន​របស់​ពួកគេ​បានធ្វើ​ដំណើរ​មកដល់​ទី​ក្រុង​កា​ប៊ុល​នៅ​ខែវិច្ឆិកា​ឆ្នាំ ២០០១ ពួកគេ​ត្រូវបាន​ស្វាគមន៍​ក្នុងនាម​ជា​អ្នក​រំដោះ​។ ប៉ុន្តែ​ក្រោយពី​សង្គ្រាម​រយៈពេល​១៧​ឆ្នាំ ពួក​តា​លី​បង់​បាន​ដណ្តើម​ការកាន់កាប់​ប្រទេស​ឡើងវិញ​ពាក់កណ្តាល សន្តិសុខ​កាន់តែ​អាក្រក់​ជាង​មុន និង​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​ភាគច្រើន​បាន​ស្តីបន្ទោស​យ៉ាងខ្លាំង​ទៅលើ​អាមេរិក​។​

​សហរដ្ឋអាមេរិក​បាន​បាត់បង់​ទាហាន​ជាង ២.៤០០ នាក់​នៅក្នុង​សង្គ្រាម​ដ៏​យូរ​បំផុត​របស់ខ្លួន​ហើយ​បាន​ចំណាយ​ប្រា​ក់ជាង ៩០០ ពាន់​លាន​ដុល្លារ​លើ​អ្វីៗ​គ្រប់យ៉ាង​ចាប់ពី​ប្រតិបត្តិការ​យោធា​រហូតដល់​ការស្ថាបនា​ផ្លូវថ្នល់​ស្ពាន​និង​រោងចក្រ​ថាមពល​។ ប្រធានាធិបតី​អាមេរិក​៣​រូប​បាន​សន្យា​នាំយក​សន្តិភាព​ជូន​អា​ហ្វ​ហ្គា​នី​ស្ថាន​ដោយ​ការបន្ថែម​ឬ​ដក​កងទ័ព​តាមរយៈ​ការរួមបញ្ចូល​ពួក​តា​លី​បង់​ឬ​ការដកចេញ​ពួកគេ​។ កាលពី​ឆ្នាំមុន សហរដ្ឋអាមេរិក​បាន​ទម្លាក់ “​ម៉ែ​គ្រាប់បែក​” ទៅលើ​រូងភ្នំ​ដ៏​ស្មុគស្មាញ​មួយកន្លែង​។​

​ដំណោះស្រាយ​របស់​អាមេរិក​គ្មាន​មួយណា​មាន​ប្រសិទ្ធភាព​នោះឡើយ​។ បន្ទាប់ពី​ខកចិត្ត​ជាច្រើន​ឆ្នាំ ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​កាន់តែ​នឹកគិត​ដល់​ផែនការ​សមគំនិត​ផ្សេងៗ​នៅ​ពីក្រោយ​សង្គ្រាម​នេះ ដោយ​ខ្លះ​ថា​អាមេរិក​មិនមែន​នៅ​សុខៗ​មក​ធ្វើសង្គ្រាម​គ្មាន​ទីបញ្ចប់​ដូច្នេះ​ទេ ប៉ុន្តែ​បានរៀបចំ​ផែនការ​ដើម្បី​ធ្វើសង្គ្រាម​ឱ្យ​យូរ​ដូច្នេះ​តែម្តង​។​

​លោក ម៉ូ​ហា​ម៉េ​ត អ៊ី​ស្មា​អ៊ី​ល ក្វា​ស៊ី​មី​យ៉ា សមាជិក​ក្រុមប្រឹក្សា​សន្តិភាព​ជាន់ខ្ពស់​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន ចោទ​ជា​ចម្ងល់​ថា​តើ​កងកម្លាំង​អាមេរិក​និង​ណា​តូ​ដែលមាន​ចំនួន ១៥០.០០០ នាក់​ដែល​ប្រយុទ្ធ​រួមគ្នា​ជាមួយ​កងទ័ព​អា​ហ្វ​ហ្គា​នី​ស្ថាន​រាប់ម៉ឺន​នាក់ ម៉េច​ក៏​មិនអាច​ប្រយុទ្ធ​ឈ្នះ​ពួក​តា​លី​តែ​ប៉ុន្មាន​សិប​ពាន់​នាក់​។​

​លោក​ក្វា​ស៊ី​មី​យ៉ា​និយាយថា “​ពួកគេ​មិន​ចង់​ធ្វើ​វា​ឬ​មិនអាច​ធ្វើ​វា​បាន​ឬ​យ៉ាងណា​”​។ ឥឡូវនេះ​គាត់​សង្ស័យថា​សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​គឺ​ប៉ា​គី​ស្ថាន​កំពុង​បង្ក​ភាពចលាចល​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ដោយ​ចេតនា ដើម្បី​ជា​លេស​បន្ត​វត្តមាន​កងកម្លាំង​បរទេស​ដែលមាន​ចំនួន​រហូតដល់ ១៥.០០០ នាក់​ក្នុង​បំណង​ប្រើ​ប្រទេស​នេះ​ធ្វើជា​ប៉ុស្តិ៍​សម្រាប់​ស្តាប់​មួយ​ដើម្បី​ត្រួតពិនិត្យ​អ៊ីរ៉ង់ រុស្ស៊ី និង​ចិន​។​

​លោក​បាន​និយាយថា “​ពួកគេ​បាន​បង្កើត​ឋាននរក មិនមែន​ឋានសួគ៌​សម្រាប់​យើង​នោះទេ​”៕ ដោយ៖ កញ្ញាដាលីស

កងកម្លាំង​អា​ហ្វ​ហ្គា​នី​ស្ថាន​កំពុង​ហ្វឹកហាត់​ពង្រឹង​សន្តិសុខ

ទីតាំងផ្សាយពាណិជ្ជកម្ម