មន្ត្រី​រដ្ឋាភិបាល​អ្នកជំនាញ​សុខភាព​ក្នុង​ពន្ធនាគារ និង​សុខភាព​សាធារណៈ​មកពី​១៧​ប្រទេស ជួប​ជុំគ្នា​នៅ​ភ្នំពេញ​

961
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: មន្ត្រី​រដ្ឋាភិបាល រួមជាមួយ​អ្នកជំនាញ​លើ​ផ្នែក​សុខភាព​ក្នុង​ពន្ធនាគារ និង​សុខភាព​សាធារណៈ មកពី​បណ្ដា​ប្រទេស​ចំនួន​១៧ នឹង​ជួបប្រជុំ​ក្នុង​សន្និសីទ​លើក​ទី​២​អាស៊ី និង​ប៉ា​ស៊ី​ហ្វ៊ិ​កលើ​សុខមាលភាព​ក្នុង​ពន្ធនាគារ (APCPH) ដែល​រៀបចំឡើង​ដោយ គណៈកម្មាធិការ​អន្តរជាតិ​នៃ​កាកបាទក្រហម​(ICRC)​នៅក្នុង​រាជធានី​ភ្នំពេញ​។​

នៅ​ថ្ងៃ​១៤ វិច្ឆិកា​នេះ ប្រទេស​ចំនួន​១៥​ជួប​ជជែក​គ្នា​អំពី​សុខមាលភាព​របស់​អ្នក​ជាប់ពន្ធនាគារ​(​រូបៈ ម៉ៃ វីរៈ​)

​សន្និសីទ​រយៈពេល​៣​ថ្ងៃ ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១៤​ខែវិច្ឆិកា​ឆ្នាំ​២០១៨ នឹង​លើកឡើង​រាល់​ប្រធានបទ​ដែល​ទាក់ទង​នឹង​គោលនយោបាយ​សុខភាព​ជាតិ​ទិន្នន័យ​សុខភាព​ការស្រាវជ្រាវ និង​ការអនុវត្ត​ដ៏​ល្អ​ជុំវិញ​ការផ្តល់សេវា​សុខភាព​នៅក្នុង​ពន្ធនាគារ ក៏ដូចជា​អត្ថប្រយោជន៍​ដែល​បានផ្ដល់​ទៅក្នុង​សង្គម​។​

​សន្និសីទ​ដ៍​ធំ​មួយ​នេះ​ប្រព្រឹត្តិ​ទៅ​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​ក្រោម​របៀបវារៈ អាស៊ី និង​ប៉ាស៊ីហ្វិក​៖ ពី​ការគ្រប់គ្រង មកជា​ការផ្ដល់សេវា​ខា​ភិ​បាល និង​សុខភាព​ផ្លូវចិត្ត​ក្នុង​ពន្ធនាគារ​។​អញ្ជើញ​ចូលរួម​បើក​កម្មវិធី​ស​និ្ន​សីទ​រួមមាន លោក តែ គុយ​សៀង រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល លោក ប៉ាវ ហមផាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក Lorenzo Caraffi មន្ត្រី​ផ្នែក​ច្បាប់​ប្រចាំ​តំបន់​បាំង​កក និង​លោក រ៉ូ​ម៉ាន់ ប៉ា​រ៉ា​ម៉ូ​ណូ​វ ប្រធាន​បេសកកម្ម​របស់ ICRC ផងដែរ​។​

​បុគ្គលិក​សេវា​សុខាភិបាល​ក្នុង​ពន្ធនាគារ មន្ត្រី​តំណាង​ពី​ក្រសួង​នានា​និង​បណ្ឌិត​មកពី​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច អឺរ៉ុប​និង​អាមេរិក​ខាងត្បូង​នឹង​ផ្ដោត​ការពិភាក្សា​ចំនួន​៣ ថ្ងៃនេះ​។ នៅ​ក្នុងនោះ​ការពិភាក្សា​ទៅលើ​គោលនយោបាយ​សុខភាព​ក្នុង​ពន្ធនាគារ នីតិវិធី​ប្រតិបត្តិការ​ជា​ស្តង់ដារ ការសម្របសម្រួល​តាម​អន្តរ​វិស័យ ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​សុខភាព និង​ការផ្ដល់សេវា​សុខាភិបាល​នៅក្នុង​តំបន់​ដែលមាន​ភាពមិនប្រក្រតី​លើ​ការប្រើប្រាស់​សារធាតុ​ញៀន សុខភាព​ផ្លូវចិត្ត​និង​ជំងឺឆ្លង​នានា​។​

​លោក រ៉ូ​ឡែ​ន​សូ កា​រ៉ា​ហ្វី អ្នកសម្របសម្រួល​ផ្នែក​ច្បាប់​នៃ​កាកបាទក្រហម​អន្តរជាតិ​ប្រចាំ​តំបន់ បានលើកឡើង​នៅក្នុង​សេចក្តីប្រកាស​ពត៌មាន​ថា​៖ ICRC មានបទពិសោធន៍​ច្រើន​ឆ្នាំ ក្នុងការ​ដោះស្រាយ​ជាមួយ​បញ្ហា​ប្រឈម​ដែល​ពាក់ព័ន្ធ នឹង​ការធានា​ឲ្យ​បាន​នូវ​ការព្យាបាល និង​លក្ខខណ្ឌ​រស់នៅ​សមរម្យ​របស់​ជន​ជាប់ឃុំ​ជុំវិញ​ពិភពលោក​។ ចំណែកឯ​ក្នុង​តំបន់​អាស៊ី​និង​ប៉ា​ស៊ី​ហ្វ៊ិ​ក​នេះ​យើង​បាន​ចុះ​ទស្សនកិច្ច​ពន្ធនាគារ​ក្នុងប្រទេស​ចំនួន ១៥​។ ការរៀបចំ​សន្និសីទ​នេះ គឺជា​ឱកាស​មួយ​ដែល​យើង​រាល់គ្នា​អាចបង្កើត​បរិយាកាស​ចែករំលែក ក៏ដូចជា​បង្កើន​នូវ​ការសហការ​ដៃគូ​អន្តរជាតិ​លើ​ការផ្តល់​សិទ្ធិ​កុមារ នៅក្នុង​ពន្ធនាគារ​ក្នុង​តំបន់ និង​លើសពីនេះ​ផងដែរ​។​

​លោក​កា​រ៉ា​ហ្វី​បាន​មានប្រសាសន៍​បន្តថា ICRC ធ្វើការ​ជាមួយ​ថ្នាក់​គ្រប់គ្រង​ក្នុង​ប្រព័ន្ធ​ពន្ធនាគារ និង​ផ្ដល់​អនុសាសន៍​ដល់​ពន្ធ​នាគារ​ជុំវិញ​ពិភពលោក ដើម្បី​ធានាថា ជន​ជាប់ឃុំ​ទទួលបាន​ការថែទាំ​ដ៏​ល្អប្រសើរ​មួយ​ដែល​ការថែទាំ នេះ​គឺ​ផ្ដល់ជូន​រាល់​បុគ្គល​ទូទៅ​។ បញ្ហា​ប្រឈម​ទាំងនេះ​មាន​ភាពស្មុគស្មាញ និង​បញ្ហា​ចម្រុះ​ជាច្រើន ដូច្នេះ​យើង​ស្វា​គម​ក្នុងការ​បង្កើន​ភាពជា​ដៃគូ ជាមួយ​មន្ត្រី​រដ្ឋាភិបាល និង​អ្នកជំនាញ​ផ្សេងៗ​។​

ICRC​មាន​គោលដៅ​ក្នុងការ​ពង្រឹង​ការថែទាំ​បែប​មនុស្សធម៌​និង​លក្ខខណ្ឌ​រស់នៅ របស់​ជន​ជាប់ឃុំ​ទាំងអស់​មិន​ថា ពួកគេ​ត្រូវបាន​ឃុំខ្លួន ដោយសារ​មូលហេតុ​អ្វី​នោះទេ ពួកយើង​ក៏បាន​ស្វែងរក​នូវ​វិធី ដើម្បី​សម្រួល​ទុក្ខលំបាក​របស់​គ្រួសារ​របស់គេ​ផងដែរ តាមរយៈ​ការផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​ជន​ជាប់ឃុំ​និង​សាច់ញាតិ​របស់គេ​។ CRC ធ្វើ​ការងារ​ដើម្បី​ប្រាកដថា​ជនរងគ្រោះ​ពី​ជម្លោះ​ប្រដាប់អាវុធ ដែល​អាច​ទទួលបាន​កា​រ​ថែទាំ​សុខ​ភាពជា​មូលដ្ឋាន សមស្រប​តាម​ស្តង់ដារ​ដែល​បានទទួល​ស្គាល់​ជាស​កល​៕

ទីតាំងផ្សាយពាណិជ្ជកម្ម