ក្រុម​អ្នកជំនាញ​អាមេរិក​រកឃើញ​ទីតាំង​មី​ស៊ី​ល​១៣​កន្លែង​នៅ​កូរ៉េខាងជើង​ដែល​មិនត្រូវ​បានប្រកាស​

858
ចែករម្លែក
  • 36
    Shares

អ្នកជំនាញអាមេរិក មួយក្រុមបាននិយាយកាលពីថ្ងៃចន្ទទី១២វិច្ឆិកាថា ខ្លួនបានកំណត់សម្គាល់យ៉ាងហោចណាស់មូលដ្ឋានប្រតិបត្តិការមីស៊ីលចំនួន១៣កន្លែងក្នុងចំណោមទីតាំងប្រតិបត្តិការមីស៊ីលប្រមាណ២០កន្លែងដែលមិនត្រូវបានប្រកាស់ឱ្យដឹងនៅប្រទេសកូរ៉េខាងជើង។

ការរកឃើញនេះ នឹងបញ្ជាក់អំពីបញ្ហាប្រឈមសម្រាប់ក្រុមអ្នកចរចាអាមេរិចដែលសង្ឃឹមថានឹងបញ្ចុះបញ្ចូលរដ្ឋាភិបាលក្រុងព្យុងយ៉ាងឱ្យបោះបង់អាវុធនុយក្លេអ៊ែរនិងមីស៊ីលរយៈចម្ងាយឆ្ងាយរបស់ប្រទេសនេះនោះ។

នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយដោយមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រអន្តរជាតិ(CSIS) ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី នោះ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ការថែទាំនិងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានសង្កេតឃើញមាននៅតំបន់មួយចំនួនក្នុងចំណោមតំបន់ទីតាំងទាំងនោះ ទោះបីជាមានការចរចាក៏ដោយ។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសន្យាថានឹងធ្វើការឆ្ពោះទៅរកការរំសាយចោលអាវុធនុយក្លេអ៊ែរ នៅឯកិច្ចជំនួបកំពូលកាលពីខែមិថុនានៅប្រទេសសិង្ហបុរី ប៉ុន្តែកិច្ចព្រមព្រៀងនេះខ្វះការបញ្ជាក់ច្បាស់ ហើយការចរចាមានការរីកចំរើនទៅមុខតិចតួច។

លោក ដូណាល់ ត្រាំបាននិយាយនៅលើបណ្តាញសង្គមTwitter បន្ទាប់ពីកិច្ចជំនួបនោះថា ” មិនមានការគំរាមកំហែងនុយក្លេអ៊ែរពីកូរ៉េខាងជើងទៀតទេ” ។

កូរ៉េខាងជើងបានប្រកាសថានុយក្លេអ៊ែររបស់ខ្លួនបានបញ្ចប់ហើយបានបញ្ឈប់ការសាកល្បងនុយក្លេអ៊ែរនិងមីស៊ីលកាលពីដើមឆ្នាំនេះ ប៉ុន្តែ ក្រុមអ្នកចរចាអាមេរិកនិងកូរ៉េខាងត្បូងមិនទាន់ទទួលបានសេចក្តីប្រកាសជាក់ស្តែងអំពីទំហំឬវិសាលភាពនៃកម្មវិធីអាវុធឬការសន្យាបញ្ឈប់ការដាក់ពង្រាយអាវុធដែលមានស្រាប់របស់ប្រទេសនេះនៅឡើយទេ។

កូរ៉េខាងជើងបាននិយាយថាខ្លួនបានបិទកន្លែងសាកល្បងនុយក្លេអ៊ែរPunggye-ri និងមជ្ឈមណ្ឌលសាកល្បងមីស៊ីលSohae របស់ខ្លួន។ កូរ៉េខាងជើងក៏បានលើកឡើងផងដែរអំពីលទ្ធភាពនៃការបិទទីតាំងបន្ថែមទៀតនិងអនុញ្ញាតឱ្យមានការត្រួតពិនិត្យជាអន្តរជាតិ ប្រសិនបើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចាត់វិធានការសមស្របដូចគ្នា ដែលរហូតមកដល់ពេលនេះមិនមានសញ្ញាអ្វីមួយកើតឡើងទេ៕ដោយ៖សុខា/SN

រូបភាពពីផ្កាយរណបដែលថតកាលពីថ្ងៃទី២៩ខែមីនាឆ្នាំ២០១៨បង្ហាញអ្វីដែលក្រុមអ្នកជំនាញអាមេរិកថាជាទីតាំងប្រតិបត្តិការមីស៊ីលនៅកូរ៉េខាងជើង

ទីតាំងផ្សាយពាណិជ្ជកម្ម