ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​សវនកម្ម និង​ស្តង់ដារ​សវនកម្ម​សាធារណៈ​ដល់​មន្ត្រីខេត្ត​ស្ទឹងត្រែង​

1015
ចែករម្លែក

ដោយ​: សុខុម / ស្ទឹងត្រែង​: អាជ្ញាធរ​សវនកម្ម​ជាតិ បាន​ចុះមក​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​សវនកម្ម​និង​ស្តង់ដារ​សវនកម្ម​សាធារណៈ ដល់​មន្ត្រីរាជការ​ក្នុង​ខេត្តស្ទឹងត្រែង ឱ្យបាន​យល់​កាន់តែច្បាស់ ដើម្បី​ងាយស្រួល​បំពេញការងារ​ត្រឹមត្រូវ​តាមច្បាប់​។ សិក្ខាសាលា​នោះ បានរៀបចំ​ឡើង​នៅ​សណ្ឋាគារ​រស្មី​ពេជ្រ​អស់​រយៈពេល​មួយ​ព្រឹក កាលពី​ថ្ងៃទី​១៣​ខែវិច្ឆិកា​ឆ្នាំ​២០១៨​។​

​លោក ដួង ពៅ អភិបាលរង​ខេត្តស្ទឹងត្រែង បាន​លើកឡើងថា សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​ខាងលើនេះ មាន​សារៈសំខាន់​ណាស់ សម្រាប់​មន្ត្រីរាជការ​ក្នុង​ខេត្តស្ទឹងត្រែង​។ ពីព្រោះថា អាជ្ញាធរ​ថ្នាក់ជាតិ បាន​ផ្សព្វផ្សាយ​ច្បាប់​និង​បង្ហាញ​ពី​ការគ្រប់គ្រង បំពេញការងារ​ឯកសា​រ​កែតម្រូវ​ពី​ខុស​មក​ត្រូវ បាន​ច្រើនណាស់​កន្លងមក​។ ចំណុច ដែល​ត្រូវ​គិតគូរ​នោះ​គឺ​ស្ថិតនៅត្រង់​ការ​គ្រប់​គ្រង់​ថវិកា​ចំណាយ​ចំណូល​ប្រចាំឆ្នាំ​ឱ្យមាន​ប្រសិទ្ធិភាព​។​

​លោក​បណ្ឌិត​សួន​សិទ្ធី​អគ្គសវនកររង​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ​បាន​និយាយថា​អាជ្ញាធរ​សវនកម្ម​ជាតិ​មាន​ច​រឹក​ឯករាជ្យ​ពិតប្រាកដ​។ លោក​បាន​និយាយថា ឯករាជ្យ​នេះ​សំដៅ​តែ​លើ​ប្រតិបត្តិការ​ការងារ​ទេ​។​អ្វីៗ​ផ្សេងទៀត​គឺ​ស្ថិតនៅក្រោម​ច្បាប់​កំណត់ ដូច​ក្រសួងសាមី​ដទៃទៀត​ដែរ​។​

​លោក​បណ្ឌិត​ព្យ​ល់​ថា បើសិនជា​អាជ្ញាធរ​សវនកម្ម​ជាតិ​ចង់​ចុះទៅ​បំពេញការងារ ក្នុង​ស្ថាប័ន​ក្រសួង​មន្ទីរ​ក្នុង​ខេត្ត​ណាមួយ ស្ថាប័ន​នោះ ត្រូវតែ​ចូលរួម​សហការ​ជាដាច់ខាត​ពីព្រោះថា អាជ្ញាធរ​សវនកម្ម​ជាតិ​មាន​សិទ្ធិ​គ្រប់គ្រាន់ ចុះ​ត្រួតពិនិត្យ​ឯកសារ​និង​មើល​មន្ត្រី​បំពេញការងារ​អនុវត្តបាន​ដល់​កម្រិតណា​។ ក្រោយពី​ចុះ​ពិនិត្យ​រួច អាជ្ញាធរ​សវនកម្ម​ជាតិ​នឹងធ្វើ​ការវាយតម្លៃ​ទៅតាម​ជាក់ស្តែង​។​

​អាជ្ញាធរ​សវនកម្ម​ជាតិ​ចង់​ចុះទៅ​កន្លែង​ស្ថាប័ន​ពេលណា​ក៏បាន​ដោយ​ពុំ​ចាំបាច់​មានការ​ណែនាំ​ឯកភាព​ពី​រាជរដ្ឋាភិបាល​ឬ​ស្ថាប័ន​នីតិប្បញ្ញត្តិ​ណា​ទេ​។ នេះ​គេ​ហៅថា ឯករាជ្យ​ខុសពី​ក្រសួងសាមី​ផ្សេងទៀត​ចំណុះ​ដោយ​រាជរដ្ឋាភិបាល​។​ក្រសួងសាមី​ចាំបាច់ ត្រួវ​មាន​មានការ​ពិនិត្យ​និង​ឯកភាព​ពី​រាជរដ្ឋាភិបាល​។​ដោយឡែក​អាជ្ញាធរ​សវនកម្ម​ជាតិ ពុំ​ចាំបាច់​មានការ​ឯកភាព​ពី​រដ្ឋាភិបាល​ដូច​ក្រសួងសាមី​ឡើយ​។ អាជ្ញាធរ​សវនកម្ម​ជាតិ​មាន​សិទ្ធិអំណាច សម្រេច​ចុះ​ត្រួត​ធ្វើ សវនកម្ម​លើ​ផែនការ​ណាមួយ​ក៏បាន​។​មាន​តួនាទី​ចុះ​ត្រួត​ពិនិត្យមើល ការអនុវត្ត​ការងារ​ចំណូល ចំណាយ​ថវិកា​របស់​ក្រសួងសាមី​បាន​គ្រប់ពេល​។​បែបនេះ​គឺ​ជួយ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​គ្រប់គ្រង​ដ៏​ម៉ត់ចត់​តាមរយះ​ការចុះ​ធ្វើ​វិសោធនកម្ម​ច្បាប់ លើ​វិស័យ​សាធារណៈ ប្រកបដោយ​គុណភាព​ទាន់ពេលវេលា​ជឿទុកចិត្ត​។ យ៉ាងណាមិញ​មុនពេល​រាជរដ្ឋាភិបាល​បញ្ជូន​ឯកសារ​គ្រប់គ្រង​ប្រចាំឆ្នាំ បានមកពី​ក្រសួងសាមី​ទៅ​រដ្ឋសភា​និង​ព្រឹទ្ធ​សភាព​ដើម្បី​ពិនិត្យ​។ ពេលនោះ អាជ្ញាធរ​សវនកម្ម​ត្រូវតែមាន​ការពិនិត្យ និង​ផ្តល់​មតិ​តាមរយៈ​ការធ្វើ​វិសោធនកម្ម​ពី​សំណាក់​អាជ្ញាធរ​សវនកម្ម​ជាតិ​ជាមុនសិន​។​

​លោក​បណ្ឌិត ព្រហ្ម វិចិត្រ​សុ​ភ័​ណ្ឌ អគ្គលេខាធិការរង​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ​បាន​ពន្យល់​យ៉ាង​ក្បោះក្បាយ ដល់​មន្ត្រី​ស្ថាប័ន​ចូលរួម​ប្រមាណ​ជាង​១០០​នាក់ នៅ​ខេត្តស្ទឹងត្រែង​និង​បន្ថែម​ឱ្យ​កាន់តែច្បាស់​ថា អ្វី​ជា​ច្បាប់​ស្តីពី​សវនកម្ម​?​អ្វី​ជា​ស្តង់ដារ​សវនកម្ម​សាធារណៈ​? លោក​បាន​ពន្យល់ថា ច្បាប់​គឺជា​សិទ្ធិអំណាច​នៃ​ការធ្វើ​សវនកម្ម​។ រីឯ ស្តង់ដារ​គឺជា​ផ្លូវ​សម្រាប់​ការធ្វើ​សវនកម្ម​លើ​នីតិវិធី​នៃ​ការធ្វើ​។​

​លោក​បណ្ឌិត​បាន​បន្តថា អាជ្ញាធរ​សវនកម្ម​ជាតិ ចុះមក​ផ្សព្វផ្សាយ​ច្បាប់​នៅ​ខេត្តស្ទឹងត្រែង​មាន​គោលបំណង ប​ជ្រាប​សវនកម្ម​និង​ស្តង់ដារ សវនកម្ម​សាធារណៈ​ធ្វើ​វិ​សោធ​សវនកម្ម​ជូន​ដល់​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ឱ្យបាន​ដឹង​និង​យល់ច្បាស់​។ ពេល​យល់ដឹង​ហើយនឹង​មាន​លក្ខណៈ​ងាយស្រួល សហការ​នៅពេលដែល​សវន​ករ​ចុះមក​ធ្វើ​សវនកម្ម​។​អាជ្ញាធរ​ជាតិ បាន​ចុះ​ខេត្តស្ទឹងត្រែង​ចំនួន​៥​ឆ្នាំ​រួចមកហើយ​។​

​ជា​លទ្ធផល​ឃើញថា​ឯកសារ​មួយចំនួន បំពេញបែបបទ មិន​ត្រឹមត្រូវ និង​បានធ្វើ​ការណែនាំ​ពន្យល់​ច្រើនដង​រួចមកហើយ ដើម្បីឱ្យ​អនុវត្ត​ការងារ​បានល្អ ជៀសវាង​នាំឱ្យមាន​ការបាត់បង់​ថវិកាជាតិ ទ្រព្យសម្បត្តិ​រដ្ឋ​ជាយថាហេតុ​។ រយៈពេល​ប្រាំ​ឆ្នាំកន្លងមក អាជ្ញាធរខេត្ត​ស្ទឹងត្រែង បាន​កែប្រែ​កំហុស​ច្រើន និង​ធ្វើ​បានល្អ​គួរឱ្យកត់សម្គាល់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម