សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨

1107
ចែករម្លែក

​ដោយ​:​វិបុល​/​ភ្នំពេញ ៖ ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១៣ ខែវិច្ឆិកា រួមមាន​ដូចតទៅ ៖

*​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣​នៅ​ប្រទេស​សិង្ហ​បុរី​
​ប​តាម​ការអញ្ជើញ​របស់លោក លី សៀន​ឡុង (Lee Hsien Loong) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី ១៣ ខែ វិច្ឆិកា​នេះ​បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣ និង កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ដែល​នឹង​ប្រព្រឹត្តទៅ​ក្រោម​មូលបទ​ «​ភាពរឹងមាំ​និង​នវានុវត្តន៍​របស់​អាស៊ាន​» ពីថ្ងៃ​ទី​១៣ ដល់​ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ប្រទេស​សិង្ហ​បុរី​។ ​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​រំពឹងថា​នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ដូចខាងក្រោម ៖ កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣/​ការ​ពិសា​អាហារ​ការងារ​ពេល​ល្ងាច​សម្រាប់​ថ្នាក់ដឹកនាំ​អាស៊ាន​។ ​កិច្ចប្រជុំ​កំពូល​ក្រៅផ្លូវការ​អាស៊ាន​-​អូស្ត្រាលី​អមដោយ​អាហារ​ពេលព្រឹក ។ កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន​លើក​ទី​២១ ។​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ​លើក​ទី​២០ ។ កិច្ចប្រជុំ​កំពូល​អាស៊ាន​-​រុស្ស៊ី លើក​ទី​៣ ។​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន​លើក​ទី​២១ ។ កិច្ចប្រជុំ កំពូល​ក្រៅផ្លូវការ​អាស៊ាន​-​ឥណ្ឌា​អមដោយ​អាហារ​ពេលព្រឹក ។ កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សហរដ្ឋអាមេរិក​លើក​ទី​៦ ។ កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី​លើក​ទី ២១​។ កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​លើក​ទី​១៣ (​ពេញអង្គ​) ។ កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា (​ចង្អៀត​) អមដោយ​អាហារ​ថ្ងៃត្រង់​និង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​នៃ​ភាព ជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់​លើក​ទី​២៕

*​រដ្ឋសភា​ប្រជុំពិភាក្សា​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩ នៅ​ថ្ងៃទី​១៥ វិច្ឆិកា​
​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​រដ្ឋសភា បានកំណត់​សម្រេចយក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខនេះ​ប្រជុំ​ពេញអង្គ​រដ្ឋសភា​លើក​ទី​១​នីតិកាល​ទី​៦​ដើម្បី​ពិភាក្សា​និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩​និង​សេចក្តីព្រាងច្បាប់​ស្តីពី​ការទូទាត់​ថវិកា​ឆ្នាំ​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៧​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ឈាង វុន ប្រធាន​គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា​៕

*​ទូត​សហភាព​អឺរ៉ុប​៖​ការដក​ការអនុគ្រោះ​ពន្ធ អ៊ី​ប៊ី​អេ មិន​ប៉ះពាល់​ជំនួយ​អភិវឌ្ឍ​ដែល មូលនិធិ​អឺរ៉ុប​ផ្តល់ឱ្យ​កម្ពុជា​
​ទន្ទឹមនឹង​សហភាព​អឺរ៉ុប​កំពុង​ពិចារណា ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ (EBA)​នោះ មន្ត្រីជាន់ខ្ពស់​សហភាព​អឺរ៉ុប បាន​លើកឡើងថា ការលុបចោល​នូវ​គម្រោង EBA នឹងមិន​មាន​ផលប៉ះពាល់​ដល់​គម្រោង​អភិវឌ្ឍន៍​នៅ​កម្ពុជា ដែល​ផ្តល់ឱ្យ​ដោយ​មូលនិធិ​សហភាព​អឺរ៉ុប​ទេ ព្រោះ​ជំនួយ​ទាំងនេះ​សម្រាប់​ការ​ការអភិវឌ្ឍ​សហគមន៍ លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​៕

*​លោក ជាម ច័ន្ទ​សោ​ភ័​ណ្ឌ ត្រូវបានតែងតាំង​ជា​ភិ​បាល​ខេត្ត​ត្បូងឃ្មុំ​
​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ត្រាស់​បង្គាប់​តែងតាំង​លោក ជាម ច័ន្ទ​សោ​ភ័​ណ្ឌ ជា​ភិ​បាល នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ ជំនួស​លោក​លី ឡេង ដែល​ត្រូវ​តែងតាំង​មុខតំណែង​ថ្មី​។ នេះ​បើ​យោងតាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ​។​ចំណែក​ពិធី​ផ្ទេរតំណែង​ជា​ផ្លូវការ​នឹង​ប្រារព្ធ​នៅ​ព្រឹក​ថ្ងៃទី​១៥​ខែវិច្ឆិកា​ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ក្រ​ឡា​ហោម​សខេង​។​ចំណែក​លោក​លី ឡេង នឹងត្រូវ​ទៅកាន់​តំណែង​ថ្មី ជា​នាយក​ខុទ្ទកាល័យ​លោក ស៊ីម កា អនុប្រធាន​ទី​១ ព្រឹទ្ធសភា​៕

*​រោងចក្រ​ហ្គ្រេ​ន មី ដូ​វ កម្មករ​នៅ​បន្ត​ដួលសន្លប់ ២០​នាក់​នា​ព្រឹក​នេះ​
​កម្មករ​រោងចក្រ ជាង​២០​នាក់ បន្ត​ដួលសន្លប់​ទៀតហើយ នៅវេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ នៅ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ហ្គ្រេ​ន មី ដូ​វ ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ត្រាំ​ដោក សង្កាត់​ពងទឹក ខណ្ឌដង្កោ ហើយ​រថយន្ត​សង្គ្រោះ​របស់​អង្គភាព កំពុង​ចេញ​អន្តរាគមន៍ ដឹកបញ្ជូន​ជនរង​គ្រោះ​ចេញទៅ​មន្ទីរពេទ្យ ៕

*​សំណុំរឿង​ស្ត្រី​ស៊ីឈ្នួល​ពរ​ពោះ​ជំនួស ​: ចោទប្រកាន់​មនុស្ស​១៨​នាក់ ពីបទ​លក់ដូរ​មនុស្ស​សម្រាប់​ឆ្លងដែន​-​សមគំនិត​
​លោក​លី សុ​ផា​ណា អ្នកនាំពាក្យ​ក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​១៣ ខែវិច្ឆិកា នេះ​ថា ក្រោយពី​ពិនិត្យ​និង​ចាត់ការ​សំណុំរឿង​ចប់សព្វគ្រប់ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​បើក​ការ​ស៊ើបសួរ​ដោយ​ចោទប្រកាន់​ទៅលើ​ជនសង្ស័យ​ចំនួន​១៤​នាក់ ពីបទ​លក់ដូរ​មនុស្ស​សម្រាប់​ឆ្លងដែន និង​បទ​ធ្វើ​អន្តរការី​រវាង​អ្នក​សុំ​កូន និង​ស្ត្រី​ពពោះ តាម​មាត្រា​១៦ នៃ​ច្បាប់​ស្តីពី​ការទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស និង​មាត្រា​៣៣២ នៃ​ក្រមព្រហ្មទណ្ឌ​៕

*​អំពាវនាវ​ដល់​ម្ចាស់​ស្រែ​ជិត​ពីរម៉ឺន​ហិកតា​កំពុង​ជួប​គ្រោះរាំងស្ងួត​ចែករំលែក​ទឹក​គ្នា​
​លោក​គួច​ចំរើន​អភិបាលខេត្ត​កំពង់ចាម​បាន​សុំ​ការយោគយល់​និង​អភ័យទោស​ពី​សំណាក់​បងប្អូន​ប្រជាកសិករ​ជា​ម្ចាស់​ស្រែ​កើន​ឡើងដល់​ចំនួន​ជាង​១៨.០០០​ហិកតា​ដែល​កំពុង​ជួបប្រទះ​គ្រោះរាំងស្ងួត​នា​ចុងរដូវ​វស្សា​ឆ្នាំ​។​លទ្ធភាព​នៃ​ការជួយ​សង្គ្រោះ​បានតែ​លើ​តំបន់​ដែលមាន​ប្រភពទឹក​ពោលគឺ​សូមមេត្តា​ចែករំលែក​ទឹក​គ្នា​ជៀសវាង​ដាច់ខាត​បង្ក​ហិង្សា​ជា​សង្គ្រាម​ដណ្តើម​ទឹក​នោះ​៕