​ក្រសួង​សាធារណៈ​ការចាត់វិធានកា​រ​ឡាន​ដឹក​ដី​ធ្វើឱ្យ​ខូច​ធ្ងន់ធ្ងរ​ផ្លូវដែក​

2361
ចែករម្លែក
  • 22
    Shares

​ដោយៈ​ភ្នំ​ស្វាយ​/​បន្ទាយ​មាន​ជ័​យៈ​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​បានឱ្យ​ចាត់វិធានការ​ជាបន្ទាន់​ករណី​ឡាន​ដឹក​ដី​ផ្ទុក​ធ្ងន់​រាប់រយ​គ្រឿងក្នុង​១​ថ្ងៃៗ​បានធ្វើឱ្យ​ខូច​ធ្ងន់ធ្ងរ​ផ្លូវដែក​នៅជាប់​អាង​អូ​ខៃ​ដន និង​កន្លែង​ផ្សេងទៀត​ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយប៉ែត​។​

​យោង​លិខិត​លេខ​៥៨២​សក​/​គជ​ដ​ចុះ​ថ្ងៃទី​២​ខែវិច្ឆិកា​ឆ្នាំ​២០១៨ ចុះហត្ថលេខា​ដោយ​លោក តូច ចាន់​កុសល រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​ផ្ញើជូន​(​លោក​សួន បវរ ) គណ​:​អភិបាលខេត្ត​បន្ទាយ​មាន​ជ៏​យ​អោយដឹងថា​”​សុំ​ចាត់ការ​បន្ទាន់​លើ​ឡាន​ដឹក​ដី​ឆ្លងកាត់​ផ្លូវដែក​នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​៣៧២- ៤៣០ (​ចំណុច​គីឡូម៉ែត្រ​របស់​ផ្លូវដែក ) ដែល​ធ្វើអោយ​ខូចខាត​ធ្ងន់ធ្ងរ​ផ្លូវដែក​ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។​

​លិខិត​បញ្ជាក់ថា ការធ្វើ​អាជីវកម្ម​ដឹក​ដី​ដោយ​ធ្វើការ​ឆ្លងកាត់​ផ្លូវដែក​ស្ថិតក្នុង​ភូមិសាស្ត្រ​ក្រុង​នេះ កំពុង​កើតឡើង​យ៉ាងច្រើន​ដែល​បណ្តាលឱ្យ​ប៉ះពាល់​ខូចខាត​តួ​ផ្លូវដែក​យ៉ាងធ្ងន់ធ្ងរ​និង​អាចធ្វើឱ្យ​ចរាចរណ៍​ខ្សែ​រថភ្លើង​មាន​គ្រោះថ្នាក់​ទៀត ។​ហេតុនេះ ក្រសួង​ស្នើសុំ​លោក​អភិបាលខេត្ត ជួយ​ចាត់វិធានការ​លើ​ការធ្វើ​អាជីវកម្ម​ដឹក​ដី​ទាំងឡាយ​ខាងលើ​ជាបន្ទាន់​ដើម្បី​កុំ​អោយមាន​ផលវិបាក​ផ្សេងៗ ហើយ​ក្រសួង​ស្នើអោយ​បិទផ្លូវ​ឆ្លងកាត់​នេះ​ជា​បណ្ត​ឡ​អាសន្ន​ដើម្បី​ធ្វើការ​ជួសជុល​ឡើងវិញ ។​

លោក​គឹម​សុវណ្ណ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ​ពេល​ប្រាប់​កាសែត​រស្មី​កម្ពុជា​លោក​មិន​ព្រម​អត្ថាធិប្បាយ​បំភ្លឺ​យ៉ាងណា​ពី​ករណីនេះ​ទេ​។​ដោយ​ថា​ផ្លូវដែក​មិន​ស្ថិតក្រោម​ការគ្រប់គ្រង​ផ្ទា​ល់ពី​មន្ទីរ​ឡើយ​។​ចំណែក​មន្ត្រី​សាលាខេត្ត​បន្ទាយមានជ័យ​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​១៣​ខែវិច្ឆិកា​ថា​:​ខេត្ត​បានទទួល​លិខិត​នោះ​ហើយពី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​។​ប៉ុន្តែ​លោក​អភិបាលខេត្ត​នៃ​គណ​:​អភិបាល​មិនទាន់​ចេញ​លិខិត​និង​អនុវត្ត​វិធានការ​នោះ​នៅឡើយ​ទេ​។​

រីឯ​ពី​ទីតាំង​ជាក់ស្តែង​វិញ​គេ​សង្កេតឃើញថា​ចំណុច​ដែល​បង្ក​ខូចខាត​បំផ្លាញ​ធ្ងន់ធ្ងរ​ផ្លូវដែក​ជាងគេ​ពី​ក្រុម​ឡាន​បែន​ដឹក​ដី​រាប់រយ​ក្នុង​១​ថ្ងៃៗ​នោះ​គឺ​សកម្មភាព​ជីកដី​និង​ដឹក​ដី​ចេញពី​អាង​អូ​ខែ​ដន​ដែល​គ្រប់គ្រង វិនិយោគ​ដោយ​ក្រុមហ៊ុន​អាន​កូ​របស់លោក​ឧកញ៉ា​កុក​អាន​។​

រថយន្ត​បែន​ដឹក​ដី​បាន​បង្ក​ឱ្យ​ស្រុត​ទាំង​ផែន​ស៊ីម៉ង់ត៍​ផ្លូវ​ឆ្លងកាត់​និង​ស្រុត​វៀច​ទាំង​ដែក​រ៉ៃ​ផ្លូវ​នៅ​ចំណុច​ចន្លោះ​ស្ពានបេតុង​អូរ​ខៃ​ដន​ទាំង​២​ក្នុងភូមិ​សាស្ត្រ​សង្កាត់​និមិត្ត​។ រថយន្ត​ដឹក​ដី​ទាំងនោះ មាន​របស់​គម្រោង​លោក​ឧកញ៉ា​,​របស់លោក​ចាំង ហ្កេ​ច​ភាវ , របស់​កូនលោក​គាត ហ៊ុល និង​របស់​អាជីវករ​ផ្សេងទៀត​។​ការដឹកជញ្ជូន​ដឹក​ដី​នោះ ក៏បង្ក​កកស្ទះ​ចរចា​រណ៍ រំខាន​យ៉ាងខ្លាំង​ដល់​ចរាចរណ៍​ផ្លូវជាតិ​លេខ​៥ ម្តុំ​ខ្លោងទ្វារវត្ត​សុខសាន្ត​ផងដែរ ។​

លោក​ចាំង​ហ្កេ​ច​ភាវ​អាជីវករ​ជីក​និង​ដឹក​ដី​ធំ​មួយ​នៅ​ក្រុង​ប៉ោយប៉ែត​ប្រាប់​កាសែត​រស្មី​កម្ពុជា​តាម​ទូរស័ព្ទ​ថ្ងៃទី​១២​ខែវិច្ឆិកា​ថា​:​សកម្មភាព​ជីក​និង​ដឹក​ដី​នេះ​លោក​និង​អាជីវករ​ផ្សេងទៀត​ជា​អ្នកស៊ីឈ្នួល​ឱ្យ​លោក​ឧកញ៉ា​កុក អាន​ប៉ុណ្ណោះ ។​លោក​ឧកញ៉ា​មាន​មេការ​ទទួលខុសត្រូវ ហើយ​ការដឹក​ដី​ធ្ងន់ បង្ក​បំផ្លាញ​ខូចខាត​ផ្លូវដែក​នេះ​គឺ​សម្រុក​ដឹក​ដី​ទៅ​ចាក់​បំពេញ​ដី​គម្រោង​តំបន់​សេដ្ឋកិច្ច​ពិសេស​ទំហំ​ជាង​៤០០​ហិកតា​របស់លោក​ឧក​ញ៉ា​កុក​អាន​តែម្តង​។

​សល់​ពី​នោះ​មាន​ដឹក​ដី​លក់រាយ​អោយ​គម្រោង​និង​អ្នកទិញ​ផ្សេងទៀត​ខ្លះៗ​។​លោក​បាន​បង្វែរ​សំណួរ​ពី​អ្នក​សារ​ព៍​ត័​មាន​អោយ​សួរ​ទៅ​លោក​ឧកញ៉ា​ឬ​មេការ​លោក ។​ប៉ុន្តែ មេការ​នោះ រួមទាំង​លោក​ឌឹ​ក ជា​មេកា​ម្នាក់​ផង មកទល់ពេលនេះ មិនអាច​ទាក់​ទង់​បំភ្លឺ​បាន​នៅឡើយ​៕S/

​រូបថត : រថយន្ត​ដឹក​ដី​ចេញពី​រណ្តៅ​ដី​អាង​អូ​ខៃ​ដន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​អាន​កូ ដឹក​កាត់​បង្ក​ខូចខាត​ធ្ងន់ធ្ងរ​ដល់​ចំណុច​ផ្លូវដែក​ចន្លោះ​ស្ពានបេតុង​២ ក្នុង​សង្កាត់​និមិត្ត​ក្រុង​ប៉ោយប៉ែត​( រូប​:​ភ្នំ​ស្វាយ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម