​គោលនយោបាយ​ជួយ​ជនពិការ​ក្រីក្រ​ប្រមាណ​១.៥០០​នាក់​នៅ​ស្រុក​ថ្មគោល​

984
ចែករម្លែក

​ដោយៈ​អ៊ុង​សា​រុំ​/​បាត់ដំបងៈ​លោក​សែម​សុខា​រដ្ឋលេខាធិកា​រ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា​មានប្រសាសន៍ថា​ជនពិកា​រ​ក្រីក្រ​ប្រមាណ​១.៥០០​នាក់​រស់នៅ​ក្នុងស្រុក​ថ្មគោល​។​ដែលជា​ស្រុក​គោលដៅ​ដំបូង​បានទទួល​របប​គោលនយោបាយ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​អនុវត្តន៍​នៅ​ឆ្នាំ​២០១៩​ខាងមុខនេះ​។​ការលើកឡើង​បែបនេះ​ក្នុង​សិក្ខាសាលា​ពិនិត្យមើល​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​សម្រាប់​ខេត្តបាត់ដំបង កាលពី​រសៀល​ថ្ងៃទី​១២​ខែវិច្ឆិកា​ឆ្នាំ​២០១៨​។​

​លោក​សែម​សុខា​រដ្ឋលេខា​ធិ​ការ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា​បាន​មានប្រសាសន៍ថា​គោលនយោបាយ​ផ្ដល់ជូន​ដល់​ជនពិការ​ក្រីក្រ​នេះ​ដោយ​ក្នុង​មួយខែៗ​ទទួលបាន​ថវិកា​ចំនួន​២​មឺ​ន​រៀល​មិនមាន​កំណត់ថា​ពិការ​ដោយសារ​អ្វី​នោះទេ​ប៉ុន្តែ​គោលនយោបាយ​នេះ​ផ្ដល់ជូន​ដល់​ជនពិការ​មាន​៣​កម្រិត​គឺ​កម្រិត​ស្រាល​បាន​របរ​ក្នុង​មួយឆ្នាំ​បាន​៣​ខែ​។​ពិការ​មធ្យម​បាន​របប​៦​ខែ​ពិការ​ធ្ងន់ធ្ងរ​បាន​របរ​ពេញ​មួយឆ្នាំ​។​

​ដើម្បី​ឲ្យ​គោលនយោបាយ​នេះ​ទទួលបាន​ជោគជ័យ​ភាគី​ពាក់ព័ន្ធ​ត្រូវ​បន្ត​សហការ​ព​ន្លឿ​ន​ធ្វើ​បច្ចុប្បន្នភាព​ជនពិការ​បន្ត​ផ្សព្វផ្សាយ​ពី​ការងារ​នេះ​និង​ធ្វើ​ការងារ​ណា​ដែល​ពាក់ព័ន្ធ​នឹង​គោលនយោបាយ​ខាងលើ​ឲ្យ​បាន​គ្រប់គ្រាន់​និង​ត្រឹមត្រូវ​តាម​លក្ខន្តិកៈ​។​

​លោក យៀប ម៉ាលី​ណូ ប្រធាន​នាយកដ្ឋាន​សុខមាលភាព​ជនពិការ នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​លើកឡើងថា​គោលនយោបាយ​នេះ​បានរៀបចំ​នីតិវិធី​បាន​ចំនួន​១១​ខេត្តហើយ ដោយ​ខេត្ត​ចំនួន​៤​ទទួលបាន​ប្រាក់​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។​ក្នុងនោះ​មាន​ខេត្ត​ត្បូងឃ្មុំ​ស្វាយរៀង​ព្រៃវែង​និង​ខេត្ត​ប៉ៃលិន​រួមទាំង​ខេត្ត​មួយចំនួនទៀត​កំពុង​បន្ត​ដាក់សំណើ​និង​រៀបចំ​សំណើសុំ​ថវិកា​។​

​របប​គោលនយោបាយ​ជនពិការ​ក្រីក្រ​នៅតាម​សហគមន៍​នេះ​នឹង​បន្តធ្វើ​ឲ្យ​គ្រប់​ខេត្ត​ទូទាំងប្រទេស​ហើយ​សុំ​ការយោគយល់​ពី​បងប្អូន​ជនពិការ​ដទៃទៀត​រស់​នៅក្នុង​គ្រួសារ​មាន​ជីវភាព​សមរម្យ​ធូរធារ​កុំ​មានការ​អាក់អនចិត្ត​អី​ព្រោះ​គោលនយោបាយ​នេះ​សម្រាប់តែ​ជនពិការ​ក្រីក្រ​និង​គ្មាន​ទីពឹង​តែប៉ុណ្ណោះ ៕S/

​គោលនយោបាយ​ជួយ​ជនពិការ​ក្រីក្រ​ប្រមាណ​១.៥០០​នាក់​នៅ​ស្រុក​ថ្មគោល​

ទីតាំងផ្សាយពាណិជ្ជកម្ម