“​ផេះផង់​ធូលី​”

(​រឿងរ៉ាវ​ចេញពី​ប្រជាជន​ថ្មី​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ កូវ ជ័រ ៖ ពលទាហាន​)

1911
ចែករម្លែក
  • 23
    Shares

ដោយៈ​រូបថត និង អត្ថ​ប​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​
​ភ្នំពេញៈ ប្រពន្ធ​របស់គាត់​ឈ្មោះ សំរិត គិត បាន​និយាយ​រៀបរាប់​ប្រាប់ថា​៖
​កូវ ជ័រ បាន​រៀបការ​ជាមួយ​ខ្ញុំ​នៅពេលដែល​គាត់​មាន​អាយុ​២២​ឆ្នាំ ចំណែក​នាង​ខ្ញុំ​អាយុ​១៨​ឆ្នាំ​។ ទោះបីជា​យើង​បានរស់នៅ​ក្នុងភូមិ​ជាមួយគ្នា​ក៏ដោយ ក៏​យើង​មិនដែល​ធ្លាប់​ជួបគ្នា​ដែរ មុនពេល​ដែល​ឪពុកម្តាយ​របស់គាត់​ចូលមក​ខាង​ខ្ញុំ​ដើម្បី​រៀបចំ​ភ្ជាប់ពាក្យ​យើង​ទាំងពីរ​នាក់​។

​ឪពុកម្តាយ​របស់ខ្ញុំ​បាន​សុំ​ថ្លៃ​បណ្ណាការ​ចំនួន​១០០​រៀល ដែល​កាលណោះ ប្រាក់​១០០​រៀល មានតម្លៃ​ខ្លាំងណាស់​។ ដោយសារ​ឪពុកម្តាយ​របស់គាត់​បា​ន​ស្រឡាញ់​ពេញចិត្ត​ខ្ញុំ ទើប​គាត់​យល់ព្រម​។ នៅ​ថ្ងៃ​ពិធីមង្គលការ​របស់​យើង យើង​បាន​សម្លាប់សត្វ​ជ្រូក​ជាច្រើន​ក្បាល​ដើម្បី​ធ្វើ​ម្ហូប​ទទួលភ្ញៀវ​។​

កូវ ជ័រ​

​បន្ទាប់ពី​យើង​រៀបការ​រួច ប្តី​របស់ខ្ញុំ​បាន​ចូលមក​រស់នៅ​ខាង​ឪពុកម្តាយ​របស់ខ្ញុំ​។ យើង​ជា​អ្នកក្រីក្រ ហើយ​កម្រ​មាន​អាហារ​ហូប​គ្រប់គ្រាន់​ណាស់​។ ជ័រ មិនមាន​ចម្ការ​ទេ ហើយ​យើង​ក៏​មិនមាន​ស្រែ​ដែរ ដូច្នេះ​គាត់​បានធ្វើ​ការងារ​ផ្សេងៗ ដូចជា លក់​ឧស និង​លក់​នំ​។ នៅពេល​ខ្លះ យើង​បាន​ចេញពី​ភូមិ​របស់​យើង​នៅក្នុង​ខេត្តកណ្តាល ទៅ​ភ្នំពេញ​បួន​ឬ​ប្រាំ​ថ្ងៃ ដើម្បី​លក់ទំនិញ​នៅតាម​ផ្សារ​។ ក្រោយមក​គាត់​បាន​ចូល​បម្រើកងទ័ព លន់ នល់​។​

​កូនប្រុស​របស់ខ្ញុំ​ឈ្មោះ កូវ ជឿន បាន​បួស​ជា​សង្ឃ​ចំនួន​បី​វស្សា មុនពេល​ចូលធ្វើ​ជា​ទាហាន​។ ជឿន ជា​ក្មេង​សុភាពរាបសារ និង​មិនដែល​ប្រើពាក្យ​គ្រោតគ្រាត​ឡើយ​។ ជឿន ជា​កូនប្រុស​តែមួយគត់​នៅក្នុង​ចំណោម​កូន​១៣​នាក់​របស់​យើង​។ កូនស្រីៗ​របស់ខ្ញុំ​បាន​ឈ្លោះប្រកែក​គ្នា​រាល់ពេល ប៉ុន្តែ ជឿន ប្លែក​ពី​គេ​។ ប្រសិនបើ​បងប្អូន​ស្រីៗ​វ៉ៃ​គ្នា​ដណ្តើម​សាច់​ត្រី​ពេល​ហូបបាយ​ល្ងាច ជឿន ហូបបាយ​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ហើយក៏​ដើរ​ចេញពីផ្ទះ​ទៅ​។​

​ជឿន បានសម្រេច​ចិត្ត​ចូល​បម្រើកងទ័ព លន់ នល់ បន្ទាប់ពី​បានឮ​ការឃោសនា​។ ការចូល​ធ្វើ​កងទ័ព​នេះ គឺ​ចូល​ដោយ​បង្ខំចិត្ត​។ ជឿន បាន​រៀបការ​ជាមួយ​ស្ត្រី​ម្នាក់​ឈ្មោះ ឈូក រុំ ហើយ​បានមក​រស់នៅ​ខាង​ផ្ទះ​ប្រព​ន្ឋ និង​មានកូន​ប្រុស​ម្នាក់​។​

ជឿន ត្រូវបាន​បញ្ជូនទៅ​សមរភូមិ​កប់​ស្រូវ ប្រហែល​១៥​ថ្ងៃមុន​ពេលដែល​ខ្មែរក្រហម​កាន់កាប់​ទីក្រុង​ភ្នំពេញ​។ ជឿន ត្រូវរបួស​ចំ​ជើង ហើយ​បាន​បញ្ជូនទៅ​មន្ទីរពេទ្យ​រុស្ស៊ី ប៉ុន្តែ​បាន​ស្លាប់​ដោយសារ​ការព្យាបាល​មិនបាន​ដិតដល់​។ ខ្ញុំ​បាន​យក​សព​របស់ ជឿន ទៅផ្ទះ​ប្រព​ន្ឋ​របស់​វា​នៅ​ស្រុកកំណើត​ដើម្បី​បូជា​។ ប្រព​ន្ឋ​របស់ ជឿន បាន​ស្រែកយំ​យ៉ាងខ្លាំង​ទាល់តែ​ទឹកភ្នែក​នាង​លែង​ហូរ​។ កូនប្រុស​របស់ ជឿន មាន​វ័យ​អាច​អង្គុយ​បាន នៅពេលដែល ជឿន ស្លាប់​។​

កូវ ជឿន​

​ខ្ញុំ​មាន​អារម្មណ៍​សោកស្តាយ​ខ្លាំងណាស់ ពី​ការបាត់បង់​កូនប្រុស​តែមួយ​របស់ខ្ញុំ​។ ខ្ញុំ​ស្រឡាញ់​វា​ស្មើ​ជីវិត​របស់ខ្ញុំ​។ ប្រសិនបើ​ប្រទេស​កម្ពុជា​មិនមាន​សង្គ្រាម​ទេ ជឿន ក៏​មិន​ស្លាប់​ដែរ​។
​មុនពេល​ខ្មែរក្រហម​ឡើងកាន់​អំណាច​បន្តិច គ្រួសារ​យើង​បាន​ចាក​ចេញពី​ភូមិ ដើម្បី​គេច​ពី​គ្រាប់បែក រួចហើយ​បាន​ទៅ​នៅ​ភូមិ​ក្រាំង​ទ្រា ក្នុង​ខេត្តកណ្តាល​។ យើង​មិនបាន​យក​របស់​មានតម្លៃ​ទៅតាម​ខ្លួន​ទេ ព្រោះ​យើង​មិនមាន​អ្វី​ឡើយ យើង​យក​បានតែ​ខោអាវ​ដែល​យើង​កំពុង​ស្លៀកពាក់​។ យើង​បាន​ត្រឡប់មក​ភូមិ​វិញ បន្ទាប់ពី​ខ្មែរក្រហម​បាន​កាន់កាប់​អំណាច​ទាំងស្រុង​។ លើក​នេះ​ខ្ញុំ​មាន​ឯកសណ្ឋាន​របស់​ប្តី​ខ្ញុំ និង​រូបថត​របស់គាត់​ជា​ទាហាន​មួយចំនួន ប៉ុន្តែ​ខ្ញុំ​បាន​ដុតចោល​អស់ហើយ​។

​ទោះបីជា យើង​ត្រឡប់មក​ភូមិ​វិញ​ក៏ដោយ ក៏​ខ្មែរក្រហម​បាន​និយាយថា​យើង​ជា​ប្រជាជន​ថ្មី​ដែរ​។ យើង​មិនបាន​រស់នៅ​ជាមួយ​ប្រជាជន​មូលដ្ឋាន​ទេ យើង​ក៏​មិនមាន​អាហារ​គ្រប់គ្រាន់​ដែរ គឺមាន​តែ​បបរ​លាយ​ជាមួយ​ពោត​ប៉ុណ្ណោះ​។ ក្រោយមក អង្គការ​បាន​ប្រមូលយក​របស់​ប្រើប្រាស់​ផ្ទាល់ខ្លួន​របស់​យើង​មាន អង្ករ ចាន ឆ្នាំង និង​អ្វីៗ​ទាំងអស់​ដាក់បញ្ចូល​ទៅក្នុង​សហករណ៍ លើកលែងតែ​ខោអាវ​ដែល​យើង​កំពុង​ស្លៀកពាក់​។ ការងារ​របស់ខ្ញុំ ជា​អ្នកប្រមូល​សំរាម​តាម​ផ្ទះ ហើយ​យកទៅដាក់​នៅ​កន្លែង​មួយ​សម្រាប់​ខ្ញុំ​លាយ​ធ្វើជា​ជី​។ ដូច្នេះ​អង្គការ​បាន​ឲ្យ​បបរ​ខ្ញុំ​បី​វែក ចំនួន​ពីរ​ពេល​ក្នុង​មួយថ្ងៃ ដែល​វា​មិន​គ្រប់គ្រាន់​ឡើយ​សម្រាប់​ការងារ​ដែល​ខ្ញុំ​ធ្វើ​។ ក្រពះ​របស់ខ្ញុំ​មិនដែល​ពេញ​ឡើយ បន្ទាប់ពី​យើង​ចាប់ផ្តើម​រស់នៅក្នុង​សហករណ៍​។

​អង្គការ​សង្ស័យ​លើ​ប្រជាជន​ដែល​កោរសក់​ក្បាល​ដើម្បី​កុំ​ឲ្យ​ចៃ ដោយ​គិតថា​អ្នក​កោរសក់​ទាំងនោះ​ប្រារ​ព្ឋ​ធ្វើបុណ្យ និង​បន់ស្រន់​នៅក្នុង​ព្រះវិហារ​។ ប្រជាជន​ទាំងនោះ​ត្រូវបាន​បញ្ជូនទៅ​រៀនសូត្រ​ឡើងវិញ និង​សួរ​សំណួរ​ដេញដោល​ជាច្រើន​។​

​ជ័រ បាន​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ​ចំនួន​ពីរ​ខែ​ដើម្បី​ព្យាបាល​ជំងឺរាក​មួល​។ គាត់​មិន​ចង់​លេបថ្នាំ​គ្រាប់​អាចម៍​ទន្សាយ​ដែល​ផលិត​ដោយ​អង្គការ​ទេ​។ ខ្ញុំ​ចាប់បាន​អន្ទង់​មួយចំនួន​រួច​លាក់​យកទៅ​ឲ្យ​គាត់​ហូប ប៉ុន្តែ​អង្គការ​បាន​ឆែក​ឃើញ​រួច​ក៏​ដកហូតយក​ទាំងអស់​។ បន្ទាប់មក​ប្តី​ខ្ញុំ​ក៏បាន​ស្លាប់ ប្រជាជន​ថ្មី​មួយចំនួន​បាន​ជួយ​សែង​សាកសព​ប្តី​ខ្ញុំ​យកទៅ​កប់​។​

​បន្ទាប់ពី​របប​ខ្មែរក្រហម​ដួលរលំ​ទៅ ខ្ញុំ​បាន​ត្រឡប់​ទៅ​ផ្នូរ​របស់ ជ័រ​។ ខ្ញុំ​បាន​ជីក​កកាយ​ដី​រកឃើញ​លលា​ដ៏​ក្បាល និង​ធ្មេញ​របស់គាត់​។ ខ្ញុំ​បាន​យក​ឆ្អឹង​របស់គាត់​ទៅ​វត្ត ដើម្បី​ប្រារ​ព្ឋ​ពិធីបុណ្យ​បង្សុកូល​ឧទ្ទិស​ជូន​គាត់​។ ខ្ញុំ​មិនមាន​អារម្មណ៍ល្អ​ឡើយ ដោយសារ​ខ្ញុំ​មិនមាន​ឱកាស​និយាយ​ជាមួយ ជ័រ ព្រោះ​អង្គ​ការមិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ស្នាក់នៅ​ថែទាំ​គាត់​នៅក្នុង​មន្ទីរពេទ្យ​។​

​ខ្ញុំ​បាន​រក្សាទុក​រូបថត​ពីរ​សន្លឹក​នេះ​យ៉ាង​ប្រយ័ត្នប្រយែង​នៅក្នុង​របប​នោះ​។ ខ្ញុំ​បាន​ទុកដាក់​រូបថត​នោះ​នៅក្នុង​ថង់​ប្លា​ស្ទិ​កមួយ រួច​ដាក់​នៅក្នុង​ថង់​មួយទៀត​នៅ​ខាងក្នុង​ហោប៉ៅ​អាវ​របស់ខ្ញុំ​ទោះជា​ដើរទៅ​ទីណា​ក៏ដោយ ព្រោះ​អី​ខ្ញុំ​ខ្លាច​អង្គការ​រកឃើញ​រូបថត​នោះ​នៅផ្ទះ​របស់ខ្ញុំ​។ យប់​មួយ​នោះ​នៅពេលដែល​ខ្ញុំ​ដើរ​តាម​ប្រឡាយ ខ្ញុំ​បាន​ដើរ​ទាក់​នឹង​ខ្សែ​ដែល​ភ្ជាប់​នឹង​អំពូល​ភ្លើង​សម្រាប់​បំភ្លឺ​ដល់​អ្នកធ្វើការ​នាពេល​យប់​។ ខ្ញុំ​ភ័យ​តក់ស្លុត​យ៉ាងខ្លាំង ធ្វើ​ឲ្យ​ខ្ញុំ​ធ្លាក់​ចូលទៅក្នុង​ប្រឡាយទឹក ទទឹក​សើម​ជោគ​។ នៅពេលដែល​ខ្ញុំ​មកដល់​ផ្ទះ​វិញ ខ្ញុំ​បាន​យក​រូបថត​នោះ​ចេញមក​ហាល​ឲ្យ​ស្ងួត​ដោយ​លាក់លៀម​។ ហេតុដូច្នេះ​បានជា​រូបថត​នោះ​មាន​ស្នាម​ប្រតេកប្រតាក​មកដល់​ថ្ងៃនេះ​៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ