សន្និបាត​បញ្ញវន្ត​ពិភពលោក​លើក​ទី​៤​ស្វា​គម​អ្នកចូលរួម​ជាង ២.៥០០​នាក់​

1248
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​សិស្ស​និស្សិត​អាណាព្យាបាល​បុគ្គលិក​និង​ថ្នាក់ដឹកនាំ​ស្ថានទូត​មន្ត្រី​រាជរដ្ឋាភិបាល​និង​ក្រុមហ៊ុន​ឯកជន​ប្រមាណ​ជាង​២.៥០០​នាក់​បានមក​ចូលរួម​កម្មវិធី​សន្និបាត​បញ្ញវន្ត​ពិភពលោក​លើក​ទី​៤​ដែល​បាន​ប្រព្រឹត្តឡើង​ពីថ្ងៃ​១០​ដល់​ថ្ងៃ​១២​ខែវិច្ឆិកា​ឆ្នាំ​២០១៨​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​កន្លងទៅនេះ​។​

​សន្និបាត​បញ្ញវន្ត​ពិភពលោក​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​២០១៥​ដោយ​IDPEducation​ដែលជា​ស្ថាប័ន​ផ្តល់​សេវាកម្ម​ការអប់រំ​អន្តរជាតិ​ឈានមុខ​គេ​នៅក្នុង​ពិភពលោក​។​បច្ចុប្បន្ន​សន្និបាត​បញ្ញា​វន្ត​ពិភពលោក​GAC​ត្រូវបាន​រៀបចំ​ជា​រៀងរាល់ឆ្នាំ​ដែលជា​វេទិកា​ដ៏​មាន​សារៈ​សំខាន់បំផុត​មួយ​សម្រាប់​ឱកាស​នៃ​ការអប់រំ​អន្តរជាតិ និង​ការកសាង​បណ្តាញ​ធុរកិច្ច និង​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា​។

​សន្និបាត​បញ្ញាវន្ត​ពិភពលោក​រួមមាន​កម្ម​វិធី​សំខាន់ៗ​ចំនួន​បី​៖​ការតាំង​ពិ​ព័រ​ណ៌​ការងារ​និង​ការអប់រំ​សាកល​(​ចូលរួម​ដោយ​សេរី​)​វេទិកា​ធុរកិច្ច​និង​ការអប់រំ​សាកល​(​ចូលរួម​ដោយ​សេរី​)​និង​ការ​ទទួលទាន​អាហារ​ពេល​ល្ងាច​បញ្ញវន្ត​ពិភពលោក (​ទិញ​សំបុត្រ​ចូលរួម​)​។ អ្នក​ឧបត្ថម្ភ​សម្រាប់​សន្និបាត GAC លើក​ទី ៤ រួមមាន ធនាគារ​ព្រី​នស៍ និង IELTS ឧបត្ថម្ភ​កម្រិត Platinum, សាលា ACE ឧបត្ថម្ភ​កម្រិត Gold និង NERA Telecommunications និង​ធនាគារ​ស្ថាបនា ឧបត្ថម្ភ​កម្រិត Silver​។​

​សូមបញ្ជាក់ថា​នៅក្នុង​កម្មវិធី​អាហារ​ពេល​ល្ងាច​ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១០​ខែវិច្ឆិកា ឆ្នាំ​២០១៨ ក៏​ជា​កិច្ច​បើក​ទំព័រ​កម្មវិធី​សន្និបាត​បញ្ញាវន្ត​ពិភពលោក ក្រោម​អធិបតីភាព លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក GeorgeEdgar​ឯកអគ្គរដ្ឋទូត​នៃ​សហភាព​អឺរ៉ុប លោក Luke Arnold តំណាង​ស្ថានទូត​អូស្ត្រាលី និង​លោក ម៉ៅ ស្រេង នាយក​ស្ថាប័ន IDP Education ប្រចាំ​ប្រទេស​កម្ពុជា​។

“​កម្មវិធី​សន្និបាត​បញ្ញាវន្ត​ពិភពលោក​នេះ​មាន​សារៈសំខាន់​ពីព្រោះ កម្មវិធី​នេះ​បានផ្តល់​ឱកាស​ឱ្យ សាធារណជន​ទាំងឡាយ មានឱកាស​ក្នុងការ​ស្វែងយល់​ពី​ការសិក្សា​នៅ​ជុំវិញ​ពិភពលោក​និង​សម្រាប់ សិស្ស​និស្សិត​ដែល​ទទួលបាន​ឱកាស​ទៅ​សិក្សា​នៅក្រៅ​ប្រទេស​ដោយបាន​ផ្លាស់ប្តូរ​ចំណេះដឹង​ចែករំលែក​បទពិសោធន៍​និង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​សិស្ស​និស្សិត​ដទៃៗ​ទៀត​”​នេះ​ជាការ​ថ្លែង​របស់លោក​GeorgeEdgar,​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា​។

​នៅក្នុង​កម្មវិធី​អាហារ​ពេល​ល្ងាច លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ បាន​មានប្រសាសន៍​នៅក្នុង​កិច្ច​បើក​កម្មវិធី​ថា “ កម្មវិធី​ដែលមាន​លក្ខណៈ​ដូច​កម្មវិធី​សន្និបាត​បញ្ញាវន្ត​ពិភពលោក​នេះ គឺ​បាន​ជួយ​ជម្រុញ​ដ៏​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ប្រមូលផ្តុំ​អតីត​និស្សិត​ក្នុងស្រុក និង​អន្តរជាតិ និង​ស្ថាប័ន​អប់រំ​ដែល​នៅ​ជុំវិញ​ពិភពលោក ព្រមទាំង​សិស្ស និស្សិត អាណាព្យាបាល ឪពុកម្តាយ និង​សាធារណជន​ដែលមាន​ចំណាប់អារម្មណ៍​ក្នុង​ការបន្ត​ការសិក្សា​របស់ខ្លួន​នៅ​បរទេស ដើម្បីអោយ​មក​សិក្សា​ស្វែងយល់​អំពី​ឱកាស​សិក្សា និង​ការងារ​ជុំវិញ​ពិភពលោក​។

ខ្ញុំ​គាំទ្រ​យ៉ាង​ពេញទំហឹង​ក្នុងការ​ជម្រុញ​ទឹកចិត្ត​និស្សិត​ខ្មែរ​យើង​អោយ​ជ្រើសរើស​សិក្សា​នៅមុខ​វិជ្ជា​ជំនាញ​ពាក់ព័ន្ធ​នឹង​ផ្នែក​កសិកម្ម​និង​ត្រលប់មក​ផ្តល់នៅ​សក្តានុពល​ទៅ​វិស័យនេះ​នៅ​ប្រទេស​របស់​យើង​”​។​​កម្មវិធី​អាហារ​ពេល​ល្ងាច​នោះ​មាន​វត្តមាន អ្នកចូលរួម​ជាង​៤០០​នាក់​ដែល​បានបង្ហាញ​ឱ្យ ឃើញ​ពី​សារៈសំខាន់​នៃ​កម្មវិធី​សន្និបាត​បញ្ញាវន្ត​ពិភពលោក​ទាំងមូល​ផងដែរ​។ កម្មវិធី​នេះ បាន​ផ្តល់នូវ​ឱកាស​ដល់​អ្នកចូលរួម​ក្នុងការ​បង្កើត​ធុរកិច្ច បង្កើត​ភាពជា​ដៃគូ ក៏ដូចជា​អបអរសាទរ​នូវ​ការចូលរួមចំណែក​រប​ស់ការ​អប់រំ​ជា​អន្ដរជាតិ​។​

​ជា​ផ្នែក​មួយ​នៃ​សន្និបាត GAC ពិ​ព័រ​ណ៌​ការងារ និង​ការអប់រំ​សាកល​នៅ​ថ្ងៃទី​១១-១២ ខែវិច្ឆិកា​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​បាន​ផ្តល់ជូន​ព័ត៌មាន​លម្អិត​ពេញលេញ​ពី​ស្ថាប័ន​អប់រំ​ជាច្រើន ដែល​បង្ហាញ​ពី​ជម្រើស​នៃ​ការអប់រំ​លំដាប់​អន្តរជាតិ​ទៅដល់​សិស្ស​និស្សិត ដែលមាន​បំណង​ចង់​បន្ត​ការសិក្សា​នៅក្រៅ​ប្រទេស ដែលមាន​ចំនួន​សរុប​ជាង ៥០ ស្ថាប័ន​ផងដែរ​។

​លោក ម៉ៅ ស្រេង នាយក​ស្ថាប័ន IDP Education ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា​កម្មវិធី​សន្និបាត​បញ្ញាវន្ត​ពិភពលោក​លើក​ទី​៤ គឺជា​ព្រឹត្តិការណ៍​ដែលមាន​លក្ខណៈ “​ទូលំទូលាយ​” រហូតមកដល់​បច្ចុប្បន្ន​ជាមួយនឹង​សមាសភាគ​សំខាន់ៗ​បី​របស់​កម្មវិធី​ទាំងមូល​។​

​មន្ត្រី​ផ្នែក​អាជីវកម្ម​ប្រចាំ​ធនាគារ ព្រី​នស៍ លោក Bin Devin បាន​បញ្ចេញមតិ​ថា “”​ការអប់រំ​គឺជា​ឆ្អឹងខ្នង​ដែល​គាំទ្រ​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស ដូច្នេះហើយ​ទើប​ផ្តល់​អាទិភាព​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ទទួលខុសត្រូវ​ផ្នែក​សង្គម​របស់​យើង​” ។​

“​យើង​មក​ចូលរួម​កម្មវិធី​សន្និបាត​បញ្ញាវន្ត​ពិភពលោក​លើក​ទី​៤​នេះ ពីព្រោះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ ចុងក្រោយ​នេះ យើង​ផ្តោតទៅលើ​វិស័យ​អប់រំ​នៅ​ប្រទេស​កម្ពុជា​ច្រើន​” នេះ​បើតាម​ប្រសាសន៍​របស់លោក David Ng មកពី​ក្រុមហ៊ុន Nera Telecommunications ដែលជា​អ្នក​ឧ​ប​ត្ត​ម្ហ​ប្រាក់​របស់​កម្មវិធី​។

​លោកស្រី គី សុ​ម៉ា​ណា ប្រធាន​ផ្នែក​ទីផ្សារ និង​ទំនាក់ទំនង​សាធារណៈ ប្រចាំ​ធនាគារ​ស្ថាបនា បាន​មានប្រសាសន៍ថា “ ធនាគារ ស្ថាបនា​ពេញចិត្ត​យ៉ាងខ្លាំង​ក្នុងការ​គាំទ្រ និង​ឧ​ប​ត្ត​ម្ហ​ដល់​កម្មវិធី សន្និបាត​បញ្ញាវន្ត​ពិភពលោក​លើក​ទី​៤​នេះ​។ មួយ​ក្នុងចំណោម​គម្រោង​ការងា​រ​សង្គម​របស់​ពួកយើង គឺ​ចូលរួមចំណែក​អភិវឌ្ឍន៍​វិស័យ​អប់រំ ដែល​ធ្វើឱ្យ យើង​បាន​សម្រេចចិត្ត​ចូលរួម​ក្នុង​កម្មវិធី​នេះ​។

​កម្មវិធី​នេះ គឺជា​វេទិកា​ខ្នាត​អន្តរជាតិ​មួយ ដែល​អាចអោយ​សិស្ស និស្សិត អាណាព្យាបាល ឪពុកម្តាយ មន្ត្រីរាជការ និង​បុគ្គលិក​តាម​ស្ថាប័ន​នានា បាន​ចែករំលែក និង​យល់ដឹង​បន្ថែម​អំពី​ចំណេះដឹង​នានា នឹង​ជាពិសេស​បាន​បង្កើត​ទំនាក់ទំនង​ថ្មីៗ​ផងដែរ​”​។​

វេទិកា​ជជែក​ទៅលើ​ធុរកិច្ច​និង​ការអប់រំ​សាកល​ត្រូវបាន​ធ្វើឡើង​ស្រប​ជាមួយនឹង​ការតាំង​ពិ​ព័រ​ណ៌​ការងារ​និង​ការអប់រំ​សាកល​ផងដែរ​។​មានការ​ជជែក​វែកញែក​អំពី​ប្រធានបទ​ធំៗ​ចំនួន​៧​និង​វេទិកា​ពិសេស​មួយ​ដែល​បាន​ធ្វើឡើង​ដោយ​ភ្ញៀវកិត្តិយស​មកពី​ស្ថាប័ន​ធំៗ​ផ្សេងៗ​ប្រចាំ​ប្រទេស​កម្ពុជា​និង​ទូទាំង​សកលលោក​។​​

កម្មវិធី​សន្និបាត​បញ្ញវន្ត​ពិភពលោក​បានទទួល​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សហ​ពាណិជ្ជកម្ម​អន្តរជាតិ​និង​សមាគមនិស្សិត​អន្តរជាតិ​ធំៗ​ចំនួន​១៨​ដែល​នេះ​បង្ហាញឱ្យឃើញថា​គុណ​តម្លៃ​នៃ​កម្មវិធី​សន្និបាត​បញ្ញវន្ត​ពិភពលោក​មាន​ភាពទូលំទូលាយ​យ៉ាងខ្លាំង​។​

​លោក Bretton G. Sciaroni ប្រធានសភា​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា​បាន​មានប្រសាសន៍ថា “​យើង​រីករាយ​ដែល​ឃើញ ស្ថាប័ន​IDP Education បន្ត​បង្កើន​ទំហំ​នៃ​វេទិកា​ពាណិជ្ជកម្ម និង​បញ្ចូល​ការអប់រំ​និង​ការងារ​សម្រាប់​លទ្ធផល​នាពេល​អនាគត​”​។​

អ្នកស្រី​អ៊ុំ​ស៊ី​វ៉ាន់​អតីត​ប្រធាន​សមាគម​អតីត​និស្សិត​អាហារូបករណ៍​Chevening​របស់​អង់គ្លេស​បាន​មានប្រសាសន៍ថា​”​ខ្ញុំ​តែងតែ​ចូលចិត្ត​ចូលរួម​កម្មវិធី​សន្និបាត​បញ្ញាវន្ត​ពិភពលោក​។​កម្មវិធី​នេះ​តែងតែ​នាំឱ្យ​ខ្ញុំ​បាន​ជួប​ជាមួយ​មនុស្ស​ដ៏​អស្ចារ្យ​, ឱកាស​ដ៏​មានតម្លៃ និង បទពិសោធន៍​ដែល​មិនអាច​បំភ្លេច​” ៕S/

​សន្និបាត​បញ្ញវន្ត​ពិភពលោក​លើក​ទី​៤​ស្វា​គម​អ្នកចូលរួម​ជាង ២.៥០០​នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម