មហា​ធៀ​៖ ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន នឹង​បង្ក​«​ផល​ដូ​មី​ណូ​»

997
ចែករម្លែក

សង្រ្គាមវាយពន្ធសងសឹកគ្នារវាងអាមេរិកនិងចិន និងកំណើននៃការគាំពារនិយមពាណិជ្ជកម្មចោលស្រមោលលើជំនួបកំពូលអាស៊ាន ខណៈចិនចៀសវាងមិននិយាយអំពីគម្លាតពាណិជ្ជកម្មដ៏សែនធំ។

ខណៈមេដឹកនាំអាស៊ានជួបប្រជុំគ្នានៅសិង្ហបុរី ម៉ាឡេស៊ីបានព្រមានភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិកនិងចិននឹងបង្ក«ផលដូមីណូ»​គឺស្ថានភាពចាត់វិធានការគាំពារនិយមតគ្នា ។

ការលើកឡើងរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកមហាធៀ​ ម៉ូហាម៉ាតកាលពីថ្ងៃអង្គារទី១៣វិច្ឆិកា កើតឡើងខណៈនាយករដ្ឋមន្រ្តីចិន ថ្លែងបែបផ្សះផ្សារអំពីជម្លោះពាណិជ្ជកម្ម ដោយថា លោកសង្ឃឹមភាគីទាំងពីរនឹងរកឃើញច្រកចេញមួយដើម្បីបញ្ចៀសកុំអោយជម្លោះនេះកាន់តែអាក្រក់ឡើង។

លោកនាយករដ្ឋមន្រ្តីចិន លី ឃឹឈាំង បាននិយាយថា« ខ្ញុំនៅតែសង្ឃឹមថាយើងអាចជួបពិភាក្សាផ្អែកលើការគោរពគ្នា តុល្យភាពនិងផលប្រយោជន៍ទៅវិញទៅមក។មិនមានអ្នកឈ្នះទេនៅក្នុងសង្រ្គាមពាណិជ្ជកម្មណាមួយ»។

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី មហាធៀ ថ្លែងនៅជំនួបកំពូលអាស៊ាន ដោយនិយាយអំពីភាពតានតឹងពាណិជ្ជកម្មរវាងចិននិងអាមេរិក

អនុប្រធានាធិបតីអាមេរិក លោកម៉ៃ ផេនស៍ នឹងចូលរួមកិច្ចប្រជុំនៅសិង្ហបុរី ជំនួសលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលម្តងហើយម្តងទៀតបានរិះគន់កិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគី ថាមិនយុត្តិធម៌និងបានវាយប្រហាររិះគន់ចិនអំពីការលួចកម្មសិទ្ធិបញ្ញា ឧបសគ្គចូលទីផ្សារចិនសំរាប់ស្ថាប័នក្រុមហ៊ុនអាមេរិកនិងគម្លាតពាណិជ្ជកម្មសែនធំ។

នាយករដ្ឋមន្រ្តីចិន លី ឃឹឈាំងថ្លែងក្នុងជំនួបកំពូលអាស៊ាន ដោយអះអាងថាលោកនឹងបើកចំហសេដ្ឋកិច្ចចិនថែមទៀតក្នុងពេលប្រឈមការគាំពារនិយម

វាមិនច្បាស់ថាតើលោកលីនិងលោកផេនស៍នឹងជួបប្រជុំគ្នាដែរឬអត់នៅក្រៅកិច្ចប្រជុំនៅសិង្ហបុរី ខណៈជំនួបរវាងប្រធានាធិបតីត្រាំនិងប្រធានាធិបតីចិន ស៊ី ជីនពីងត្រូវបានគ្រោងរួចហើយនៅក្រៅជំនួបG-20នៅអាហ្សង់ទីននៅខែនេះ៕ដោយ៖វាសនា

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ