ការលើកកម្ពស់​សុខភាព​របស់​ជន​ជាប់​ឃុំឃាំង​នៅក្នុង​ពន្ធនាគារ​ចាំបាច់​ត្រូវតែ​គិតគូរ​

1101
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា និង អ្នកជំនាញ​សុខភាព​អន្តរជាតិ បាន​ឡើង​ថា​៖​ការលើកកម្ពស់​សុខភាព និង​ផ្លូវចិត្ត​ទៅដល់​ជន​ជាប់​ឃុំឃាំង​នៅក្នុង​ពន្ធនាគារ​គឺ​ចាំបាច់​ត្រូវតែ​គិតគូរ និង​យក​ទុកចិត្ត​ទុកដាក់​។​

​សូមជម្រាបថា​៖ មន្ត្រី​រដ្ឋាភិបាល អ្នកជំនាញ​លើ​ផ្នែក​សុខភាព​ក្នុង​ពន្ធនាគារ និង​សុខភាព​សាធារណៈ មកពី​បណ្ដា​ប្រទេស​ចំនួន​១៧ កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែ វិច្ឆិកា បាន​ជួបជុំគ្នា​ក្នុង​សន្និសីទ​លើក​ទី​២​អាស៊ី និង​ប៉ា​ស៊ី​ហ្វ៊ិ​កលើ​សុខមាលភាព ក្នុង​ពន្ធនាគារ​រៀបចំឡើង​ដោយ​គណៈកម្មាធិការ​អន្តរជាតិ នៃ​កាកបាទក្រហម​(ICRC)​។ សន្និសីទ​នេះ​មាន​រយៈពេល​៣​ថ្ងៃ​ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា រាជធានី​ភ្នំពេញ​។​

​លោក តែ គុយ​ស៊ា​ង រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​ថ្លែងថា​៖​សុខភាព​ពន្ធនាគារ​ជា​សុខភាព​សាធារណៈ​។ ទន្ទឹមនឹង​ការយកចិត្តទុកដាក់​ដ​ល់​ការកែប្រែ​ឥរិយាបថ​អត្តចរិត​របស់​ជន​ជាប់ឃុំ​ឃាំង​ឬ​ទណ្ឌិត ការគិតគូរ​ដល់​ការរៀបចំ​សេវា​សុខភាព​សម្រាប់​ជន​ជាប់ឃុំ​ឃាំង ជា​ធាតុ​ផ្សំ​មួយ​ដ៏​សំខាន់​ដែល​មិនអាច​ខ្វះ​បាន ពីព្រោះ​វា​នឹង​ជួយ​លើកកម្ពស់​សុខភាព​រប​ស់ជន​ជាប់​ឃុំឃាំង នៅក្នុង​ពន្ធនាគារ និង​ធ្វើឱ្យ​ការធ្វើសមាហរណកម្ម​ត្រឡប់​ទៅក្នុង​សហគមន៍​ក្រោយ​ការដោះលែង មាន​ប្រសិទ្ធភាព​។​

​លោក​បាន​គូសបញ្ជាក់ថា​៖ «​ជន​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ ជា​ក្រុម​ដែល​ប្រឈមមុខ​ខ្ពស់ ជាមួយ​បញ្ហា​សុខភាព​ទាំង​ជំងឺឆ្លង​និង​ជំងឺមិនឆ្លង​។ ការរីក​រាលដាល​នៃ​ជំងឺឆ្លង​ក្នុង​ពន្ធនាគារ​អាច​កើតមាន និង​អាច​បណ្ដាលឱ្យ​ក្លាយទៅជា​គ្រោះមហន្តរាយ​មួយ​បាន បើសិនជា​យើង​ធ្វេសប្រហែស​មិនបាន​បង្ការ និង​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេល ហើយ​វា​អាច​ក្លាយទៅជា​ប្រភព​ចម្លង នៃ​ជំងឺ​នឹង​បណ្ដាល​ឲ្យ​មានការ​រាតត្បាត​ជំងឺ ក្នុង​សហគមន៍​ផងដែរ​»​។​

​លោក​រដ្ឋលេខាធិការ​បា​ន​លើកឡើងថា​៖ ការ​ស្នាក់​នៅក្នុង​ពន្ធនាគារ​រួម​នឹង​បរិយាកាស​ក្នុង​ពន្ធនាគារ​បាន​ជះឥទ្ធិពល​លើផ្លូវ​ចិត្ត​របស់​ជន​ជាប់ឃុំ​ឃាំង ហើយ​វា​ក៏​ជា​កត្តា​ជំរុញ​ដ៏​អវិជ្ជមាន​មួយ​ដែល​បណ្ដាលឱ្យមាន​ជំងឺផ្លូវចិត្ត​ផងដែរ​។​ប្រការនេះ​យើង​ត្រូវ​យកចិត្តទុកដាក់​ដល់​បញ្ហា​ជំងឺផ្លូវចិត្ត​ក្នុងចំណោម​អ្នកជាប់ឃុំឃាំង​ដោយ​ត្រូវ​គិតគូរ​ដល់​ការថែទាំ​សុខភាព​ផ្លូវចិត្ត​ក្នុង​ផ្នែក​មួយ​នៃ​ការថែទាំ​សុខភាព​គ្រប់​ជ្រុងជ្រោយ​។​

​លោក តែ គុយ​ស៊ា​ង បាន​បន្តថា ក្រសួងសុខាភិបាល​បាន​ជំរុញ​ការពង្រីក​សេវា​សុខាភិបាល ឲ្យ​កាន់តែ​កៀក​ប្រជាពលរដ្ឋ ស្របតាម​ផែនការ​គ្របដណ្តប់​សុខាភិបាល ហើយ​សេវា​សុខាភិបាល​ទាំងនោះ ក៏​ចូលរួមចំណែក​ដល់​ការថែទាំ​សុខភាព​ដល់​ពិរុទ្ធជន​ក្នុង​ពន្ធនាគារ​ផងដែរ​។ លើសពីនេះ​ដើម្បី​បង្កើន​ការលើក​កំពស់​សុខភាព​ក្នុង​ពន្ធនាគារ កាលពី​ឆ្នាំ​២០១០ ក្រសួងសុខាភិបាល​ក៏បាន​អនុញ្ញាត​ឲ្យ​ដាក់បញ្ចូល​ផ្នែក​សុខាភិបាល​ពន្ធនាគារ​រ​បស់​ពន្ធនាគារ​និង​មណ្ឌល​កែប្រែ​នៅតាម​រាជធានី​ខេត្ត​ឲ្យ​ទៅជា​ប៉ុស្តិ៍​សុខភាព​ដែល​ស្ថិតនៅក្រោម​ការ​គ្របដណ្ដប់​របស់​ក្រសួងសុខាភិបាល​។​ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ​ក៏​កង្វះខាត​ធនធានមនុស្ស​គឺជា​ការ​ប្រឈម​មួយ​សម្រាប់​សុខភាព​ក្នុង​ពន្ធនាគារ​។ ការដោះស្រាយ​បញ្ហា​សុខភាព​ក្នុង​ពន្ធនាគារ​ទាមទារ​ឲ្យ​មានការ​ចូលរួម​ដែលមាន​លក្ខណៈ​ពហុ​វិស័យ​។​
​លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា​សន្និសីទ​ស្តីពី​សុខភាព​ក្នុង​ពន្ធនាគារ​នេះ​នឹង ធ្វើការ​ចែករំលែក​បទ​ពិសោធន៍​ទៅវិញទៅមក ពី​បណ្ដា​ប្រទេស​ក្នុង​តំបន់ និង​អន្តរជាតិ​ហើយ​យើង​នឹង​ទទួលបាន​ធាតុ​ចូល​ថ្មី​បន្ថែមទៀត ដើម្បី​ធ្វើ​ឲ្យ​ស្ថានភាព​សុខភាព​ក្នុង​ពន្ធនាគារ​នៅតាម​ប្រទេស​នីមួយ​កាន់តែ​ប្រសើរឡើង​។​

​ថ្លែង​ក្នុង​ពិធី​បើក​សន្និសីទ លោក ប៉ាវ ហមផាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា​«​បញ្ហា​សុខុមាលភាព​ជន​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​គឺជា​បញ្ហា​ចម្បង​មួយ​ក្នុងចំណោម​បញ្ហា​ផ្សេងៗ​ទៀត​ដែល​បាន​នឹង​កំពុង​ជា​បញ្ហា​ក្នុង​ពន្ធនាគារ​។ ថ្វីដ្បិតតែ​មានឈ្មោះ​ជា​ជន​ជាប់ឃុំ​មិនមាន​សិទ្ធិសេរីភាព​ក្នុងការ​បម្លាស់​ទី​ក៏ដោយ​ប៉ុន្តែ​ជាធម្មតា​ជន​ជាប់ឃុំ​តែងមាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី អ្នកធ្វើការ​ក្នុង​ពន្ធនាគារ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មន្ត្រី​តុលាការ​និង​ការ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ញាតិមិត្ត​មក​សួរសុខទុក្ខ​ដែល​នោះ​ជា​លទ្ធភាព​ឱ្យ​អ្នក​ទាំងនោះ​មានឱកាស​នាំ​ជំងឺឆ្លង​ចេញ​ពន្ធនាគារ​និង​នាំ​ជំងឺឆ្លង​ពី​ខាងក្រៅ​ចូលក្នុង​ពន្ធនាគារ​ផងដែរ​។​លើសពីនេះ​ដំណើរ​វដ្ត​ជាក់ស្ដែង​របស់​ជន​ជាប់ឃុំ​ត្រូវ​បញ្ចេញ​ឲ្យ​ឃើញថា​ពី​ក្នុង​សហគមន៍​ចូលមក​រស់នៅក្នុង​ពន្ធនាគារ​ហើយ​បន្ទាប់ពី​ទទួលបាន​ការអនុវត្ត​ជាប់ទោស​ហើយ​ត្រូវ​វិល​ទៅ​រស់នៅក្នុង​សហគមន៍​របស់ខ្លួន​វិញ​នោះ​ក៏​បញ្ជាក់​កាន់តែច្បាស់​ថា​បញ្ហា​សុខភាព​នៅក្នុង​ពន្ធនាគារ​មិនអាច​កាត់ផ្ដាច់​ពី​បញ្ហា​សុខភាព​ដែលមាន​នៅក្នុង​សហគមន៍​ផងដែរ​។​ដោយឡែក​ការដោះស្រាយ​បញ្ហា​សុខភាព​ក្នុង​ពន្ធនាគារ យន្តការ​របស់​យើង​នៅមានកម្រិត​នៅឡើយ​។​ដូចនេះ​តាមរយៈ​សន្និសីទ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​ពីរ​នេះ​គឺជា​ឱកាស​ដែល​យើង​អាច​ចែករំលែក​នូវ​បទពិសោធន៍​ចំណេះដឹង​បច្ចេកទេស​ការពង្រឹង​ជា​អ្នកដឹកនាំ​និង​អភិបាលកិច្ច​ល្អ​ព្រមទាំង​ការពង្រឹង​ភាពជា​ដៃគូ​ក្នុង​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ការទទួលខុសត្រូវ​ឆ្ពោះទៅកាន់​ការយកចិត្តទុកដាក់​លើ​សុខុមាលភាព​ជន​ជាប់ឃុំ​ឲ្យ​ដូចជា​ការយកចិត្តទុកដាក់​លើ​សុខុមាលភាព​ប្រជាពលរដ្ឋ​នៅ​សហគមន៍​ខាងក្រៅ​។

​លោក រ៉ូ​ឡែ​ន​សូ កា​រ៉ា​ហ្វី អ្នកសម្របសម្រួល​ផ្នែក​ច្បាប់​នៃ​កាកបាទក្រហម​អន្តរជាតិ​ប្រចាំ​តំបន់ បាន​លើកឡើងថា​៖ កាកបាទក្រហម​អន្តរជាតិ​(ICRC)​មានបទពិសោធន៍​ច្រើន​ឆ្នាំ​ក្នុងការ​ដោះស្រាយ​ជាមួយ​បញ្ហា​ប្រឈម​ដែល​ពាក់ព័ន្ធ​នឹង​ការធានា​ឲ្យ​បាន​នូវ​ការព្យាបាល​និង​លក្ខខណ្ឌ​រស់នៅ​សមរម្យ​របស់​ជន​ជាប់ឃុំ​ជុំវិញ​ពិភពលោក​។​ចំណែកឯ​ក្នុង​តំបន់​អាស៊ី​និង​ប៉ា​ស៊ី​ហ្វ៊ិ​ក​នេះ​យើង​បាន​ចុះ​ទស្សនកិច្ច​ពន្ធនាគារ​ក្នុងប្រទេស​ចំនួន ១៥​។ ការរៀបចំ​សន្និសីទ​នេះ​គឺជា​ឱកាស​មួយ​ដែល​យើង​រាល់គ្នា​អាចបង្កើត​បរិយាកាស​ចែករំលែក​ក៏ដូចជា​បង្កើន​នូវ​ការសហការ​ដៃគូ​អន្តរជាតិ​លើ​ការផ្តល់​សុខុមាលភាព នៅក្នុង​ពន្ធនាគារ​ក្នុង​តំបន់​និង​លើសពីនេះ​ផងដែរ​។​
​លោក​កា​រ៉ា​ហ្វី​បាន​មានប្រសាសន៍​បន្តថា​ICRC ធ្វើការ​ជាមួយ​ថ្នាក់​គ្រប់គ្រង​ក្នុង​ប្រព័ន្ធ​ពន្ធនាគារ​និង​ផ្ដល់​អនុសាសន៍​ដល់​ពន្ធ​នាគារ​ជុំវិញ​ពិភពលោក​ដើម្បី​ធានាថា​ជន​ជាប់ឃុំ​ទទួលបាន​ការថែទាំ​ដ៏​ល្អប្រសើរ​មួយ​ដែល​ការថែទាំ​នេះ​គឺ​ផ្ដល់ជូន​រាល់​បុគ្គល​ទូទៅ​។​បញ្ហា​ប្រឈម​ទាំងនេះ​មាន​ភាពស្មុគស្មាញ​និង​បញ្ហា​ចម្រុះ​ជាច្រើន​ដូច្នេះ​យើង​ស្វា​គម​ក្នុងការ​បង្កើន​ភាពជា​ដៃគូ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​និង​អ្នកជំនាញ​ផ្សេងៗ​។​

​លោក រ៉ូ​ម៉ាន់ ប៉ា​រ៉ា​ម៉ូ​ណូ​វ ប្រធាន​បេសកកម្ម​កាកបាទក្រហម​អន្តរជាតិ​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា​៖ ICRC មាន​គោលដៅ​ក្នុងការ​ពង្រឹង​ការថែទាំ​បែប​មនុស្សធម៌ និង​លក្ខខណ្ឌ​រស់នៅ​របស់​ជ​ន​ជាប់ឃុំ​ទាំងអស់​មិន​ថា ពួកគេ​ត្រូវបាន​ឃុំខ្លួន​ដោយសារ​មូលហេតុ​អ្វី​នោះទេ ពួកយើង​ក៏បាន​ស្វែងរក​នូវ​វិធី ដើម្បី​សម្រួល​ទុក្ខលំបាក​របស់​គ្រួសារ​របស់គេ​ផងដែរ តាមរយៈ​ការផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​ជន​ជាប់ឃុំ​និង​សាច់ញាតិ​របស់គេ​។ ICRC ធ្វើ​ការងារ​ដើម្បី​ប្រាកដថា​ជនរងគ្រោះ​ពី​ជម្លោះ​ប្រដាប់អាវុធ ដែល​អាច​ទទួលបាន​កា​រ​ថែទាំ​សុខ​ភាពជា​មូលដ្ឋាន​សមស្រប​តាម​ស្តង់ដារ ដែល​បានទទួល​ស្គាល់​ជាស​កល​។​
​តាម​ទិន្នន័យ​របស់​អាយ​ស៊ី​អ​ស៊ី​បាន​បង្ហាញថា​មាន​ជន​ជាប់​ឃុំឃាំង​ប្រហែល ៤ លាន​នាក់​បាន​ជាប់ពន្ធនាគារ​ក្នុង​មួយឆ្នាំ​មួយឆ្នាំ​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ហើយ​ភាគច្រើន​នៃ​ជន​ជាប់ឃុំ​ទាំងនោះ​គឺ​មកពី​សហគមន៍ ដែល​ងាយ​រងគ្រោះ​ហើយ​ទទួលបាន​ការអប់រំ​តិចតួច និង​មាន​លក្ខខណ្ឌ​រស់នៅ​ពុំ​សូវ​មាន​អនាម័យ​ក្នុងចំណោម​ជន​ជាប់ឃុំ​ទាំងនោះ​មាន​ជន​ជាប់ឃុំ​ចន្លោះ​ពី​៥០ ទៅ ៧០ ភាគរយ​គឺជា​ជន​ជាប់ឃុំ​ដែលមាន​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន និង​ស្ថិតនៅក្រោម​ឥទ្ធិពល​នៃ​គ្រឿងញៀន​។ មិនតែប៉ុណ្ណោះ ភាព​ចង្អៀត​ណែន​នៅក្នុង​ពន្ធនាគារ​បាន​នាំឱ្យមាន​ជំងឺឆ្លង ព្រម​ជាមួយនឹង​បញ្ហា​ផ្លូវចិត្ត​ដែលមាន​អត្រា​រហូតដល់ ៧៥​ភាគរយ​។​

​សូ​មេ​ជម្រាប​ថា​៖​ស​ន្និសិទ​៣​ថ្ងៃនេះ នឹង​ពិភាក្សា​ទៅលើ​គោលនយោបាយ​សុខភាព​ក្នុង​ពន្ធនាគារ នីតិវិធី​ប្រតិបត្តិការ​ជា​ស្តង់ដារ ការសម្របសម្រួល​តាម​អន្តរ​វិស័យ ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​សុខភាព​និង​ការផ្ដល់សេវា​សុខាភិបាល​នៅក្នុង​តំបន់​ដែលមាន​ភាពមិនប្រក្រតី​លើ​ការប្រើប្រាស់​សារធាតុ​ញៀន សុខភាព​ផ្លូវចិត្ត​និង​ជំងឺឆ្លង​នានា​៕

ទីតាំងផ្សាយពាណិជ្ជកម្ម