មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា​: ការប្រែប្រួល​អាកាសធាតុ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​

932
ចែករម្លែក

​ដោយ​: គូលែន / សៀមរាប​: ក្នុង​សិក្ខាសាលា​ចែករំលែក​ចំណេះដឹង ស្ដីពី​ការពង្រឹង​ភាព​ធន់​នឹង​អាកាសធាតុ របស់​សហគមន៍​មូលដ្ឋាន​នៅ​កម្ពុជា ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ខេត្តសៀមរាប ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក ទិន ពន្លក អគ្គលេខាធិការ នៃ​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍ​ដោយ​ចីរភាព​។​

​លោក ទិន ពន្លក អគ្គលេខាធិការ នៃ​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍ​ដោយ​ចីរភាព បាន​មានប្រសាសន៍ថា មាន​របាយការណ៍​ជាច្រើន ដែល​បានបង្ហាញ​អំពី​ផលប៉ះពាល់​អវិជ្ជមាន ដែល​បណ្តាលមកពី​ការប្រែប្រួល​អាកាសធាតុ នៅ​កម្ពុជា ហើយ​តម្លៃ​បាត់បង់​សរុប​ដោយ​គ្រោះទឹកជំនន់​នៅក្នុង​ឆ្នាំ​២០១១ មាន​ចំនួន ៦៣៤​លាន​ដុល្លារ​អាម៉េរិក និង ចំនួន​៣៥៦​លាន​ដុល្លារ​អាម៉េរិក​ទៀត​នៅក្នុង​ឆ្នាំ​២០១៣ រួមជាមួយ​នឹង​តម្លៃ​បាត់បង់​ក្នុង​ផលិតភាព​ការងារ​ដោយសារ​កម្ដៅ​ខ្លាំង ត្រូវបាន​ព្យាករណ៍​ក្នុង​ប្រមាណ ៣​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប​នៅ​ឆ្នាំ​២០១០ ដែល​បញ្ហា​នេះ គឺជា​ផល​លំបាក នៃ​ការប្រែប្រួល​អាកាសធាតុ វា​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​ដោយ​ចិ​រ​ភាព ប៉ះពាល់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​កាត់បន្ថយ​ភាពក្រីក្រ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។​

​លោក​បាន​បន្តថា យោងតាម​ការសិក្សា​រប​ស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍ​ដោយ​ចី​រ​ភាព បាន​រកឃើញថា ក្រោម​សេណា​រី​យ៉ូ​ចម្បង សីតុណ្ហភាព​សកល​នឹង​រក្សា​កំណើន​នៅក្រោម​២​អង្សា​សេ នៅ​ឆ្នាំ​២១០០ ហើយ​បើសិនជា​កម្ពុជា​រក្សា​ការវិនិយោគ​កម្រិត​បច្ចុប្បន្ន លើ​សកម្មភាព​បន្សាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​នោះ ផលប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ នឹង​កាត់បន្ថយ​ផលិតផល​ក្នុងស្រុក ចំនួន ២,៥​ភាគរយ នៅ​ឆ្នាំ​២០៣០ និង ចំនួន​៩,៨​ភាគរយ នៅ​ឆ្នាំ​២០៥០ ដូច្នេះ សិក្ខាសាលា​នេះ គឺជា​វេទិកា​មួយ​ដ៏​មានតម្លៃ សម្រាប់​ស្វែងយល់​ពី​ការអនុវត្ត វិធានការ​ឆ្លើយតប​នានា​នៅ​ថ្នាក់មូលដ្ឋាន និង ពិភាក្សា​ចែករំលែក​ចំណេះដឹង ស្តីពី​វិធីសាស្ត្រ​សមស្រប ស្វែងយល់​អំពី​បញ្ហា​ប្រឈម​នៅ​ថ្នាក់មូលដ្ឋាន កំណត់​នូវ​ឧបករណ៍​ជំនួយ​នានា និង រៀនសូត្រ​ពី​ករណី​ជោគជ័យ​ទាក់ទង​លើ​ការងារ​បន្សាំ​ទៅនឹង​អាកាសធាតុ​ថ្មី ដើម្បី​កាត់បន្ថយ​ហា​នី​ភ័យ​គ្រោះមហន្តរាយ​។​

​គួររំលឹកថា ថ្មីៗ​នេះ ក្រុមការងារ​អន្តររដ្ឋាភិបាល ស្តីពី​ការប្រែប្រួល​អាកាសធាតុ បានបញ្ជាក់​ម្តង​ទៀតថា សកម្មភាព​របស់​មនុស្ស បាន​បង្ក​ឲ្យ​សីតុណ្ហភាព​មធ្យម​ពិភពលោក​កើន​១​អង្សា​សេ ដោយ​ធៀប​ទៅនឹង​សីតុណ្ហភាព​សម័យមុន​ប​ដិ​វត្ត​ឧស្សាហកម្ម ហើយនឹង​បន្ត​កើន​ដល់​១.៥​អង្សា​សេ រវាង​ឆ្នាំ​២០៣០ និង ២០៥០ ហើយ​ការ​កំហិត​សីតុណ្ហភាព​ពិភពលោក​ត្រឹម ១.៥ អង្សា​សេ គឺ​តម្រូវ​ឲ្យ​មានការ​ផ្លាស់ប្តូរ​យ៉ាងរ​ហ័ស ស៊ីជម្រៅ នូវ​គ្រប់​ទិដ្ឋភាព​ទាំង​អស់នៃ​សង្គម ខណៈដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង លើ​ការឆ្លើយតប​នឹង​បញ្ហា​ប្រែប្រួល​អាកាសធាតុ ដោយបាន​ប្រកាស​ឲ្យ​ប្រើប្រាស់ ផែនការ​យុទ្ធសាស្ត្រ​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​កម្ពុជា បាន​បង្កើត​យន្តការ​ចាំបាច់​នានា និង​អនុវត្ត​កម្មវិធី​ជាតិ​ជាច្រើន ក្នុងន័យ​កាត់បន្ថយ​ហា​នី​ភ័យ​អាកាសធាតុ​នៅក្នុង​ប្រទេស និង​រួមចំណែក​ដល់​កិច្ចខិតខំ​ប្រឹងប្រែង ជា​សាកល​ផងដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម