បន្តោង​គុជ​ខ្យង​របស់​អធិរាជ​នី​បារាំង ត្រូវគេ​លក់បាន​៣៦​លាន​ដុល្លារ​

2114
ចែករម្លែក
  • 13
    Shares

បន្តោងគុជខ្យងនិងពេជ្រមួយ ដែលធ្លាប់ពាក់ដោយមហាក្សត្សិយានីបារាំង ម៉ារី អង់ថូណិត(Marie Antoinette)មុនពេលព្រះអង្គត្រូវពួកបដិវត្តន៍បារាំងធ្វើគត់នោះត្រូវបានគេលក់ដេញថ្លៃបាន៣៦លានដុល្លារកាលពីថ្ងៃពុធទី១៤វិច្ឆិកា ដោយឆ្ងាយហួសពីតំលៃប៉ាន់ស្មានកាលពីដំបូងចំនួន២លានដុល្លារ។

ក្នុងការលក់ដេញថ្លៃរបស់ក្រុមហ៊ុន Sotheby’s នៅសណ្ឋាគារប្រណិតលើមាត់បឹងLake Genevaរបស់ក្រុងហ្សឺណែវ ក្រុមហ៊ុនបាននាំមកដាក់លក់គ្រឿងអលង្ការ១០ឈុតដែលអធិរាជនីសំណាងអាក្រក់អង្គនេះបានពាក់ និងដែលមិនត្រូវបានគេឃើញជាសាធារណៈអស់២០០ឆ្នាំមកហើយ។

Sotheby’sបាននិយាយថា គ្រឿងអលង្ការ១០ឈុតនេះដែលគេស្មានថាលក់បាន៣លានដុល្លារ បែរជាលក់បានសរុប៤៣លានដុល្លារ។

បន្តោងគុជខ្យងធម្មជាតិដែលធ្លាប់ពាក់ដោយមហាក្សតិយានី ម៉ារី អង់ថូណិត ត្រូវលើកបង្ហាញក្នុងពេលដេញថ្លៃ

កន្លាស់កដាំពេជ្រមួយ ដែលដាក់តំលៃលក់ដំបូង៨ម៉ឺនដុល្លារ ត្រូវដេញថ្លៃលក់បាន១,៧៥លានដុល្លារ។តែឈុតគ្រឿងអលង្ការថ្លៃជាងគេក្នុងការដេញថ្លៃនេះគឺ បន្តោងគុជខ្យងធម្មជាតិនិងពេជ្យ ដែលអ្នកទិញអនាមិកម្នាក់ទិញយក។

គ្រឿងអលង្ការរបស់មហាក្សត្រិយានី ម៉ារី អង់ថូណិត ត្រូវបានតាំងបង្ហាញ

យោងតាមឯកសារ ម៉ារី អង់ថូណិត បានចំណាយពេលពេញមួយយប់នៅក្នុងវិមាន ប៉ាឡេស ដេ ធ្យូឡេរី ដើម្បីវេចខ្ចប់គ្រឿងពេជ្រ ត្បូងនិងគុជខ្យងដាក់ក្នុងប្រអប់ឈើមួយមុនត្រូវចាប់ព្រះកាយ។វាត្រូវបានបញ្ជូនទៅកាន់ទីក្រុងព្រុចសែល មុនបញ្ជូនទៅកាន់ស្រុកកំណើតដើមរបស់អធិរាជនីបារាំងនៅអូទ្រីសនិងបានស្ថិតក្រោមការរក្សាទុកដោយក្មួយប្រុសរបស់ព្រះអង្គ ដែលអាជាស្តេចផងដែរ។

សូមរំលឹកថា នៅឆ្នាំ១៧៩២ រាជវង្សបារាំងត្រូវបានចាប់ដាក់គុកនៅក្រុងប៉ារីស ដោយអធិរាជ និងអធិរាជនីត្រូវបានប្រហារជីវិតនៅឆ្នាំបន្ទាប់និងបុត្រាព្រះជន្ម១០វស្សាសោយទិវង្គតក្នុងការឃុំឃាំង។មានតែបុត្រី ម៉ារី ទៀរេស ដឺ ហ្វ្រង់នៅមានជីវិត។ព្រះនាងបានយាងទៅអូទ្រីសនៅឆ្នាំ១៧៩៦និងត្រូវបានប្រគល់គ្រឿងអលង្ការរបស់ព្រះមាតារបស់ទ្រង់។

ម៉ារី ទៀរេស ដឺ ហ្វ្រង់ មិនមានបុត្រហើយក៏បន្តទ្រព្យសម្បត្តិទាំងនេះទៅក្មួយនិងកូនស្រីចិញ្ចឹម ហើយវាបន្តកាន់កាប់ដោយសាច់ញាតិបន្តបន្ទាប់នៅពេលក្រោយៗទៀត៕ដោយ៖វាសនា