រដ្ឋមន្ត្រី​យុត្តិធម៌ ជំ​រុញឲ្យអ្នកច្បាប់​នៅ​ខេត្តកោះកុង ចាត់​ការជម្រះ​សំណុំរឿង​នៅ​សេល​សល់​

980
ចែករម្លែក
  • 2
    Shares

​អត្ថ​ប​ទ:សុ​ផានី​តា​/​កោះកុង ​៖ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ក្រើនរម្លឹក​ដល់​ចៅក្រម និង​ព្រះរាជអាជ្ញា​ថ្មី​ខេត្ត កោះកុង ចាំបាច់​ព​ន្លឿ​ន​ការជម្រះបញ្ជី​សំណុំរឿង​ដែល​នៅ​សេសសល់ ជៀសវាង​បន្ត​រក្សាទុក​សំណុំ​រឿងក្តី​អោយនៅ​កកស្ទះ ឬ​កើតមាន​អំពើពុករលួយ​ក្នុង​ស្ថាប័ន​តុលាការ​។​

​លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ដាស់​ក្រើនរម្លឹក​ដល់​ចៅក្រម ពិសេស​ព្រះរាជអាជ្ញា​ថ្មី​ខេត្តកោះកុង គឺ​ចាំបាច់​ធ្វើយ៉ាងណា​ព​ន្លឿ​ន​ការជម្រះបញ្ជី​សំណុំរឿង​ក្តី​ដែល​នៅ​សេល​សល់ ឲ្យបាន​ទាន់ ពេលវេលា មិនថាតែ សំណុំរឿង​ព្រហ្មទណ្ឌ រដ្ឋប្បវេណី សំណុំរឿង​ស៊ើបសួរ​នោះទេ ជៀសវាង​ទុកចោល​សំណុំរឿង​នៅ​កកស្ទះ​នាំឱ្យ​យឺតយ៉ាវ អ្នក​ជាប់ទោស​បន្ត​នៅក្នុង​ពន្ធនាគារ​លើស​ពេល​កំណត់ ឬ​អាច​កើតមាន​អំពើពុករលួយ​ក្នុង​ស្ថាប័ន​ប្រព័ន្ធតុលាការ​។​

​ការ​ក្រើនរម្លឹក​ដល់​អ្នកច្បាប់​នៅ​ខេត្តកោះកុង នៅពេលនេះ​ធ្វើឡើង ក្នុង​ពិធី​ប្រកាស​តែងតាំង និង​ចូលកាន់​មុខតំណែង​ព្រះរាជអាជ្ញា​ខេត្តកោះកុង​ថ្មី កាលពី​ល្ងាច​ថ្ងៃទី​១៤ វិច្ឆិកា​។

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បញ្ជាក់ទៀតថា អនុលោម​តាម​នីតិវិធី​នៃ​ច្បាប់ ចៅក្រម និង​ព្រះរាជអាជ្ញា​ក្នុង​ខេត្ត​កោះកុង គប្បី​ត្រួត​ពិនិត្យឡើងវិញ​អំពី​ការ អនុវត្ត​ការងារ​របស់ខ្លួន​នាពេល​កន្លងមក ក៏​ដូច​បច្ចុប្បន្ន ដោយ​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ សេចក្តីថ្លៃថ្នូរ និង​អគតិ​ទាំង​៤ ដែលជា​គ្រឿង​បំផ្លាញ​នូ​វក​ត្តិ​យស​ខ្លួនឯង និង​វិស័យ​យុត្តិធម៌​ទាំងមូល​ផងដែរ​។​

​ជាក់ស្តែង ការតែងតាំង និង​ផ្លាស់ប្តូរ​ចៅក្រម ក៏ដូចជា​ព្រះរាជអាជ្ញា ក្នុង​គោលបំណង​លើ​ការធានា​បង្កើន​ប្រសិទ្ធិភាព​លើ​កិច្ចការ​យុត្តិធម៌​ឱ្យ​ល្អប្រសើរ​ឡើង តាមរយៈ​បទពិសោធន៍ និង​ស្នាដៃ​ការងារ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​។ ដូច្នេះ​ចៅក្រម និង​ព្រះរាជអាជ្ញា ត្រូវ​ពង្រឹង​លទ្ធផល​ការងារ​ថែមទៀត ដោយ​គោលនយោបាយ​រដ្ឋាភិបាល​បង្កើន​ភាពយុត្តិធម៌​ក្នុង​សង្គមជាតិ និង​កាត់បន្ថយ​អំពើពុករលួយ​ជាដើម​។​

​លោក រស់ សា​រាំ ព្រះរាជអាជ្ញា​ថ្មី​ប្រចាំខេត្ត​កោះកុង បាន​ប្តេជ្ញាចិត្ត​បំពេញភារកិច្ច​របស់ខ្លួន​ថា នឹង​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ និង​សើរើ​សំណុំរឿង​ដែល​នៅ​សេល​សល់​មិនទាន់​ចាត់​ការយកមក​ជម្រះបញ្ជី​ឡើងវិញ តប​តាម​នីតិវិធី​ប្រព័ន្ធ​ច្បាប់​។ បន្ថែម​លើ​នេះ ផ្តោត​ការយកចិត្តទុកដាក់​ការពារ​សិទ្ធិ​ជនជាប់ចោទ និង​សិទ្ធិ​ជនរងគ្រោះ អោយ​មឺ​ុ​ង​ម៉ាត់​បំផុត ដើម្បី​ពង្រឹង​នីតិរដ្ឋ គុណភាព​មកលើ​ស្ថាប័ន​យុត្តិធម៌ និង​ទំនុកចិត្ត​ពី​សាធារណជន​។​

​នៅ​ឆ្នាំ​កន្លងទៅ សាលាដំបូង​ខេត្តកោះកុង ទទួលបាន​សំណុំរឿង​រដ្ឋប្បវេណី​ស៊ើបសួរ និង​ជំនុំជម្រះ​៩០១​សំណុំរឿង ហើយ​ចាត់ការ​បាន​ចំនួន​៥២៦​សំណុំរឿង​។ ទន្ទឹម​នោះ អយ្យការ​ខេត្តកោះកុង ទទួល​សំណុំរឿង​៣៤៧​សំណុំរឿង សំណុំរឿង​ដែល​ចាត់ការ​រួចរាល់​មាន​៣០២​សំណុំរឿង​។​

​ចំណែក​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង បង្ហាញ​ក្តី​រំពឹងថា លោក រស់ សា​រាំ ព្រះរាជអាជ្ញា​ថ្មី បន្ត​សហការ​ជាមួយ​អាជ្ញាធរ​សមត្ថកិច្ច​ពាក់​ព័ន្ធ​ជុំវិញ​ខេត្ត អនុវត្ត​ការងារ​ផ្តល់​យុត្តិធម៌ និង​រក្សា​សន្តិសុខ​ស​ណ្នា​ប់​ធ្នាប់​ជូន​ប្រជាពលរដ្ឋ​អត់​ប្រកាន់វណ្ណៈ​ដូច​លោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញា​ចាស់​។ លោក រស់ សា​រាំ ជា​អតីត​​​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ត្រូវបាន​ព្រះមហាក្សត្រ​ទ្រង់​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង កាលពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៨​។​

​គួរ​ជម្រាប​ថា នៅ​ឆ្នាំ​២០១៧ ស្ថាប័ន​តុលាការ បាន​ចាត់ការ​សំណុំរឿង​ចំនួន​៩​ម៉ឺន​៤​ពាន់​សំណុំរឿង ក្នុងនោះ បាន​ចាត់​រួច​ចំនួន​៥​ម៉ឺន​៥៦​សំណុំរឿង​។ ជា​មធ្យម ចៅក្រម​ម្នាក់ៗ​បាន​ចាត់ការ​ដោះស្រាយ​សំណុំរឿង​ប្រមាណ​ពី​២៣៤​សំណុំរឿង​ក្នុង​មួយឆ្នាំៗ​។ ដោយឡែក ក្របខណ្ឌ​អយ្យការ​ទូទាំងប្រទេស​ទ​ទួលបាន​សំណុំរឿង​ព្រហ្មទណ្ឌ​សរុប​ចំនួន​១​ម៉ឺ​ន​៩​ពាន់​សំណុំរឿង និង​បាន​ចាត់ការ​រួចរាល់​ចំនួន​១​ម៉ឺន​៥​ពាន់​សំណុំរឿង ដោយ​ព្រះរាជអាជ្ញា​ម្នាក់​អាច​ចាត់ការ​សំណុំរឿង​បាន​១១៩​សំណុំរឿង​ក្នុង​មួយឆ្នាំ​៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម