វេ​ណេ​ស៊ុយ​អេ​ឡា កំពុង​ស្វែងរក​ចាប់ខ្លួន​ពួក​បះបោរ បន្ទាប់ពី​ការប៉ះទង្គិច​ដ៏​បង្ហូរឈាម​នៅ​មូលដ្ឋាន​យោធា​

1311
ចែករម្លែក

​ប្រធានាធិបតី នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ និយាយថា ការស្វែងរក​ចាប់ខ្លួន​កំពុង​ធ្វើឡើង​ក្នុងប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា​សម្រាប់​បុរស ១០ នាក់ ដែល​រត់គេចខ្លួន​ជាមួយ​អាវុធ បន្ទាប់ពី​ការវាយប្រហារ​មួយ​ទៅលើ​មូលដ្ឋាន​យោធា​មួយកន្លែង​។ នេះ​បើតាម​ប្រភពព័ត៌មាន​ប៊ី​ប៊ី​ស៊ី​។

​លោក​និយាយថា ការវាយលុក​នៅ​ទីក្រុង​វ៉ា​ឡិន​ស្យា​ភាគ​ពាយព្យ ត្រូវបាន​ធ្វើឡើង​ដោយ​មនុស្ស ២០ នាក់​។ ពីរ​នាក់​ត្រូវបាន​សម្លាប់ ម្នាក់​រងរបួស និង ៧ នាក់​ត្រូវបាន​ចាប់ខ្លួន​។

​មុននេះ​បន្តិច វីដេអូ​មួយ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម បានបង្ហាញ​បុរស​មិនបាន​បញ្ជាក់​អត្តសញ្ញាណ​ជាច្រើន​នាក់ និយាយថា ពួកគេ​កំពុង​ងើបឡើង​ប្រឆាំង “​អំណាច​ផ្តាច់ការ​ឃោរឃៅ​”​។ ថ្វីបើ​មាន​ឧបទ្ទវហេតុ​ដូច្នេះ​ក្តី ក៏ប៉ុន្តែ​ស្ថានការណ៍​ហាក់​មាន​ភាពស្ងប់ស្ងាត់​នៅក្នុង​ប្រទេស​។​

​នៅលើ​ទូរទស្សន៍​រដ្ឋ លោក​ម៉ា​ឌូ​រ៉ូ​បាន​អបអរសាទរ​យោធា​ចំពោះ “​ប្រតិកម្ម​បន្ទាន់​” ក្នុងការ​បញ្ឈប់​ការវាយប្រហារ​នៅ​ព្រឹក​ទៀបភ្លឺ​ថ្ងៃអាទិត្យ ទី​៦ សីហា ដោយ​និយាយថា ពួកគេ​សម​ទទួលបាន “​ការសរសើរ​”​។

​លោក​ម៉ា​ឌូ​រ៉ូ​បាន​ហៅ​ឧបទ្ទវហេតុ​នោះ​ថា “​ការវាយប្រហារ​ភេរវកម្ម​” ធ្វើឡើង​ដោយ “​ទាហាន​ស៊ីឈ្នួល​” ហើយ​និយាយថា កងកម្លាំង​សន្តិសុខ​កំពុងធ្វើការ​ស្វែងរក​ចាប់ខ្លួន​យ៉ាងសកម្ម​សម្រាប់​ជន​ដែល​បានគេច​ខ្លួន​។ លោក​ប្តេជ្ញា​ថា “​យើង​នឹង​ចាប់​ពួកគេ​ឱ្យបាន​”​។

​រថយន្តយោធា​ជាច្រើន​គ្រឿង​បាន​កំពុងបើក​ល្បាត​តាម​ដងផ្លូវ​នានា​នៅក្នុង​និង​ជុំវិញ​ទីក្រុង​វ៉ា​ឡិន​ស្យា ហើយ​យ៉ាងហោចណាស់ ឧទ្ធម្ភាគចក្រ​មួយគ្រឿង​ត្រូវបាន​ប្រើប្រាស់​ក្នុង​ប្រតិបត្តិការ​នេះ​។

​រដ្ឋាភិបាល​និយាយថា ក្នុងចំណោម​ជន​ដែល​បាន​ចាប់ខ្លួន​ទាំងនោះ គឺមាន​មេបញ្ជាការ​ទី​១ មួយរូប ដែល​លែង​ជា​សមាជិក​យោធា​។ រដ្ឋាភិបាល​និយាយថា ជន​ដទៃទៀត​គឺជា​ជន​ស៊ីវិល ស្លៀកពាក់​យោធា​។

​លោក​ម៉ា​ឌូ​រ៉ូ និយាយថា ជន​ទាំងនោះ​ត្រូវបាន​គាំទ្រ​ដោយ​ក្រុម​មេដឹកនាំ​ប្រឆាំង​រដ្ឋាភិបាល ដែលមាន​មូលដ្ឋាន​នៅ​អាមេរិក និង កូ​ឡុំ​ប៊ី​៕ ដោយ៖ កញ្ញាដាលីស

ឧទ្ធម្ភាគចក្រ​កំពុង​ល្បាត​ក្នុង​ក្រុង​វ៉ា​ឡិន​ស្យា បន្ទាប់ពី​ការវាយប្រហារ​លើ​មូលដ្ឋាន​យោធា
ក្រុមបាតុករ​ប្រមូលផ្តុំ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ក្នុង​ក្រុង​វ៉ា​ឡិន​ស្យា