កូន​រមាំង​ពីរ​ក្បាល​បានចាប់កំណើត​នៅ​ឧទ្យាន​សួនសត្វ​ភ្នំ​តា​ម៉ៅ​

2768
ចែករម្លែក
  • 1
    Share

ដោយ:​មូល​សម្បត្តិ​​/ភ្នំពេញ​ ៖ កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ កូន​រមាំង​ចំនួន២​ក្បាល (​ញី១​ក្បាល​) បានកើត​នៅក្នុង​ទ្រុង​នៃ​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ​។ នេះ​បើតាម​វេ​ប​សាយ​អគ្គនាយកដ្ឋាន​រុក្ខា​ប្រ​ម៉ាញ់​នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ ​​។​

​បច្ចុប្បន្ន​នៅ​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ មាន​រមាំង​ក្នុង​ទ្រុង​ចំនួន២៣​ក្បាល និង​រមាំង​ក្នុងព្រៃ​ចំនួន​៣​ក្បាល​។​

ភិនភាគ : រមាំង​ជា​ថនិកសត្វ​តិណាសី​ដែលមាន​មាឌតូច​ជាង​ប្រើស និង​ធំ​ជាង​ឈ្លូស​បន្តិច​។ ស្នែង​របស់​វា​មាន​លក្ខណៈ​ខុសពី​ស្នែង​ប្រើស​ដោយនៅ​ផ្នែក​គល់​នៃ​ស្នែង​មាន​បែកខ្នែង​ពីរ​មួយ​ស្រួច​ដុះ​គ្រប​លើ​ចិញ្ចើម​លយ​ទៅមុខ និង​មួយទៀត​ដុះ​ឡើង​ទៅលើ​រួច​លេច​ចេញមកក្រៅ ហើយ​កោង​ទៅមុខ នៅ​ចុង​ស្នែង​របស់​វា​មាន​រាង​សំប៉ែត​បែក​ជា​ម្រាម​។ ជាទូទៅ​វា​មាន​សម្បុរ​លឿង​ស្រអាប់ ឬ​លឿង​ក្រ​ម៉ៅ​ចាស់ មាន​អុចៗ​ស​នៅ​ផ្នែក​ចំហៀង​ខ្លួន ឯ​ផ្នែក​ក្រោម​ពោះ និង ក មាន​ពណ៌​ស ប៉ុន្តែ​សម្បុរ​នេះ​អាច​ប្រែប្រួល​ទៅតាម​រដូវ​កាល​។ នៅ​រដូវ​ជម្រុះ​ស្នែង វា​មាន​រោម​វែងៗ​រុំ​ជិត​ចម្រុះ​ពណ៌​ប្រផេះ​ក្រហម និង​លឿង​ក្រ​ម៉ៅ​ភ្ជាប់​នឹង​គល់​ក​ដែលមាន​រោម​វែង​មើលទៅ​គួរ​ឲ្យ​គយគន់​។​

​ជីវសាស្ត្រ : ​ធម្មជាតិ រមាំង​ជា​សត្វ​រស់នៅ​ជា​ហ្វូង​ពី​១០ ទៅ ១៥​ក្បាល​។ វា​ចូលចិត្ត​រស់នៅ​តាម​វាលទំនាប​ដែល​សម្បូរ​ទៅដោយ​ថ្លុក ត្រពាំង វាលស្រែ និង​ព្រៃ​ល្បោះ​។ ចំណី​របស់​វា​មានដូចជា ស្មៅ ស្បូវ ព្រេច ល្បះ​រុក្ខជាតិ ស្រូវ និង​ផ្លែឈើ​។ វា​ជម្រុះ​ស្នែង​រៀលរាល់​ឆ្នាំ​នៅ​អំឡុង​ខែមិថុនា ដែលជា​រដូវ​កាល​សម្បូរ​ចំណី​សម្រាប់​ការលូតលាស់​ស្នែង​របស់​វា​។ រមាំង​បន្ត​ពូជ​នៅ​ចន្លោះ​ខែមីនា ឧសភា ហើយ​កើតកូន​ម្តង​បាន ១​ក្បាល​បន្ទាប់ពី​ពពោះ​រយៈពេល​៦-៨​ខែ​។​

​របាយ​រស់នៅ : ចំពោះ​ក្រុម​ប្រភេទ​របស់​រមាំង (Cervus siamensis) បច្ចុប្បន្ន​វា​មាន​ចំនួន​ច្រើនជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា​ប្រើ​ប្រៀបធៀប​ទៅនឹង​ប្រទេសជិតខាង​។ ចំនួន​ទាំងនេះ​មាននៅ​ខេត្តស្ទឹងត្រែង​ក្នុង​ខេត្ត​សៀម​ប៉ាង មណ្ឌល​គី​រី រតនគីរី ក្រចេះ ខេត្តកំពង់ស្ពឺ ខេត្តបន្ទាយមានជ័យ ខេត្តពោធិសាត់ ឧ​ត្ត​មានជ័យ និង​ខេត្តសៀមរាប ជាពិសេស​ខេត្តព្រះវិហារ​ក្នុងស្រុក​ឆែប ស្រុក​ជាំ​ក្សាន្ត ស្រុក​គូលែន និង​ស្រុក​សង្គម​ថ្មី​។ ប្រភេទ​នេះ​គេ​បាន​រកឃើញ​ផងដែរ​នៅ​ប្រទេស​ឡាវ និង​កោះ​ហៃ​ណាន​។ ដោយឡែក​នៅក្នុង​ប្រទេស​ថៃ​ត្រូវបាន​ផុត​ពូជ​ពី​ព្រៃ​ធម្មជាតិ ហើយ​ប្រហែលជា​ផុត​ពូជ​ផងដែរ​នៅ​ប្រទេស​វៀតណាម​។​

​ស្ថានភាព​អភិរក្ស : រមាំង​ជាស​ត្វ​ស្ថិតនៅក្នុង​ក្រុម​ប្រភេទ​ជិត​ផុត​ពូជ និង​មាន​ចុះ​ក្នុង​បញ្ជី​ឧបសម្ព័ន្ធ​ទី​១ នៃ​អនុ​ញ្ញា​សាយ​តេស​។ សត្វ​ប្រភេទ​នេះ​កំពុង​ទទួលរង​គ្រោះថ្នាក់​ដោយសារ​ការ​បរបាញ់​យក​សាច់ ស្បែក ស្នែង និង​ឆ្អឹង​ដើម្បី​ធ្វើ​ពាណិជ្ជកម្ម ហើយ​សត្វ​ប្រភេទ​នេះ​មាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN ថា​ជា​ប្រភេទ​ងាយ​រងគ្រោះថ្នាក់ (VU)​។​កាលពីដើម​ខែតុលា​កន្ល​ង​មកនេះ ក្នុង​ឧទ្យាន​សួនសត្វ​នេះ​ក៏មាន​សត្វ​ខ្ទីង​1​ក្បាល​កើតកូន​បាន​មួយ​ក្បាល​ផងដែរ​៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម