មន្ត្រី​កសិកម្ម​បង្ហាញ​បច្ចេកទេស​បង្កាត់​ពូជ​សត្វ​គោ ដោយ​មេជី​វិត​សិប្ប​និមិត្ត​ផ្តល់​អត្ថប្រយោជន៍​ច្រើនយ៉ាង​ដល់​កសិករ​

1457
ចែករម្លែក

​ដោយ​: គង់​ហេង / កំពង់ចាម​: មន្ត្រី នៃ​មន្ទីរ​កសិកម្ម​ខេត្តកំពង់ចាម បានបង្ហាញ​បច្ចេកទេស​បង្កាត់​ពូជ​គោ បាន​ច្រើន​ប្រភេទ តាមរបៀប​ចាក់​បញ្ចូល​មេជី​វិត​សិប្ប​និមិត្ត តាមរយ​:​ប្រដាប់ភេទ​របស់​សត្វ​គោ​ញី​ម្ចាស់​មេគោ​ទាំងឡាយ​អាច​ចំណាយពេល​នៅ​នឹង​ក្រោល​ក្បែរ​លំនៅស្ថាន ចន្លោះ​ពី ១៥ ទៅ ៣០ នាទី គឺ​ដំណើរការ នៃ​ការ​បង្កាត់​ហើយ​រួចរាល់​។ ដោយ​ប្រើប្រាស់​រយ​:​ពេល នៃ​ការបង្ក​កំណើត​ចំនួន ប្រាំបួន ខែ និង​១០ ថ្ងៃ​ដូចគ្នា​ការ​បង្កាត់​ជាមួយ​សត្វ​គោ​ឈ្មោល​ជា​បារ​ដែរ​។​

លោក លន់ សុផល បង្ហាញ​ពី​ការ​បង្កាត់​ពូជ​គោ តាមរបៀប​ចាក់​បញ្ជូន​មេជី​វិត​សិប្ប​និមិត្ត ផ្តល់​អត្ថប្រយោជន៍​ច្រើនយ៉ាង​ដល់​កសិករ ជា​ម្ចាស់​មេគោ​។​

​លោក លន់ សុផល អនុប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ១៥ វិច្ឆិកា​នេះ​ថា មេជី​វិត​សត្វ​គោ​សិប្ប​និមិត្ត​ដែល​ផលិត នៅ​នាយកដ្ឋាន​ផលិតកម្ម និង​បសុព្យាបាល នៃ​ក្រសួងកសិកម្ម​នេះ​មាន​ជា​ពូជ​: គោ​សម្រាប់​ចិញ្ចឹម​ទុក​ពូជ , គោ​សម្រាប់​ចិញ្ចឹម​យក​សាច់ , គោ​សម្រាប់​ចិញ្ចឹម​យក​ទឹកដោះ និង​គោ​សម្រាប់​ជា​កម្លាំង​អូសទាញ​។​

​លោក សុផល បាន​ឲ្យ​ដឹង​ទៀតថា មេជី​វិត​ដែល​យើង​បាន​ទិញ យកមក​រក្សាទុក​តាម​លក្ខណ​:​បច្ចេកទេស​យ៉ាង​ត្រឹមត្រូវ​នេះ បង្កលក្ខណ​:​ងាយស្រួល និង​ចំណេញ​ដល់​កសិករ​ជា​ម្ចាស់​មេគោ​ច្រើនយ៉ាង​ណាស់​ដូចជា​: ចំណេញ​ផ្នែក​សេដ្ឋកិច្ច បើ​យើង​បង្កាត់​បារ​ជា​គោ​ឈ្មោល​ផ្ទាល់​នោះ គឺ​មួយ​លើក បាន​តែមួយ​ប៉ុណ្ណោះ​។ ផ្ទុយ​មកវិញ​បើ​បង្កាត់​តាម មេជី​វិត​សិប្ប​និមិត្ត​នេះ គឺអាច​បាន​ដល់​មេគោ​ជាង ១០០ ក្បាល​ក្នុង​មួយ​លើក​។​

 

​លោក​អនុប្រធាន​បាន​បន្ថែមថា ជាមួយ​នោះ​កសិករ​ចំណេញ​សោហ៊ុយ​ដឹក​ជ​ញ្ជួ​ន និង​ពេលវេលា ដោយ​មិនបាច់​ដឹក​មេគោ​ស្វែងរក​បារ​ដែល​យើង​ស្រឡាញ់​នោះទេ គឺ​គ្រាន់តែ​ជូនដំណឹង​តាមរយ​:​លេខ​ទូរស័ព្ទ​របស់លោក​( លន់ សុផល ) : ០១២៩៥៨៨៣៥ គឺ​ខាង​លោក​នឹង​យក​ធុង ផ្ទុក​មេជី​វិត​ទៅ​បង្កាត់​ដល់​ក្រោល ឬ​កសិដ្ឋាន​តែម្តង​។ អត្ថប្រយោជន៍​ដ៏​សំខាន់​បន្តទៀត គឺ​កសិករ​ជា​ម្ចាស់​អាច​ជ្រើសរើស​ពូជ​តាម​ការស្រឡាញ់​ពេញចិត្ត គ្មាន​ការ​ផ្សងព្រេង​ដូច​ការ​បង្កាត់​ដោយ​គោបារ​ទេ​។ លក្ខណ​:​ពិសេស​របស់​មេជី​វិត​សិប្ប​និមិត្ត គឺ​បាន​កាត់បន្ថយ​ការចម្លង​រោគ តាមរយ​:​ប្រដាប់បន្តពូជ​របស់​គោបារ ទៅកាន់​មេគោ​ផ្សេងទៀត​ក្នុងកំឡុងពេល​បង្កាត់​នោះ​។​

​លោក​បាន​បន្តថា ការ​បង្កាត់​ពូជ​គោ តាមរយ​:​មេជី​វិត​សិប្ប​និមិត្ត​នេះ​យើង​បាន​ដំណើរការ​តាំងពី​ខែតុលា ឆ្នាំ​២០១៧​។ បច្ចុប្បន្ន​យើង​បង្កាត់​បាន​មេគោ​ចំនួន ១៦០ ក្បាល មាននៅ​ស្រុក​កំពង់សៀម និង​ស្រុក​ព្រៃឈរ គឺ​សេវា​ក្នុងការ​បង្កាត់​មេគោ​មួយ​ក្បាល​ចាប់ពី ២០​ម៉ឺន ទៅ​ជាង ៤០​ម៉ឺន រៀល ដោយ​គិត​លើ​ប្រភេទ​ពូជ​គោ​។​

​លោក រី ដា​វិ​ន ដែល​បាន​ទទួលយក​ការ​បង្កាត់​មេជី​វិត​គោ​សិប្ប​និមិត្ត​នេះ ដំបូង​គេ​នៅ​ភូមិ​ស្រឡៅ ឃុំ​អម្ពិល ស្រុក​កំពង់សៀម បានដឹងថា មេគោ​អាយុ បី ខួប របស់​គ្រួសារ​លោក​បានទទួល​ការ​បង្កាត់​ដំបូង​គេ មិន​អស់​សេវា​ពី​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​កាលពី​ឆ្នាំ ២០១៧​នោះ គឺ​កើត​បានកូន​គោ​ឈ្មោល​មួយ​ក្បាល​។ ដោយ​សត្វ​គោមួយ​ក្បាល​នេះ បាន​ធំធាត់​យ៉ាង​រហ័ស គឺ​ឈ្មួញ​បាន​ពេញចិត្ត​បានមក​ទិញ​ក្នុងតម្លៃ​ពីរលាន​ហាសិប​ម៉ឺន​រៀល ទៅ​ចិញ្ចឹម​ថែបំប៉ន​យក​សាច់​ដើម្បី​លក់​បន្ត​។​

​លោក ដា​វិ​ន បន្តថា ឥឡូវ​មេគោ​ដដែល​នេះ បាន​បង្កាត់​ជា​លើក​ទី​២ បានកើត​កូនញី​ម្តង គឺមាន​អាយុ​ពីរ​សប្តាហ៍ និង​មាន​ទម្ងន់​ជាង ៥០ គីឡូក្រាម​។ ដោយ​កើនឡើង​ទម្ងន់​កាលពី​កើត​ភ្លាម​ប្រហែល​ជាង ១០ គីឡូក្រាម​។ ឆ្លងតាម​បទពិសោធន៍ នៃ​ការចិញ្ចឹម​គោ​ច្រើន​ឆ្នាំ​កន្លងទៅនេះ គឺ​ការ​បង្កាត់​ពូជ​តាមរយ​:​មេជី​វិត​សិប្ប​និមិត្ត​នេះ គឺមាន​លក្ខណ​:​ល្អ​ច្រើន​មែនទែន​ដូចជា​: ការ​បង្កាត់​ពូជ​តាម​ការចង់បាន​ចូលចិត្ត​, មេគោ​មិន​ឆ្លង​ជំងឺ​ពី​បារ​, កូន​គោ​មាន​សុខភាព​មាំមួន​រហ័សរហួន និង​មាន​តម្រូវការ​ទីផ្សារ​ល្អ​៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ