លោក​ស៊ី​ជីន​ពីង​កំពុង​បញ្ចុះបញ្ចូល​បណ្តា​ប្រទេស​កោះ​ប៉ាស៊ីហ្វិក​ឱ្យ​ឈប់​ទទួលស្គាល់​កោះ​តៃវ៉ាន់​

953
ចែករម្លែក
  • 486
    Shares

មេដឹកនាំ​ចិន​លោក​ស៊ី​ជីន​ពីង​នឹង​អង្គុយ​ជាមួយ​សម្ព័ន្ធមិត្ត​កោះ​ប៉ាស៊ីហ្វិក​ចំនួន​៧​នៅ​ថ្ងៃ​សុក្រ​ទី​១៦​វិច្ឆិកា​នេះ ដើម្បី​ផ្តល់​ចំណាប់អារម្មណ៍​និង​ប្រហែល​ផ្តល់ជំនួយ​ខ្លះ​ក្នុងការ​បញ្ចុះបញ្ចូល​ប្រទេស​ជាច្រើន​ទៀត​ឱ្យ​ឈប់​ទទួលស្គាល់​កោះ​តៃវ៉ាន់​។​

​ខណៈដែល​ប្រទេស​ទាំងនេះ​ប្រកួតប្រជែង​គ្នា​ដើម្បី​ទទួលបាន​កិច្ចសន្យា​ធនធាន​និង​ឥទ្ធិពល​នៅតាម​បណ្តោយ​ផ្លូវ​ដឹកជញ្ជូន​ដ៏​សំខាន់​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក តំបន់​នេះ​ក៏​ក្លាយជា​ខ្សែត្រៀម​ជួរមុខ​នៅក្នុង​សង្គ្រាម​ការទូត​រវាងរ​ដ្ឋា​ភិ​បាល​ក្រុង​ប៉េកាំង​និង​តៃប៉ិ​ផងដែរ ដែល​កំពុង​តស៊ូ​រក្សា​សំឡេងគាំទ្រ ចំពេល​សេដ្ឋកិច្ច​ចិន​កំពុង​រីកចម្រើន​ខ្លាំង​។​

​លោក ចូ​ណា​ថា​ន ព្រី​កេ មកពី​វិទ្យាស្ថាន​ឡូ​វី (Lowy Institute) របស់​អូស្ត្រាលី​បាន​និយាយថា “​លោក​ស៊ី​នឹងមិន​មក​ដោយ​ដៃទទេ​នោះទេ​” នៅពេល​លោក​ជួប​មេដឹកនាំ​មកពី​ប្រទេស​កោះ ឃុ​ក​អាយ​លែ​ន ហ្វ៊ី​ជី មីក្រូ​នេ​ស៊ី នី​វ សា​ម៉ៅ តុង​ហ្គា និង​វ៉ា​នូ​អា​ទូ នៅ​ទីក្រុង​ព័រ​ម៉ូ​រេស​ប៊ី របស់​ប៉ា​ពួ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ នៅ​ថ្ងៃ​សុក្រ​នេះ​។​

​លោក​ព្រី​កេ​និយាយថា “​ស្ទើរតែ​១ ភាគ ៣ នៃ​មូលដ្ឋាន​គាំទ្រ​ដែល​នៅ​សេសសល់​របស់​កោះ​តៃវ៉ាន់​គឺ​ស្ថិតនៅក្នុង​តំបន់​កោះ​ប៉ាស៊ីហ្វិក​នេះ​។ ការទូត​នៅលើ​សៀវភៅ​គឺ​នៅរស់​រវើក​ល្អ​នៅក្នុង​ផ្នែក​មួយ​នេះ​នៃ​ពិភពលោក​”​។​

​សម្រាប់​ប្រទេស​តូចៗ វា​បាន​ក្លាយទៅជា​ការខាតបង់​ខ្លាំង​ឡើង​ក្នុង​ការភ្ជាប់​ទំនាក់ទំនង​ជាមួយ​ចិន ដែលជា​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​ទី ២ នៅលើ​ពិភពលោក និង​តាម​ការពិត​ទៅជា​បណ្តុំ​ប្រទេស​ដែល​ចិន​ចង់​កេងចំណេញ​។​

​លោក​ព្រី​កេ​និយាយថា “​ប្រទេស​ចិន​មាន​ភាព​គឃ្លើន​ខ្លាំង​ក្នុងការ​ច្បាម​យក​មូលដ្ឋាន​គាំទ្រ​របស់​តៃវ៉ាន់​”​។​

​បណ្តា​ប្រទេស​អាមេរិក​ឡាទីន​មួយចំនួន​បាន​ងាក​មក​គាំទ្រ​ចិន​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​

​មេដឹកនាំ​អែល​សាល់​វ៉ា​ឌ័​រ ថ្មីៗ​នេះ​បានទទួល​ការស្វាគមន៍​ដូច​វីរបុរស​នៅក្នុង​ទីក្រុង​ប៉េកាំង ដោយមាន​ទាំង​កម្រាលព្រំ​ក្រហម​និង​ក្រុម​យោធា​ធ្វើ​គំនាប់ បន្ទាប់ពី​ប្រទេស​របស់លោក​បានសម្រេច​ចិត្ត​ងាក​មក​ទទួលស្គាល់​ចិន​។​

​មូលដ្ឋាន​គាំទ្រ​ថយចុះ​របស់​តៃវ៉ាន់​មានន័យថា​តៃវ៉ាន់​មាន​ឥទ្ធិពល​តិចតួច​ក្នុងការ​ចូលរួម​ក្នុង​អង្គការ​ពហុភាគី​និង​មានការ​គាំទ្រ​តិចតួច​នៅក្នុង​អង្គ​ការដែល​ខ្លួន​បាន​ចូលរួម​រួចទៅហើយ នៅពេលដែល​ប៉េកាំង​សម្រេចចិត្ត​ដណ្តើមយក​មូលដ្ឋាន​គាំទ្រ​របស់​តៃវ៉ាន់​។​

​មានតែ​ប្រទេស​ចំនួន ១៧ ប៉ុណ្ណោះ នៅតែ​ស្ថិតក្នុង​រង្វង់​ការទូត​របស់​កោះ​តៃវ៉ាន់ ខណៈដែល​កោះ​ប្រជាធិបតេយ្យ​ស្វ័យគ្រប់គ្រង​នេះ​កំពុង​ព្យាយាម​ទប់ស្កាត់​ឥទ្ធិពល​របស់​ប៉េកាំង​នៅ​ទូទាំង​ពិភពលោក​។​

​កោះ​គី​រី​បាទី កោះ​ម៉ា​សាល់ កោះ​នូ​រូ កោះ​ប៉ា​ពួ កោះ​សូ​ឡូ​ម៉ុង និង​កោះ​ទូ​វ៉ា​លូ គឺ​ស្ថិត​ក្នុងចំណោម​កោះ​ដែល​ទទួលស្គាល់​កោះ​តៃវ៉ាន់​។​

​ចិន​និង​តៃវ៉ាន់​ត្រូវបាន​គ្រប់គ្រង​ដាច់ដោយឡែក​ពីគ្នា​ចាប់តាំងពី​ការបញ្ចប់​សង្គ្រាមស៊ីវិល​នៅ​ចិនដីគោក​ក្នុង​ឆ្នាំ ១៩៤៩ ប៉ុន្តែ​ប៉េកាំង​មើលឃើញថា​កោះ​នេះ​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន​ដែល​រង់ចាំតែ​ដណ្តើមយក​មកវិញ​ថ្ងៃ​ណាមួយ​ប៉ុណ្ណោះ​៕ ដោយ៖ កញ្ញាដាលីស

លោក​ស៊ី​ជីន​ពីង​កំពុង​ស្ថិតនៅ​ទីក្រុង​ព័រ​ម៉ូ​រេស​ប៊ី របស់​ប៉ា​ពួ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ នៅ​ថ្ងៃ​សុក្រ​នេះ

ទីតាំងផ្សាយពាណិជ្ជកម្ម