ប្រកាស​ផ្ទេរ និង​ចូលកាន់​មុខតំណែង​ប្រធាន​សាលាដំបូង​ខេត្តស្វាយរៀង

729
ចែករម្លែក

ដោយ:វ៉ៃកូ/ខេត្តស្វាយរៀង ៖ ​លោក ព្រហ្ម សិទ្ធ​ត្រា រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម អង្គ វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​នា​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ បាន​អ​ញ្ជើ​​ញ​ជា​អ​ធិ​​ប​តី​នៅក្នុង​ពិធី​ប្រកាស​ផ្ទេរ និង​ចូលកាន់​មុខតំណែង​ប្រធាន​សាលាដំបូង​ខេត្តស្វាយរៀង​ដែល​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​ធំ អគារ ឃ សាលាខេត្ត​ស្វាយរៀង​ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់​​លោក ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង លោក អ៊ុ សារិទ្ធ លោក ប្លង់ ឆ្លាម សមាជិក​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម លោក លោកស្រី​ជា​ប្រតិភូ​ក្រសួងយុត្តិធម៌ និង​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ចៅក្រម​តុលាការ ចៅក្រម​អយ្យការ និង​មន្ត្រីរាជការ​នៃ​សាលាដំបូង​ខេត្ត លោក​ឧត្ដមសេនីយ៍ វរសេនីយ​មេបញ្ជាការ មេបញ្ជាការរង​កងក​ម្លាំ​ង​ទាំងបី ប្រធាន​មន្ទីរ​-​អង្គភាព អភិបាលក្រុង ស្រុក កងកម្លាំង និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ទៀត ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង បាន​សម្ដែង​នូវ​ការកោតសរសើរ និង​ថ្លែង​នូវ​ការ​អរគុណ ចំពោះ​លោក​ប្រធាន​សាលាដំបូង​ខេត្ត​ចាស់​ដែល នាពេល​កន្លង​មកនេះ បាន​សហការ និង​មាន​ទំនាក់ទំនង​យ៉ាង​ល្អប្រសើរ​ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ និង​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ ក្នុងការ​ដឹកនាំ​អនុវត្ត​វិស័យ​ច្បាប់ និង​វិស័យ​តុលាការ ដោយបាន​ចូលរួមចំណែក​យ៉ាងសំខាន់​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ក្នុងការ​កែទម្រង់​ប្រព័ន្ធ​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា ជាពិសេស​បាន​ចូលរួម​ចំណែក​ធ្វើ​ឲ្យ​ខេត្តស្វាយរៀង ធានាបាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​សង្គម​ល្អប្រសើរ និង​សម្រេច​បាន​នូវ​សមិទ្ធផល​ល្អៗ​ជា​បន្តបន្ទាប់ ។ ជាមួយនេះ ឯកឧត្ដម​អភិបាលខេត្ត ក៏បាន​បង្ហាញ​នូវ​ជំនឿ​ជឿជាក់ថា​លោក​ប្រធាន​សាលាដំបូង​ខេត្ត​ថ្មី ដែល​ត្រូវ​ចូលកាន់​តំណែង​នៅថ្ងៃនេះ នឹង​បំពេញ​តួនាទី​ភារកិច្ច​របស់ខ្លួន​បាន​ត្រឹមត្រូវ ស្របតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​ជា​ធរមាន ប្រកបដោយ​ការសហការ សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង និង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​រដ្ឋបាល​ដែនដី​គ្រប់​លំដាប់ថ្នាក់ មន្ទីរ​-​អង្គភាព និង​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ ក្នុងការ​អនុវត្ត​តួនាទី​ភារកិច្ច​របស់ខ្លួន ដោះស្រាយ​រាល់​បញ្ហា​បណ្តឹង​ផ្សេងៗ ឬ​សំណុំ​រឿង​ដែល​នៅ​សេសសល់ មិនទាន់បាន​ដោះស្រាយ ដោយ​ឈរលើ​គោលការណ៍​តម្លាភាព និង​ភាពយុត្តិធម៌​ផ្ដល់ជូន​ប្រជាពលរដ្ឋ​ទូទៅ ជាពិសេស​ប្រជាពលរដ្ឋ​រងគ្រោះ ។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ លោក ព្រហ្ម សិទ្ធ​ត្រា រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ បាន​លើកឡើងថា ក្រសួង​យុត្តិធម៌ មាន​ចក្ខុវិស័យ​រួមមួយ​អំពី​វិស័យ​យុត្ដិធម៌ ដោយ​ឈរលើ​មូលដ្ឋាន នៃ​រដ្ឋធម្មនុញ្ញ ដែល​ការពារ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យសេរី នៅក្នុង​ប្រទេសមួយ​ដែលមាន​អធិបតេយ្យ ដើម្បី​ធានាឱ្យមាន​ក្របខ័ណ្ឌ​ច្បាប់ និង​យុត្ដិធម៌​មួយ ដែល​អាច​ជឿ​ទុក​ចិ​ត្ដ​បាន មាន​ស្ថេរភាព និង​ប្រតិ​ប​ត្ដិ​តាម​នីតិរដ្ឋ​។ ដូច្នេះ​ស្ថាប័ន​ទាំងឡាយ នៃ​វិស័យ​យុត្ដិធម៌ ត្រូវ​ធ្វើឱ្យ​ទំនើប និង​មាន​ប្រសិទ្ធភាព មាន​មន្ដ្រី​បម្រើការ​មាន​លក្ខណៈ​សម្បត្ដិ​ល្អប្រសើរ និង​មាន​ធនធាន​គ្រប់គ្រាន់ ព្រមទាំង​ដំណើរការ​ត្រឹមត្រូវ​តាម​ការកំណត់​នៃ​ច្បាប់ ក្នុងការ​ដោះស្រាយ​វិវាទ​គ្រប់​ប្រភេទ​ទាំងអស់ ដែល​កើតឡើង​រវាង​បុគ្គល និង​បុគ្គល ឬ​បុគ្គល និង​រដ្ឋ​ជាដើម​។​

​លោក​រដ្ឋលេខាធិការ ក៏បាន​ណែនាំ និង​ផ្តាំផ្ញើ​ដល់​ប្រធាន​សាលាដំបូង​ខេត្ត​ថ្មី ក៏ដូចជា​មន្ត្រី​ចំណុះ សាលា​ដំបូង​​ខេត្ត​ទាំងអស់ ត្រូវ​បង្កើន​ការ​សាមគ្គីភាព​ផ្ទៃក្នុង ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង ដើម្បី​សម្រេច​កិច្ចការងារ​ស្វែងរក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ ក៏ដូចជា​ជនរងគ្រោះ ទូទៅ​ជាពិសេស​ត្រូវមាន​កិច្ចសហការ​ល្អជា​មួយផ្នែក​ពាក់ព័ន្ធ ទាំង​កងកម្លាំងប្រដាប់អាវុធ​ទាំង​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ។​

​សូមបញ្ជាក់ថា យោងតាម​ព្រះរាជក្រឹត្យ​លេខ ន ស​/​រ ក ត​/១០១៨/១១៤០ ចុះ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៨ លោក ឌិន សុ​ី​វុទ្ធី ប្រធាន​សាលាដំបូង​ខេត្តក្រចេះ ត្រូវបាន​ផ្ទេរ​មុខតំណែង​ឲ្យ​មក​បម្រើ​ការងារ​ជា​ប្រធាន​សាលាដំបូង​ខេត្តស្វាយរៀង ជំនួស​លោក ប៉ិ​ច ឈឿត ប្រធាន​សាលាដំបូង​ខេត្តស្វាយរៀង ត្រូវបាន​ផ្ទេរ​មុខតំណែង​ឲ្យ​ទៅ​បម្រើ​ការងារ​ជា​ប្រធាន​សាលាដំបូង​ខេត្ត​ប៉ៃលិន ៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម